ឯកឧត្តមឧបនាយករដ្ឋមន្រ្តីប្រចាំការ ប៊ិន ឈិន ទទួលជួបឯកអគ្គរដ្ឋទូតចិនថ្មីប្រចាំនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៩ — ឯកឧត្តមកិត្តិនីតិកោសលបណ្ឌិត ប៊ិន ឈិន ឧបនាយករដ្ឋមន្រ្តីប្រចាំការ រដ្ឋមន្រ្តីទទួលបន្ទុក​ទីស្តីការគណៈរដ្ឋមន្រ្តី បានអនុញ្ញាតឱ្យឯកឧត្តម វ៉ាង វិនធាន (Wang Wentian) ឯកអគ្គរដ្ឋ​ទូតវិសាមញ្ញា និងពេញសមត្ថភាព នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រ​កម្ពុជា ចូលសម្តែងការគួរសម កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ នៅទីស្ដីការគណៈ​រដ្ឋមន្រ្ដី។

ឯកឧត្តម ឯក ថា អ្នកនាំពាក្យទីស្តីការគណៈរដ្ឋមន្រ្តី បានមានប្រសាសន៍ប្រាប់ក្រុម អ្នកយកព័ត៌មានក្រោយពីជំនួបនោះថា ឯកអគ្គរដ្ឋទូតចិនបានមានប្រសាសន៍ថា កម្ពុជា និងចិន មានទំនាក់ទំនងគ្នាល្អណាស់ តាមបែបប្រពៃណី ក៏ដូចជាការទូត។ ប្រជាជនប្រទេស ទាំងពីរមានទំនុកចិត្តគ្នាល្អ ព្រមទាំងមានកិច្ចសហប្រតិបត្តិការជាក់ស្ដែងលើគ្រប់វិស័យ ថែម ទាំងមានការរីកចម្រើនដ៏ខ្លាំងទៀតផង។

ឯកឧត្តមកិត្តិនីតិកោសល ប៊ិន ឈិន បានមានប្រសាសន៍ថា ប្រទេសទាំងពីរមាន ប្រពៃណីទំនាក់ទំនងជាមួយគ្នាយូរលង់ណាស់មកហើយតាំងពីសម័យអង្គរ ក្រោយមកទៀត ព្រះករុណា ព្រះបាទសម្តេច ព្រះនរោត្តម សីហនុ “ព្រះបរមរតនកោដ្ឋ” បានកសាង​ទំនាក់​ទំនងការទូតដ៏រឹងមាំជាមួយនឹងថ្នាក់ដឹកនាំចិន ហើយរហូតមកដល់ពេលបច្ចុប្បន្ននេះ សម្តេច អគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា បានបន្ត ទំនាក់ទំនងការទូតដ៏ល្អប្រពៃនេះ ដែលប្រទេសទាំងពីរទើបតែបានប្រារព្ធខួបទំនាក់ទំនង ការទូតលើកទី៦០របស់ខ្លួន។ ឯកឧត្តមឧបនាយករដ្ឋមន្រ្ដីប្រចាំការ​បានបញ្ជាក់ថា សាធារណ​រដ្ឋប្រជាមានិតចិន បាននិងកំពុងជួយជាក់ស្ដែងសម្រាប់ការអភិវឌ្ឍនៅកម្ពុជា ផ្នែកហេដ្ឋាន​រចនាសម្ព័ន្ធរឹង ក៏ដូចជាវិស័យផ្សេងៗទៀត ដោយសារតែមានកិច្ចសហប្រតិបត្តិការល្អ របស់ថ្នាក់ដឹកនាំនៃប្រទេសទាំងពីរ។

ជាការឆ្លើយតបឯកអគ្គរដ្ឋទូតចិន បានវាយតម្លៃខ្ពស់ទៅលើទំនាក់ទំនងជាប្រពៃណី និងការទូតដ៏ល្អ របស់ប្រទេសទាំងពីរ បន្សល់ទុកដោយព្រះបរមរតនកោដ្ឋ និងថ្នាក់ដឹកនាំ ចិនមុនៗ ដែលជានិម្មិតរូបដ៏រឹងមាំនៃប្រទេសទាំងពីរហើយសម្តេចតេជោនាយករដ្ឋមន្រ្តី ជាមិត្ត ដែកថែបរបស់ចិន បានបន្តទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អនេះដើម្បីការអភិវឌ្ឍ និងផលប្រយោជន៍របស់ប្រជាជន និងប្រទេសទាំងពីរ។ ឯកឧត្តមឯកអគ្គរដ្ឋទូតបានថ្លែងទៀត​ថា ក្រោមការដឹកនាំរបស់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រទេសកម្ពុជា នឹងមាន ការរីកចម្រើនកាន់តែខ្លាំងនាពេលអនាគត ព្រមទាំងមានការគាំទ្រពីប្រជាជនកម្ពុជា កាន់តែ មានសន្ទុះខ្លាំងបន្ថែមទៀត។ ឯកឧត្ដមឯកអគ្គរដ្ឋទូតក៏បានកោតសរសើរកម្ពុជា ដែលបាន​រៀបចំកិច្ចប្រជុំធំៗទទួលបានជោគជ័យ ដូចជា វេទិកាសភាអាស៊ី-ប៉ាស៊ីហ្វិក លើកទី២៧ និងកិច្ចប្រជុំ នៃការបើកប្រកាសក្រុមប្រឹក្សាវប្បធម៌អាស៊ីជាផ្លូវការ នៅខេត្តសៀមរាប​នាពេលថ្មីៗកន្លងទៅនេះផងដែរ៕

ដោយ គង់ សិរីរ័ត្ន