FFC ចាត់ទុកថាការប្រកួតមិត្តភាពអន្តរជាតិ K-Cement All Star និងSCG Muangthong ជាចំណែកក្នុងការអភិវឌ្ឍឈានទៅស៊ីហ្គេម ឆ្នាំ២០២៣

AKP ភ្នំពេញ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ — ថ្លែងក្នុងនាមឯកឧត្តម សៅ សុខា ប្រធានសហព័ន្ធកីឡាបាល់ទាត់កម្ពុជាFFC, លោក ម៉ៃ តុលា អគ្គលេខាធិការរងសហព័ន្ធបាល់ទាត់កម្ពុជាបានបញ្ជាក់នៅក្នុងសន្និសីទសារព័ត៌មាន កាលពីព្រឹកថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ នៅសណ្ឋាគារ Sofitel ថា ការរៀប​ចំការប្រកួត​បាល់ទាត់អន្តរជាតិ នៅពហុកីឡដ្ឋានជាតិអូឡាំពិក នាល្ងាចថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ ២០១៩ រវាងក្រុមចម្រុះកម្ពុជា K-Cement All Star និងក្រុម SCG Muangthong United មកពី​ប្រទេសថៃ គឺជាចំណែកមួយក្នុងការអភិវឌ្ឍវិស័យកីឡាបាល់ទាត់កម្ពុជា នៅក្នុងកម្មវិធី​អភិវឌ្ឍន៍ជាច្រើនទៀត ឈានទៅរកការទទួលធ្វើម្ចាស់ផ្ទះ ស៊ីហ្គេម នាឆ្នាំ២០២៣ ខាងមុខ។អគ្គលេខាធិការរងរូបនេះចាត់ទុកថា ព្រឹត្តិការណ៍មិត្តភាពអន្តរជាតិមួយនេះ​គឺជាការ​ប្រកួត​ដ៏​សំខាន់ និងអស្ចារ្យ ដែលក្លិប SCG Muangthong United គឺជាក្រុមខ្លាំងនៅក្នុង ក្របខ័ណ្ឌលីគកំពូលប្រទេសថៃដែលកីឡាករកម្ពុជានឹងទទួលបាននូវបទពិសោធន៍ថ្មីៗ បន្ថែម ទៀត ក៏ដូចជាជួយបន្ថែមលើកកម្ពស់គុណភាពបច្ចេក ទេសដល់កីឡាករកម្ពុជាឱ្យ​កាន់តែ​រីកចម្រើនបន្ថែមទៀត។ លោកបានបន្ដថា នេះក៏ជាការត្រៀមលក្ខណៈបើករដូវកាល ថ្មីរបស់​លីគកំពូលកម្ពុជាផងដែរ ដែលតាមរយៈការប្រកួតនេះលោកជឿជាក់ថា អ្នកគាំទ្រនឹងទិញ សំបុត្រចូលរួមទស្សនាបានច្រើនកុះករ ដើម្បីទាញយកថវិកាយកទៅប្រើប្រាស់ដល់ការ អភិវឌ្ឍរបស់ខ្លួនទៀតផង។

លោក ភា សុភ័ក្រ្តា គ្រូបង្គលក្រុមបាល់ទាត់ K-Cement All Star បញ្ជាក់ដែរថា សម្រាប់ លោកពិតជារីករាយ និងរំភើបយ៉ាងខ្លាំងដែលលោកទទួលបានសេចក្តីទុកចិត្តពីសហព័ន្ធកីឡា បាល់ទាត់កម្ពុជាមកដឹកនាំក្រុមចម្រុះកម្ពុជា នាពេលខាងមុខឆាប់ៗនេះ។ លោកចាត់ទុកថា ការដឹកនាំក្រុមនេះគឺជាការងារដ៏សំនាន់មួយ ក្នុងជីវិតអាជីពបាល់ទាត់របស់លោកដោយ លោកបានប្តេជ្ញាចិត្តយ៉ាងមុតមាំថា លោកនឹងប្រឹងប្រែងឱ្យអស់ពីលទ្ធភាពដើម្បីដណ្តើមបាន នូវលទ្ធផលដ៏ល្អមួយយកមកជូនជាតិ ក៏ដូចជាអ្នកគាំទ្របាល់ទាត់ទាំងអស់ផងដែរ។

លោក ស៊ុមវ៉ាង ម៉ាន់ពីមុនឆាំ (Somwang Manpimonchai)  នាយកក្រុមហ៊ុន SCG ប្រចាំ ប្រទេសកម្ពុជា បានថ្លែងថា ក្រុមហ៊ុនមានការប្តេជ្ញាចិត្តខ្ពស់ ក្នុងការបង្កើនគុណភាពជីវិតរបស់ ប្រជាជនកម្ពុជា និងផ្តល់ផលប្រយោជន៍នានាដល់សង្គមជាតិកម្ពុជា ដោយលោកដឹងច្បាស់ថា កីឡាបាល់ទាត់គឺជាកីឡាពេញនិយមបំផុត ដូច្នេះហើយទើប SCG គាំទ្រដល់ការអភិវឌ្ឍ កីឡាបាល់ទាត់កម្ពុជា តាមរយៈការនាំក្រុមបាល់ទាត់ SCG Muangthong United មក ប្រកួតមិត្តភាពជាមួយក្រុម K-Cement All Star ចាប់តាំងពីឆ្នាំ២០១៦ មកដល់ឆ្នាំ ២០១៩នេះ៕

ដោយ ហេង ណាលីន