ឯកឧត្តម គួច ចំរើន អំពាវនាវដល់អាជ្ញាធរដែនដី ជួយផ្សព្វផ្សាយដល់ប្រជាពលរដ្ឋ ឱ្យត្រៀមទឹកទុកសម្រាប់ប្រើប្រាស់

AKP កំពង់ចាម ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាល នៃគណៈអភិបាលខេត្តកំពង់ចាមបានអំពាវនាវ ដល់អាជ្ញាធរដែនដីត្រូវយកចិតទុកដាក់អប់រំផ្សព្វផ្សាយដល់ប្រជាពលរដ្ឋរបស់ខ្លួន ក្នុងការ ត្រៀមលក្ខណៈក្នុងការ​រក្សា​ប្រភព​ទឹកទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ពិសេសអណ្តូង នឹងទឹកនៅតាមបឹងបួ ព្រែក អូរ  ​ប្រឡាយ ស្រះ ត្រពាំងនៅ ក្នុងមូលដ្ឋានរបស់ខ្លួន។

ការអំពាវនាវដូចនេះ គឺធ្វើឡើងក្នុងពិធីប្រកាសចូលកាន់តំណែងអភិបាលរងជាស្ត្រី ក្នុងជួរនៃគណៈអភិបាលខេត្តកំពង់ចាមនៅ​ព្រឹក​ថ្ងៃពុធ ​១០រោច ខែ​បុស្ស ​ឆ្នាំ​ច ​សំរឹទ្ធិ​ស័ក ​ព.ស ២៥៦២ ត្រូវ​នឹងថ្ងៃទី៣០ ខែមករា ​ឆ្នាំ​២០១៩​ នៅ​សាល​ប្រជុំ​សាលា​ខេត្ត​កំពង់​ចាមដោយ មានការចូលរួមដោយផ្ទាល់ពីអស់​លោកជាអភិបាល​អភិបាលរង​ក្រុង ​ស្រុក​ និង​លោក​លោកស្រី​ជាមេឃុំ ចៅសង្កាត់​ទាំង​អស់​ក្នុង​ខេត្ត​កំពង់​ចាម។

ឯកឧត្តមអភិបាលខេត្តបានឱ្យដឹងថា រាជរដ្ឋាភិបាលបានចេញសេចក្តីណែនាំស្តីពី ការបម្រែបម្រួលនៃអាកាសធាតុ ឆ្នាំ​នេះ​ អាកាស​ធាតុមានការហក់​ឡើង​កម្តៅខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ​វាអាចមានការ​ប្រឈម​ទៅ​នឹងការខ្វះខាតទឹកសម្រាប់ប្រើប្រាស់ក្នុងការរស់ នៅ ប្រចាំថ្ងៃរបស់បងប្អូន ពិសេសកសិករដែលដាំដំណាំស្រូវ នឹង​មានការ​ប៉ះពាល់ខ្លាំង បើពុំ​មានទឹក​ស្រោចស្រពទេនោះ។

ឯកឧត្តម គួច ចំរើន អភិបាលខេត្តកំពង់ចាមមាន​ប្រសាសន៍​ថា ចាប់ពី​ពេល​នេះ​ទៅអាជ្ញាធរស្រុកគ្រប់មូលដ្ឋាន ត្រូវយកចិត្តទុកដាក់អប់រំ បំផុសផ្សព្វផ្សាយ ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួនត្រូវចេះត្រៀមនូវប្រភពទឹកប្រើប្រាស់ ពិសេសអណ្តូង តាមផ្ទះ។ អាជ្ញាធរត្រូវប្រមូលទិន្ន័យតួលេខអណ្តូងក្នុងមូលដ្ឋានដែលនៅប្រើប្រាស់បាន និងខូចខាតជំរុញការស្តារឡើងវិញ និងរាយការជូនថ្នាក់ដឹកនាំខេត្តដើម្បី​ឱ្យមន្ត្រីជំនាញ ក៏​ដូច​អ្នក​ពាក់ព័ន្ធ​ទាំងអស់ ពិសេសមន្ទីរអភវឌ្ឍជនបទសិក្សា និងអាចមាន លទ្ធភាពស្តារឡើងវិញ ដើម្បីប្រើប្រាស់ក្នុងសហគមន៍។

ឯកឧត្តម គួច ចំរើន ក៏បានអំពាវនាវដល់អាជ្ញាធរក្រុងស្រុកទាំងអស់ ត្រូវធ្វើការណែ នាំនិងផ្សព្វផ្សាយដល់ប្រជាពលរដ្ឋក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវធ្វើការការស្តាអណ្តូងពិសេស អណ្តូងខូច ព្រោះអណ្តូងវាជាប្រភពទឹកប្រើប្រាស់ក្នុងគ្រួសារ និងសហគមន៍ ហើយប្រភពទឹកនៅតាមស្រះត្រពាំងបឹង បួ អូរព្រែក សម្រាប់ប្រើប្រាស់ក្នុងមូលដ្ឋានរបស់ខ្លួន ត្រូវរួមគ្នាថែរក្សាការពារទឹកទុកឱ្យបានល្អសម្រាប់ជាប្រយោជន៍នៃសហគមន៍របស់យើងប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនោះ៕

ដោយឆាយ ម៉ុត