ព្រះពុទ្ធសាសនាជាចលករដ៏សំខាន់ក្នុងការ ជំរុញឱ្យមានការអភិវឌ្ឍសង្គមជាតិ​ប្រកប​ដោយនិរន្តរភាព

AKP បន្ទាយមានជ័យ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — អនុរដ្ឋលេខាធិការក្រសួងធម្មការ និងសាសនា ឯកឧត្តម សា រ៉ាយឆុន មាន ប្រសាសន៍ថា ព្រះពុទ្ធសាសនាជាចលករដ៏សំខាន់ណាស់ក្នុងការជំរុញឱ្យមានការអភិវឌ្ឍ សង្គមជាតិមួយ​ប្រកបដោយនិរន្តរភាព។ ក្នុងឱកាសអញ្ជើញបិទពិធីផ្សព្វផ្សាយអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃខេត្ត​បន្ទាយ​មានជ័យលើកទី២៧ កាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១១រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩នេះ ឯកឧត្តម សា រ៉ាយឆុន អនុរដ្ឋលេខាធិការក្រសួងធម្មការ​និងសាសនាបានលើកឡើងទៀតថា ប្រវត្តិសាស្ត្រនិងបទពិសោធន៍បានបង្ហាញឱ្យឃើញថាវត្តអារាមនិងព្រះសង្ឃមានតួនាទីរួមចំណែកក្នុងការកសាងសង្គមជាតិមួយប្រកបដោយសីលធម៌និងចរិយាធម៌។

ឯកឧត្តម សា រ៉ាយឆុន បានបញ្ជាក់ទៀតថា ចំពោះសង្គមជាតិយើងព្រះពុទ្ធសាសនា មានតួនាទីយ៉ាងសំខាន់ក្នុងការអភិវឌ្ឍ។ ជាក់ស្តែងមានព្រះថេរានុត្ថេរៈនិងពុទ្ធសាសនិក ជាច្រើន​បាន និងកំពុងដឹកនាំឧបាសកឧបាសិកានិងប្រជាពលរដ្ឋនៅតាមមូលដ្ឋានធ្វើការ​​កសាងនូវ​ហេដ្ឋារចនាសម្ព័ន្ធផ្សេងៗទៀតដូចជាព្រះវិហារ ទំនប់ទឹក ទ្វារទឹក ប្រឡាយទឹក អណ្តូងទឹក​ស្រះទឹក ស្ពាន ផ្លូវលំក្នុងភូមិ និងសាលារៀនជាដើម។

ឯកឧត្តមបន្តទៀតថា សកម្មភាពទាំងអស់នេះគឺជាការរួមចំណែកជាមួយរាជរដ្ឋាភិបាល​ក្នុងការអភិវឌ្ឍនិងកាត់បន្ថយភាពក្រីក្រនៅតាមមូលដ្ឋានហើយទទួលបានការគោរពស្រឡាញ់​ពីប្រជាពលរដ្ឋនិងម៉្យាងទៀតប្រការនេះគឺជាការចង់បានរបស់ប្រមុខរាជរដ្ឋាភិបាលដែលមាន​បំណងផ្សារភ្ជាប់វិស័យអាណាចក្រជាមួយនឹងពុទ្ធចក្រនោះ។

ឯកឧត្តមបន្ថែមទៀតថា​ លទ្ធផលនៃមហាសន្និបាតនេះបានឆ្លុះបញ្ចាំងឱ្យបាន ឃើញការ​រួបរួមជាធ្លុងមួយរបស់ពុទ្ធសាសនិកក្នុងកិច្ចសហការគ្នាសំដៅទ្រទ្រង់ និងលើកស្ទួយព្រះពុទ្ធ​សាសនាឱ្យកាន់តែរីកចម្រើនទូលំទូលាយឡើង ដើម្បីបុព្វហេតុសុខ សន្តិភាពស្ថិរភាពសុខ​ដុម​រមនានៅក្នុងសង្គមនិងការអភិវឌ្ឍសង្គមសេដ្ឋកិច្ច ប្រកបដោយចីរភាព។

ជាមួយនេះដែរឯកឧត្តមបានធ្វើការក្រើនរម្លឹកដល់គណៈសង្ឃគ្រប់លំដាប់ថ្នាក់ត្រូវ​អនុវត្តន៍ឱ្យបានខ្ជាប់ខ្ជួនតាមបទបញ្ញត្តិក្នុងរដ្ឋធម្មនុញ្ញព្រះរាជាណាចក្រកម្ពុជា។ត្រូវសហការគ្នាឱ្យកាន់តែល្អប្រសើរឡើងដើម្បីពង្រឹងនូវការឯកភាពសាមគ្គីក្នុងស្ថាប័នព្រះពុទ្ធសាសនាជាគំរូល្អដល់ពុទ្ធបរិស័ទនិងចូលរួមចំណែកជួយអប់រំសីលធម៌ដល់សង្គម។ មន្ទីរធម្មការ និងសាសនាខេត្តនិងគណៈសង្ឃគ្រប់លំដាប់ថ្នាក់ត្រូវយកចិត្តទុកដាក់ពង្រឹងគុណភាពសាលាពុទ្ធិកគ្រប់កម្រិត។ ពង្រីកការផ្សព្វផ្សាយព្រះធម៌តាមរយៈកម្មវិធីនាទី ព្រះពុទ្ធសាសនាផ្សាភ្ជាប់នឹងសង្គមដើម្បីជួយសតិអារម្មណ៍ពុទ្ធបរិស័ទឱ្យប្រព្រឹត្តអំពើល្អប្រកាន់សច្ចធម៌ក្នុង​សង្គមជៀសវាងអំពើបាបគ្រប់ប្រភេទ។ ពុទ្ធបរិស័ទទាំងអស់ត្រូវបន្តរួម សាមគ្គីគ្នាកសាងសង្គមនិងអភិវឌ្ឍន៍វិស័យព្រះពុទ្ធសាសនាឱ្យបានថ្កុំថ្កើនរុងរឿង។

ឯកឧត្តមអនុរដ្ឋលេខាធិការក្រសួងធម្មការនិងសាសនាក៏បានធ្វើការអំពាវនាវចំពោះ​ពុទ្ធសាសនិក​ ជនរួមជាតិគ្រប់ជំនឿសាសនាទាំងអស់សូមប្រកាន់ឱ្យខ្ជាប់ខ្ជួននូវធម៌ មេត្តា ករុណា សន្តោស​ខន្តីយោគយល់គ្នាជាភាតរភាពគ្រប់កាលៈទេសៈ៕

ដោយ ឈុន សារ៉ាត