រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ ស្នើឱ្យអង្គភាពពាក់ព័ន្ធរបស់ក្រសួងបើកចិត្តឱ្យទូលាយផ្តល់ឱកាស ឱ្យមន្រ្តីវ័យក្មេងបញ្ចេញសមត្ថភាព

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ បានស្នើឱ្យអង្គភាពពាក់ព័ន្ធទាំងអស់របស់ក្រសួង បើកចិត្តឱ្យ ទូលាយ ដើម្បីផ្តល់ឱកាសឱ្យមន្រ្តីវ័យក្មេងដែលបានបញ្ចប់ការសិក្សាត្រឹមត្រូវអាចបង្ហាញនូវសមត្ថភាព របស់ពួកគេនៅតាមស្ថាប័នដែលបាននិងកំពុងបម្រើការងារ។ក្នុងពិធីសម្ពោធអគារ សមិទ្ធផលនានា នៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា កាលពី ព្រឹក​ថ្ងៃទី ៣០ ខែមករា ឆ្នាំ២០១៩ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តី ក្រសួងមហាផ្ទៃ លើកឡើងថា ការមិនបើកឱកាសឱ្យទូលាយដល់មន្រ្តីវ័យក្មេង ដែលបញ្ចប់ ការសិក្សាត្រឹមត្រូវនោះ គឺនឹងធ្វើឱ្យពួកគេបាត់បង់ទឹកចិត្តធ្វើការងារ និងគេចវេសពីការចាត់ បញ្ជូនទៅធ្វើការសិក្សា ដោយហេតុផលថា គ្មានការលើកទឹកចិត្តពីស្ថាប័នក្រោយពេលបញ្ចប់​ការសិក្សារួចហើយ។

សម្តេចក្រឡាហោមបានបន្តថា មន្រ្តីដែលបានបញ្ចប់ការសិក្សាលើ ជំនាញអ្វីគឺត្រូវលើកទឹកចិត្តឱ្យអ្នកទាំងនោះធ្វើការលើជំនាញនោះ ដោយចៀសវាងយកមន្រ្តី ដែល​រត់ការផ្សេងទៅដាក់នៅកន្លែងនោះ។ សម្តេចក្រឡាហោម សុំឱ្យអង្គភាពជំនាញមើលលើ បញ្ហានេះ ហើយការផ្តល់ឋានៈ តួនាទី ដល់មន្រ្តី ត្រូវនិយាយឱ្យច្បាស់ថា អ្នកទាំងនោះ បាន ឆ្លងកាត់វគ្គសិក្សាជំនាញអ្វី រយៈពេលប៉ុន្មាន ហើយនៅទីកន្លែងណាឱ្យបានច្បាស់លាស់។

សម្តេចក្រឡាហោមបានបន្តទៀតថា ការធ្វើបែបនេះ គឺជាការលើកទឹកចិត្តដល់គ្រូបង្រៀន និងសិក្ខាកាមដែលកំពុងសិក្សានៅបណ្ឌិត្យសភានគរបាលជាតិកម្ពុជា ឱ្យមានក្តីសង្ឃឹមទទួល បានជំនាញដែលខ្លួនបានកំពុងសិក្សារៀនសូត្រ។ ជាមួយគ្នានេះដែរ សម្តេចក្រឡាហោម ក៏បានអំពាវនាវដល់អ្នកទទួលខុសត្រូវ និងអង្គភាពសាម៉ីចាប់អារម្មណ៍ និងយកចិត្តទុកដាក់​ដោយជ្រើសរើសមន្ដ្រីដែលមានអនាគតល្អសម្រាប់បណ្ដុះបណ្ដាល ហើយមន្ដ្រីដែលឧស្សាហ៍ ព្យាយាមក្នុងការបំពេញការងារ ក៏ដូចជាក្នុងការសិក្សារៀនសូត្រ។ ដោយឡែក ចំពោះ​អ្នកដែលមិនគោរពវិន័យអសកម្មក៏មិនបោះបង់ពួកគេចោលដែរ៕

ដោយ ចាន់ សុធីវង្ស