កីឡាកងយោធពលខេមរភូមិន្ទបង្ហាញសមិទ្ធផលឆ្នាំចាស់ និងដាក់ទិសដៅឆ្នាំ២០១៩

AKP ភ្នំពេញថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — ក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទ នៃក្រសួងការពារជាតិបានបង្ហាញនូវសមិទ្ធផលឆ្នាំ ២០១៨ និងទិសដៅផែនការអនុវត្តសម្រាប់ឆ្នាំ២០១៩ ដោយបានប្រារព្ធធ្វើឡើង កាលពីថ្ងៃទី​២៩ ខែមករា ឆ្នាំ២០១៩ នៅមជ្ឈមណ្ឌលកងយោធពលខេមរភូមិន្ទ (ស្តាតចាស់)។

ឯកឧត្តម នាយឧត្តមសេនីយ៍ ឃឹម ប៊ុនសុង រដ្ឋលេខាធិការ ក្រសួងការពារជាតិ និង​ជាប្រធានក្រុមប្រឹក្សាកីឡាកងយោធពលខេមរភូមិន្ទបានមានប្រសាសន៍ថា វិស័យកីឡាកង យោធពលខេមរភូមិន្ទកំពុងអភិវឌ្ឍន៍ខ្លួនយ៉ាងខ្លាំងទាំងបរិមាណ និងគុណភាព ដោយបាន ចូលរួមប្រកួតទាំងថ្នាក់ជាតិ និងអន្តរជាតិជាមួយនឹងការទទួលបាន នូវលទ្ធផលល្អប្រសើរជា បន្តបន្ទាប់។ ជាមួយគ្នានេះ ថ្នាក់ដឹកនាំកីឡានៃក្រសួងការពារជាតិកំពុងយកចិត្តទុកដាក់ ធ្វើ កំណែទម្រង់ពង្រឹងគុណភាព សមត្ថភាព ទេពកោសល្យរបស់កីឡាករ កីឡាការិនី ស្របតាម ការអភិវឌ្ឍលើ វិស័យអប់រំកាយ និងកីឡា។ ឯកឧត្តមបញ្ជាក់ថា វិស័យកីឡានានារបស់កង ទ័ពកំពុងរីកចម្រើនយ៉ាងខ្លាំង ក្នុងនោះប្រភេទកីឡាបាល់ទាត់ក្រសួងការពារជាតិ បានឈ្នះ ជើងឯក ពានរង្វាន់សម្តេចតេជោ ហ៊ុន សែន លើកទី១២ រដូវកាល២០១៨ និងការប្រកួតនានា ឈ្នះមេដាយចំនួន១៣១ ក្នុងនោះមេដាយមាស៦៣គ្រឿង ប្រាក់ ៣៧គ្រឿង និងមេដាយ សំរឹទ្ធិ៣១ ខ្សែក្រវាត់៤ និងពានរង្វាន់ចំនួន១០។

ចំពោះព្រឹត្តិការណ៍អន្តរជាតិ ឈ្នះមេដាយ សរុប៣៦គ្រឿង មានមេដាយមាស៨ ប្រាក់១៦ និងសំរឹទ្ធិ១២ ខ្សែក្រវាត់២ និងពានរង្វាន់៦ ហើយប្រភេទកីឡាដែលលេចធ្លោជាងគេ គឺប្រភេទកីឡាប៉េតង់ ដែលដណ្តើមបាន ដោយ កីឡាការិនី កែ ឡេង អ៊ុក ស្រីមុំ និងកីឡាករ សុខ ចាន់មាន ខណៈប្រភេទកីឡាវ៉ូវីណាមរបស់ ក្រសួងការពារជាតិក៏ឈ្នះមេដាយ១៩គ្រឿង ពីការប្រកួតនៅប្រទេសឥណ្ឌូណេស៊ីផងដែរ។

ឯកឧត្តមរដ្ឋលេខាធិការបានបន្ដទៀតថា ក្រសួងការពារជាតិក៏បានដាក់ចេញនូវទិសដៅ សម្រាប់ការអនុវត្តឆ្នាំ២០១៩ផងដែរ នូវផែនការ៥ចំណុចសំខាន់ៗ ដូចជាការកសាង អនុវត្តន៍ ផែនការការងារគ្រប់គ្រង ការបណ្តុះបណ្តាលធនធានអត្តពលិកមន្ត្រីជំនាញកីឡា មន្ត្រីបច្ចេក ទេសគ្រប់កម្រិត ដើម្បីឈានទៅដណ្តើមភាពជោគជ័យទាំងថ្នាក់ជាតិ និង អន្តជាតិជាបន្ត ទៀត ជាពិសេសគឺការអនុវត្តបន្តនូវគោលដៅផែននៃការទទួលធ្វើម្ចាស់ផ្ទះ កីឡាស៊ីហ្គេម លើកទី ៣២​ នាឆ្នាំ២០២៣ ខាងមុខផងដែរ៕

ដោយ ហេង ណាលីន