ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀងទទួលបានការឧបត្ថម្ភពេញ១ឆ្នាំពីផលិតផល StarBalm

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ដើម្បីរួមចំណែកអភិវឌ្ឍន៍ និងលើកកម្ពស់ដល់វិស័យកីឡា បាល់ទាត់នៅកម្ពុជា ក្រុមហ៊ុន ផលិតផល StarBalm អ្នកជំនាញព្យាបាលសន្លាក់ និងសាច់ដុំបានចូលខ្លួនមក ជួយឧបត្ថម្ភ​ផលិតផលប្រើប្រាស់ ពេញមួយឆ្នាំដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង។

ក្រុមហ៊ុនដូនពេញម៉េតហ្វាម ដែលនាំចូលផលិតផល StarBalm មកកាន់ទីផ្សារកម្ពុជា បានឧបត្ថម្ភនូវផលិតផល Starbalm ដែលជាផលិតព្យាបាល ថ្លោះគ្រិច រមូលសាច់ដុំ និង សន្លាក់ជូនដល់ក្លិបបាល់ទាត់ព្រះខ័នរាជស្វាយរៀង ដែលជាសមាជិកលីគកំពូលកម្ពុជា សម្រាប់ប្រើសប្រាស់ពេញមួយឆ្នាំ ក្នុងពេលហ្វឹកហាត់ និង អំឡុងពេលប្រកួតជាដើម។

លោក ពៅ ហុក ប្រធានទីផ្សារផលិត Starbalm បានបញ្ជាក់ថា ក្លិបបាល់ទាត់ ព្រះខ័នរាជស្វាយរៀង គឺជាក្រុមបាល់ទាត់ដំបូងគេហើយ ដែលទទួលការឧបត្ថម្ភពីផលិតផល StarBalm ពេញមួយឆ្នាំ ហើយក្រុមហ៊ុនគ្រោងនឹងបន្តជួយដល់ក្លិបបាល់ទាត់ផ្សេងៗទៀត និង​គ្រោងសហការជាមួយគណៈកម្មការបាល់ទាត់ជាតិកម្ពុជា (CNCC)។ ប្រធានទីផ្សាររូបនេះ បានអះអាងទៀតថា គោលបំណងដែល Starbalm មកឧបត្ថម្ភ ដល់ក្លិបបាល់ទាត់នេះ ព្រោះ​ក្រុមហ៊ុនចង់ផ្សព្វផ្សាយពីអត្ថប្រយោជន៍នៃផលិតផលនេះជូនដល់មហាជន និងអ្នកកីឡា​ផ្សេងៗ។

លោក Conor Nestor គ្រូបង្គោលក្លិបព្រះខ័នរាជស្វាយរៀងបានបញ្ជាក់ថា លោកពិត​ជាមោទនភាពខ្លាំងណាស់ ដែលផលិតផលមកពីប្រទេសហូឡង់ StarBalm កំពុងល្បីល្បាញ​នៅលើពិភពលោកបានមកឧបត្ថម្ភ ដល់ក្លិបរបស់លោក ហើយយើងក៏អរគុណដល់ StarBalm ដែលបានឧបត្ថម្ភលិតផលវេជ្ជសាស្រ្តនេះ ព្រោះការឧត្ថម្ភនូវផលិតប្រើប្រាស់ទាំងនេះ​វានឹង​ជួយ​កាត់បន្ថយការចំណាយរបស់ក្លឹបផងដែរ៕

ដោយ ហេង ណាលីន