កម្ពុជា-ឥណ្ឌូណេស៊ី ប្រកួតកីឡាមិត្តភាព ដើម្បីចូលរួមអបអរខួបទំនាក់ទំនងការទូត៦០ឆ្នាំ

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៨ — ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិកម្ពុជា និងស្ថានទូតឥណ្ឌូណេស៊ីប្រចាំនៅ កម្ពុជាបានសហការរៀបចំការប្រកួតកីឡាបាល់ទាត់មិត្តភាព ដើម្បីអបអរសាទរដល់ខួបលើក ទី៦០ឆ្នាំនៃទំនាក់ទំនងការទូតនៃប្រទេសទាំងពីរកម្ពុជា-ឥណ្ឌូណេស៊ី មុនពេលដែលពិធី ខួប៦០ឆ្នាំនៃប្រទេសទាំងពីរគ្រោងនឹងធ្វើឡើងនាពេលខាងមុខឆាប់ៗនេះ នៅសាលចតុម្មុខ រាជធានីភ្នំពេញ ក្រោមព្រះរាជាធិបតីភាពដ៏ខ្ពស់ខ្ពស់ ព្រះករុណា ព្រះបាទសម្ដេចព្រះ​បរមនាថ នរោត្តម សីហមុនី ព្រះមហាក្សត្រនៃព្រះរាជាណាចក្រកម្ពុជា។

លោកជំទាវ ទួត បញ្ញា អនុរដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរ ជាតិបានមានប្រសាសន៍ថា ការរៀបចំប្រកួតបាល់ទាត់នេះគឺដើម្បីអបអរការប្រារព្ធខួប៦០ ឆ្នាំ នៃទំនាក់ទំនងការទូតរវាង កម្ពុជា និងឥណ្ឌូណេស៊ី ព្រោះយល់ថា កីឡាជាផ្នែកមួយនៃ ចំណងមិត្តភាព សាមគ្គីភាព។ លោកជំទាវបានបញ្ជាក់ថា “ឆ្នាំ២០១៩ ជាខួបទី៦០នៃទំនាក់ ទំនងការទូតរវាងប្រទេសទាំងពីរ យើងមានសកម្មភាពច្រើន ហើយការប្រកួតបាល់ទាត់នេះ គឺជាសកម្មភាពទី១នៃកម្មវិធីខួប៦០ឆ្នាំ។ ទន្ទឹមនេះ កីឡានាំមកឱ្យប្រជាជនយើងទាំងពីរខិត ចូលគ្នាកាន់តែជិត ដូច្នេះហើយបានជាយើងជ្រើសរើសយកបាល់ទាត់ ក្នុងចំណោមកម្មវិធីខួប ៦០។”

ឯកឧត្តម Sudirman Haseng ឯកអគ្គរដ្ឋទូតសាធារណរដ្ឋឥណ្ឌូណេស៊ីប្រចាំនៅកម្ពុជា បានឱ្យដឹងដែរថា ទោះបីមិនទាន់មានកិច្ចសហប្រតិបត្តិការណាមួយជាក់ស្ដែងនៅលើវិស័យ កីឡាក្ដី ប៉ុន្តែកន្លងមកប្រទេសទាំងពីរ ក៏បានជួបប្រកួតគ្នាលក្ខណៈតំបន់ និងអន្តរជាតិ ផងដែរ។ ជាមួយគ្នានេះដែរ ឯកឧត្តមឯកអគ្គរដ្ឋទូតបានបង្ហាញក្ដីរំពឹងថា នៅពេលអនាគត ប្រទេសទាំងពីរនឹងមានកិច្ចសហប្រតិបត្តិការជាច្រើនទៀតតាមរយៈវិស័យកីឡានេះ។

សូមបញ្ជាក់ថា ការប្រកួតមិត្តភាពរិតចំណងសាមគ្គីភាពនេះត្រូវបានប្រារព្ធធ្វើឡើង នៅទីលាន Central Park សង្កាត់បឹងកក់ រាជធានីភ្នំពេញ៕

ដោយ ហេង ណាលីន