រដ្ឋសភា ជំរុញឱ្យអាជ្ញាធរខេត្តកំពង់ស្ពឺបន្តផ្សព្វផ្សាយច្បាប់ ដែលរដ្ឋសភាបានអនុម័តដើម្បីអនុវត្តន៍ឱ្យបានគ្រប់គ្នា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — នៅក្នុងដំណើរបំពេញបេសកកម្មនៅខេត្តកំពង់ស្ពឺ របស់គណៈប្រតិភូ គណៈកម្មការសាធារណការ ដឹកជញ្ជូន ទូរគមនា​គមន៍ ប្រៃសណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ នៃរដ្ឋសភា ដឹកនាំដោយលោកជំទាវ និន សាផុន បានជំរុញអាជ្ញាធរខេត្ត និងអង្គភាពពាក់ព័ន្ធ ត្រូវខិតខំបន្តពង្រឹងការ អនុវត្តយុទ្ធសាស្រ្តចតុកោណដំណាក់កាលទី៤ របស់រាជរដ្ឋាភិបាល ឱ្យមានប្រសិទ្ធភាព ដើម្បីវឌ្ឍនភាព និងសមិទ្ធផលថ្មីៗជូនប្រទេ​ស​ជាតិ។ ជាពិសេសច្បាប់ នានា ដែលរដ្ឋសភា បានអនុម័តដល់ពលរដ្ឋបានដឹង និងចូលរួមអនុវត្តទំាងអស់គ្នា។

លោកជំទាវ និន សាផុន បានលើកឡើងពីគោលបំណងបេសកកម្មរបស់ គណៈកម្មការជំនាញរដ្ឋសភា នៅក្នុងខេត្តកំព​ង់ស្ពឺនេះ គឺចង់ដឹងពីវឌ្ឍនភាពការងារលើ វិស័យ ដែលគណៈ​​កម្មការទទួលខុសត្រូវ ដែលមានដូចជា វិស័យសាធារណការ ដឹកជញ្ជូន ទូរគមនាគមន៍ ប្រៃ​សណីយ៍ ឧស្សាហកម្ម រ៉ែ ថាមពល ពាណិជ្ជកម្ម រៀបចំដែនដី នគរូបនីយកម្ម និងសំណង់ជាដើម។ បេសកកម្មនេះជាផ្នែកសំខាន់មួយក្នុងចំណោមភារកិច្ច សំខាន់ៗរបស់តំណាងរាស្រ្ត ដែលមានដូចជា ភាពជាតំណាងប្រជាពលរដ្ឋ ការឃ្លាំមើលការ អនុវត្តច្បាប់របស់រាជរដ្ឋាភិបាល និងការងារនីតិកម្មជាដើមនោះ។

លោកជំទាវ ប្រធានគណៈកម្មការ បានគូសបញ្ជាក់ថា នៅក្នុងបេសកកម្មនាពេលនេះ ក៏ដើម្បីសិក្សាឈ្វេងយល់ពីការអនុវត្តច្បាប់នានារបស់អាជ្ញាធរមូលដ្ឋាន និងទទួលយក សំណូមពរពីអាជ្ញាធរដើម្បីជម្រាបជូនរាជរដ្ឋាភិបាលតាមរយៈ សម្តេចប្រធានរដ្ឋសភាផងដែរ។

លោកជំទាវ និន សាផុន បានមានប្រសាសន៍ថា ប្រទេសជាតិមានការអភិវឌ្ឍ យ៉ាងឆាប់រហ័សលើគ្រប់វិស័យ ទាំងផ្នែកអា​ណា​ចក្រ និងពុទ្ធចក្រ ដែលបានធ្វើឱ្យ កិត្តិសព្ទប្រទេសជាតិត្រូវបានទទួលស្គាល់នៅលើឆាកអន្តរជាតិ ស្មើមុខស្មើ មាត់ជាមួយបណ្តាប្រទេសក្នុងតំបន់និងលើសកលលោក។ លោកជំទាវបានថ្លែងការកោត សរសើរ និងវាយតម្លៃខ្ពស់ ចំពោះកិច្ចខិតខំប្រឹងប្រែង យកចិត្តទុកដាក់បំពេញភារកិច្ច ដោយការទទួលខុសត្រូវខ្ពស់ របស់ថ្នាក់ដឹកនាំខេត្ត ក៏ដូចជាអស់លោក លោកស្រី ដែលជាប្រធានមន្ទីរពាក់ព័ន្ធក្នុងការចូលរួមចំណែកកសាងអភិវឌ្ឍន៍ខេត្ត ស្របតាមគោល នយោបាយរបស់រាជរដ្ឋាភិបាល។

លោកជំទាវប្រធានគណៈកម្មការជំនាញរដ្ឋសភា បា​នសំណូមពរដល់ថ្នាក់ដឹកនាំ មន្រ្តីរាជការអាជ្ញាធរគ្រប់លំដាប់ថ្នាក់ ខិតខំយកចិត្តទុកដាក់បន្តទៀតអំពីការងារផ្សព្វ ផ្សាយច្បា​ប់ផ្សេងៗដល់ប្រជាពលរដ្ឋបានយល់ដឹង និងចូលរួមការអនុវត្ត ច្បាប់ទំាងអស់គ្នា។ ព្រមទាំងត្រូវចូលរួមថែរក្សាសន្តិភាព សណ្តាប់ធ្នាប់សាធារណៈឱ្យបានល្អនៅគ្រប់ កាលៈទេសៈ។

ឯកឧត្តម វ៉ី សំណាង អភិបាលនៃគណៈអភិបាលខេត្តកំព​ង់​ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្តបានលើកឡើងថា ក្រោមនយោបាយឈ្នះឈ្នះ របស់សម្តេចតេជោ ហ៊ុន សែន បានធ្វើឱ្យខេត្តមានសមត្ថភាព លទ្ធភាពគ្រប់បែបយ៉ាង ក្នុងការអភិវឌ្ឍកសាងហេដ្ឋារចនាសម្ព័ន្ធសង្គម ជូនប្រជាពលរដ្ឋមានដូចជា ផ្លូវ ថ្នល់ ស្ពាន ទំនប់ ប្រឡាយ សាលារៀន មន្ទីរពេទ្យ ព្រះវិហារ។ល។

ឯកឧត្តមបន្តថា ដោយមានការគាំទ្រពីរាជរដ្ឋាភិបាល តាមរយៈការអនុវត្តគោល នយោបាយភូមិឃុំមានសុវត្ថិភាព រក្សាបានសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈបានល្អ បង្ក្រាបបានបទល្មើសគ្រប់ប្រភេទ ធ្វើឱ្យប្រជាពលរដ្ឋរស់នៅដោយសុខសាន្ត ដោយមានការអភិវឌ្ឍន៍រីកចម្រើនគ្រប់វិស័យ និងធ្វើឱ្យភាពក្រីក្រ ក្នុងមូលដ្ឋានបានថយចុះជាលំដាប់។ ខេត្តកំពង់ស្ពឺបានរៀបចំ សិក្ខាសាលាផ្សព្វផ្សាយច្បាប់ លិខិតបទដ្ឋានគតិយុត្តនានាជូនដល់ប្រជាពលរដ្ឋ បានដឹងនិងចូលរួមអនុវត្តទៀតផង។

សូមបញ្ជាក់ថា លោកជំទាវ និន សាផុន បានដឹកនាំសមា​ជិកចុះសិក្សាឈ្វេងយល់ការងារ ដែលគណៈកម្មការទទួលខុសត្រូវនៅសាលាខេត្តកំពង់ស្ពឺ កាលពីថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ដែលពិធីនេះបានជួបពិភាក្សាការងារជាមួយថ្នាក់ដឹក​នាំខេត្តកំពង់ស្ពី ដែលមានវត្តមាន ឯកឧត្តម វ៉ី សំណាង អភិ​បាលនៃគណៈអភិបាលខេត្តកំពង់ស្ពឺ និងឯកឧត្តម យឹម សុខុម ប្រធានក្រុមប្រឹក្សាខេត្ត៕

ដោយ ប៉ាល់ សុង