រដ្ឋបាលខេត្តព្រះសីហនុ ដាក់ចេញវិធានការចំនួន ៣ចំណុច ដើម្បីអនុវត្តន៍ឱ្យមានប្រសិទ្ធភាព

AKP ព្រះសីហនុ ថ្ងៃទី៣១ ខែមករា ឆ្នាំ២០១៩ -គោលការណ៍ចំនួន ៣ចំណុច ក្នុងការអនុវត្តការងារឱ្យមានប្រសិទ្ធភាពក្នុងខេត្តព្រះសីហនុ ទី១-ការពង្រឹងអនុវត្តច្បាប់,  ទី២-ការដោះស្រាយវិវាទដីធ្លី, និងទី៣-ការងារបរិស្ថាន សណ្តាប់ធ្នាប់សាធារណ: និងសុវត្ថិភាពភ្ញៀវទេសចរ និងប្រជាពលរដ្ឋ ។ ទាំងនេះជាការលើកឡើងរបស់ឯកឧត្តម យន្ត មីន អភិបាល នៃគណៈអភិបាលខេត្តព្រះសីហនុ ក្នុងកិច្ចប្រជុំប្រចាំខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃពុធ ១០រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំម២០១៩  ដោយមានការអញ្ជើញចូលរួមពីអភិបាល អភិបាលរងក្រុង ស្រុក ប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត ។

ឯកឧត្តម យន្ត មីន មានប្រសាសន៍កោតសរសើរលទ្ធផលការងារប្រចាំខែមករា មានលក្ខណៈល្អប្រសើរ ពិសេសការងារសន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈនៅក្នុងក្រុងព្រះសីហនុ រដ្ឋបាលខេត្តបានដាក់ចេញនូវវិធានការ ៣ចំណុចខាងលើ ។ ក្នុងខែមករា យើងបានអនុវត្តន៍នូវវិធានការក្តៅ ទៅលើការដ្ឋានមិនគោរពច្បាប់មានដូចជា ការឃាត់ ចាប់ រឹបអូសសម្ភារបរិក្ខារសំណង់ ដែលម្ចាស់ការដ្ឋានមិនព្រមចូលរួមសហការតាមការណែនាំ ជូនដំណឹងរបស់រដ្ឋបាល ខេត្ត ក្រុង រាល់ការដ្ឋានសំណង់ ត្រូវតែហ៊ុមព័ទ្ធរបង និងហាមដាក់សម្ភារសំណង់លើផ្លូវសាធា រណ:ជាដើម ដើម្បីការពារអនាម័យ បរិស្ថាន និងសោភណភាព ។ រដ្ឋបាលខេត្តបានយកចិត្តទុកដាក់ចំពោះអ្នកវិនិយោគ ដោយអនុវត្តន៍នូវគោលនយោបាយទន់ភ្លន់ ផ្សព្វផ្សាយ អប់រំ ណែនាំ ក៏ប៉ុន្តែការអប់រំវាមានកម្រិត ទើបយើងអនុវត្តន៍វិធានការក្តៅ ធ្វើឱ្យម្ចាស់ការដ្ឋានសំណង់ចូលរួមសហការ រក្សាសោភណភាព បរិស្ថានមានលក្ខណៈល្អប្រសើរ ដោយមានការចូលរួមពីមន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធ សិស្សានុសិស្ស និងប្រជាពលរដ្ឋក្នុងមូលដ្ឋាន ។

ឯកឧត្តមអភិបាលខេត្តបន្តថា ផែនការចំពោះមុខ គឺអនុវត្តន៍ផែនការគោលចំនួន៣ ខាងលើជាប់ជាប្រចាំ ដើម្បីកាត់បន្ថយនូវភាពអសកម្មជាច្រើននៅក្នុងក្រុងព្រះសីហនុ ។  បច្ចុប្បន្នរដ្ឋបាលខេត្តប្រើប្រាស់កម្លាំង ៣ប្រភេទ ក្នុងការការពារសន្តិសុខ សុវត្ថិភាព ក្នុងនោះ មានកម្លាំងនគរបាលស្នងការដ្ឋានខេត្ត កម្លាំងនគរបាលព្រំដែនទឹក និងកម្លាំងកងរាជអាវុធហត្ថ ក្នុងការចេញល្បាតប្រចាំការនៅតាមចំណុចគោលដៅសំខាន់ៗក្នុងក្រុង ធ្វើឱ្យបទល្មើសមានការថយចុះ ។

ឯកឧត្តម យន្ត មីន បានបញ្ជាក់ថា ក្នុងឆ្នាំ២០១៨កន្លងមកនេះ ខេត្តព្រះសីហនុ មានការអភិវឌ្ឍយ៉ាងគំហុក មានសំណង់អគារពាណិជ្ជកម្ម ខុនដូ សណ្ឋាគារយ៉ាងច្រើន ។ ដូច្នេះមន្ទីររៀបចំដែនដីត្រូវពង្រឹងសមត្ថភាពមន្ត្រីក្នុងការបំពេញការងារ ពិសេសត្រូវពន្លឿនការចុះបញ្ជីដីធ្លី ឬប័ណ្ណកម្មសិទ្ធិលក្ខណៈប្រព័ន្ធជូនប្រជាពលរដ្ឋ ក្នុងគោលបំណងកាត់បន្ថយទំនាស់ដីធ្លី  ។

ឯកឧត្តម ក៏បានធ្វើការណែនាំឱ្យមន្ត្រីមន្ទីររៀបចំដែនដី បង្កើនសកម្មភាពការងារបម្រើសេវាកម្មសាធារណៈឱ្យបានទ្វេដង ដើម្បីជួយសម្រួលជូនប្រជាពលរដ្ឋ ក៏ដូចជាអ្នកវិនិយោគមកកាន់ខេត្តព្រះសីហនុ ៕

ដោយ ងូ សុមុនី