ក្រសួងព័ត៌មានអនុញ្ញាតឱ្យបងើ្កតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន បើកដំណើរការនៅកម្ពុជា

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករាឆ្នាំ២០១៩ — ក្រសួងព័ត៌មានបានអនុញ្ញាតឱ្យបង្កើតសមាគមអ្នកសារព័ត៌មានកម្ពុជា-ចិនបើកដំណើរការនៅ កម្ពុជា ដើម្បីផ្សព្វផ្សាយអំពីការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យរវាងប្រទេសទាងពីរ។

យោងតាមសេចក្តីសម្រេច ដែលចុះហត្ថលេខាដោយ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្ដី ក្រសួងព័ត៌មាន នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩នេះបញ្ជាក់ថា ការអនុញ្ញាតឱ្យបើកសមាគម អ្នកសារព័ត៌មានកម្ពុជា-ចិន(Cambodia China Journalist Association) ដែលមានអាសយ ដ្ឋានទីស្នាក់ការស្ថិតនៅផ្ទះលេខ៣៨ ផ្លូវលេខ៦០៦ សង្កាត់បឹងកក់ទី២ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដោយមានសហប្រធាន លោក សយ សុភាព សញ្ញាតិខ្មែរ និងលោក LU XIAO GUANG សញ្ជាតិចិន។

ឯកឧត្តមរដ្ឋមន្រ្ដីបានណែនាំសមាគមអ្នកសារព័ត៌មាន​កម្ពុជា-ចិនត្រូវគោរពរដ្ឋធម្មនុញ្ញ បទបញ្ញត្តិច្បាប់ស្តីពីរបបសារព័ត៌មាន សេចក្តីណែនាំ កិច្ចសន្យា និងត្រូវតាក់តែងក្រមសីលធម៌ ដើម្បីអនុវត្តន៍ក្នុងសមាគម រួមចំណែកលើកកម្ពស់វិជ្ជាជីវៈ វិស័យសារព័ត៌មាន និងសោតទស្សន៍នៅក្នុងព្រះរាជាណាចក្រកម្ពុជា និងគោរពលក្ខន្តិកៈ បទបញ្ជាផ្ទៃក្នុងដែលបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ទន្ទឹមនេះ ករណីប្រព្រឹត្តិល្មើសដូច ចែងក្នុងប្រការ១ និងប្រការ២ខាងលើ សាមីខ្លួនត្រូវទទួលទោសតាមច្បាប់ជាធរមាន។

ជាមួយគ្នានេះដែរ ឯកឧត្តមបានជំរុញឱ្យអគ្គនាយកដ្ឋានរដ្ឋបាល និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានព័ត៌មាន និងសោតទស្សន៍ ខុទ្ទកាល័យ នៃក្រសួងព័ត៌មាន មន្ទីរព័ត៌មានរាជ​ធានីភ្នំពេញ សាមីខ្លួន និងអាជ្ញាធរដែលពាក់ព័ន្ធត្រូវអនុវត្តន៍ប្រកាសនេះតាមភារកិច្ចរៀងៗ ខ្លួន។

សូមបញ្ជាក់ថា ព្រះរាជាណាចក្រកម្ពុជាបានបើកលំហរសេរីភាពផ្នែកសារព័ត៌មាន​យ៉ាងទូលំទូលាយ និងបានអនុញ្ញាតឱ្យបើកសមាគម និងសារជីវកម្មសារព័ត៌មានជាច្រើន នៅកម្ពុជា ដើម្បីឱ្យប្រជាពលរដ្ឋមានសិទ្ធិសេរីភាពគ្រប់គ្រាន់តាមរយៈប្រព័ន្ធផ្សព្វផ្សាយបាន គ្រប់ច្រកល្ហក ជាពិសេសការបញ្ជ្រាបការយល់ដឹងដល់សាធារណជនតាមវិស័យសារព័ត៌ មាន៕

ដោយ គង់ សិរីរ័ត្ន