ឯកឧត្តម​ អ៊ុន​ ចាន់ដា អញ្ជើញ​បិទសន្និបាតបូកសរុបការងាររបស់មន្ទីរអប់រំ​ យុវជន​ និងកីឡា ខេត្តព្រះវិហារ

AKP ព្រះវិហារ ថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០១៩ ​-ឯកឧត្តម​ អ៊ុន​ ចាន់ដា​ អភិបាលខេត្តព្រះវិហារ ​បានអញ្ជើញជាអធិបតី​ក្នុងពិធីបិទសន្និ បាតបូកសរុបការងាររបស់មន្ទីរអប់រំ​ យុវជន​ និងកីឡា​ ឆ្នាំសិក្សា២០១៧-២០១៨​ និងលើកទិសដៅបន្តឆ្នាំសិក្សា២០១៨-២០១៩ នៅមន្ទីរអប់រំ​ យុវជន​ និងកីឡា ខេត្តព្រះវិហារ នារសៀលថ្ងៃព្រហស្បតិ៍​ ១១រោច​ ខែបុស្ស​ ឆ្នាំច​ សំរឹទ្ធិស័ក​ ព.ស២៥៦២​ ត្រូវនឹងថ្ងៃទី៣១​ ខែមករា​ ឆ្នាំ២០១៩ ដោយមានការអញ្ជើញចូលរួមពីអស់លោក លោកស្រី ប្រធាន អនុប្រធានមន្ទីរ ស្ថាប័ន អង្គភាព ជុំវិញខេត្តជាច្រើនរូបផងដែរ ។

ឯកឧត្តម​ អ៊ុន​ ចាន់ដា មានប្រសាសន៍ផ្តាំផ្ញើរដល់មន្ត្រីមន្ទីរអប់រំ​ យុវជន​ និងកីឡា ព្រមទាំងលោកគ្រូ អ្នកគ្រូត្រូវបន្តយកចិត្តទុកដាក់ខ្ពស់លើការងារសិក្សាសំខាន់ៗដូចជា ការកសាងបរិស្ថានសាលារៀនស្អាត ផ្គត់ផ្គង់ទឹកស្អាត រៀបចំបង្គន់អនាម័យសមរម្យ សួនធម្មជាតិក្នុងសាលារៀន ស័ក្តិសមជាទីកន្លែងអប់រំ បណ្តុះគំនិតឱ្យស្អាតស្អំ គ្មានការញាំញីផ្លូវចិត្ត និងផ្លូវកាយជាដើម ។ អនុវត្តន៍ឱ្យសកម្មលើការងារកាយឫទ្ធិ និងយុវជន ដោយត្រូវបង្កើនការយកចិត្តទុកដាក់ចំពោះកុមារ និងយុវជន ឱ្យមានស្មារតីទទួលខុសត្រូវ ជឿជាក់លើសមត្ថភាពរបស់ខ្លួន និងប្រកាន់ខ្ជាប់នូវទង្វើវិជ្ជមានក្នុងសង្គម បំផុសសកម្មនូវកម្មវិធី “កូនល្អ សិស្សល្អ មិត្តល្អ ពលរដ្ឋល្អ” និងកម្មវិធីយុវជនស្ម័គ្រចិត្ត ចុះជួយដល់មូលដ្ឋាននៅតាមសហគមន៍នានា បន្តពង្រឹងជំនាញបច្ចេកទេស និងជំនាញទន់ សម្រាប់យុវជន សំដៅឆ្លើយតបបានទៅនឹងឱកាសការងារ និងភាពរឹងមាំ នៃកោសិកាសង្គម។ បង្កើនការយកចិត្តទុក​ដាក់ពង្រឹងប្រសិទ្ធភាពការងារកីឡាគ្រប់ប្រភេទ ផ្សាភ្ជាប់ការអប់រំទៅនឹងវប្បធម៌ ទំនៀមទម្លាប់ ប្រពៃណី វប្បធម៌សន្តិភាព ការគោរពសិទ្ធិ និងសេចក្តីថ្លៃថ្នូររបស់មនុស្ស ផ្សាភ្ជាប់នឹងការប្រយុទ្ធប្រឆាំងអំពើហិង្សា ការទប់ស្កាត់ការរីករាលដាលនៃមេរោគអេដស៍ ជំងឺអេដស៍ ការលុបបំបាត់ការប្រើប្រាស់គ្រឿងញៀន ការជួញដូរស្ត្រី និងកុមារ ការលុបបំបាត់រាល់ទម្រង់ នៃការរើសអើងគ្រប់ប្រភេទក្នុងសង្គម ។

ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តមអភិបាលខេត្ត ក៏បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ អង្គការដៃគូអភិវឌ្ឍន៍ សម្រាប់គាំទ្រដល់វិស័យអប់រំនៅខេត្តព្រះវិហារ​  ចំណាយទាំងផ្នែកបច្ចេកទេស ថវិកា និងកិច្ចសហប្រតិបត្ដិការនានា ដើម្បីឆ្លើយតបនូវតម្រូវការនៃការរីកចម្រើន ៕

ដោយ ទិត ស្រ៊