ឯកឧត្ដម វ៉ា ថន អញ្ជើញផ្តល់ដីសម្បទានសង្គមកិច្ចដល់ សម្បទានិកចំនួន ១.៥៤៨ គ្រួសារ នៅស្រុកស្នួល ខេត្តក្រចេះ

AKP ក្រចេះ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — ឯកឧត្ដម វ៉ា ថន អភិបាលនៃគណៈអភិបាលខេត្តក្រចេះបានអញ្ជើញចុះជួបប្រជាពល រដ្ឋនិងចែកដីសម្បទានសង្គមកិច្ចដល់សម្បទានិកចំនួន ១.៥៤៨គ្រួសារ នៅក្នុងឃុំ២ធ្នូ ស្រុកស្នួល ខេត្តក្រចេះ កាលពីព្រឹកថ្ងៃពុធ ១០ រោច ខែ បុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩។

យោងតាម​សេចក្ដី​ជូនដំណឹង​របស់​រដ្ឋបាលខេត្តក្រចេះ​ លេខ​០០៥​ ស​ ជ​ ណ​ ចុះថ្ងៃ​ទី​២៥​ ខែ​មករា​ ឆ្នាំ​២០១៩ តម្រូវឱ្យបងប្អូនប្រជាពលរដ្ឋទាំង ១,៥៤៨គ្រួសារ ដែលបានដាក់ ពាក្យស្នើសុំដីសម្បទានសង្គមកិច្ចនៅក្នុងឃុំ២ធ្នូ ស្រុកស្នួលកន្លងមក ត្រូវមកចាប់​ឆ្នោតជ្រើស រើសយកទីតាំងដីឡូត៍នៃដីសម្បទានសង្គមកិច្ចនៅព្រឹក​ថ្ងៃ​ទី​៣០​ ខែ​មករា​ ឆ្នាំ​២០១៩ និង មានរៀ​ប​ចំ​ពិធី​ចាប់ឆ្នោត​ជ្រើស​រើស​ដី​ឡូ​ត៍​លំ​នៅ​ឋាន​ និង​ដី​ឡូត៍​កសិកម្ម​ជូន​ដល់​ប្រជាពលរដ្ឋ​ដែល​ស្នើសុំ​ដី​សម្បទាន​សង្គម​កិច្ច​ ក្នុង​ចំណុច​ដី​សម្ប ទាន​សេដ្ឋកិច្ចរបស់​​ក្រុមហ៊ុន​ចំការ​កៅ​ស៊ូ​មេមត់​នៅក្នុងទីតាំងបរិវេណសាលាស្រុកស្នួល។

ឯកឧត្ដម​ វ៉ា​ ថន​ អភិបាល​ខេត្ត​ក្រចេះ​​ បាន​ថ្លែង​នៅចំពោះ​​មុខសម្ប​ទានិកដែលបាន ទទួលដី​សង្គម​កិច្ចទាំង ១.៥៤៨ គ្រួសារថា រាជរដ្ឋា ភិបាលក៏ដូចអាជ្ញាធរខេត្ត បានកំពុង និងពន្លឿននៃការដោះស្រាយបញ្ហាដីធ្លីឱ្យបានលឿនបំផុត ដើម្បីឱ្យប្រជាពលរដ្ឋ មានដីកម្ម សិទិ្ធផ្ទាល់ខ្លួនក្នុងការសាងសង់លំនៅឋាន និងធ្វើកសិកម្ម។

ឯកឧត្ដមបញ្ជាក់ថា ក្នុងពេលនេះអាជ្ញាធរខេត្តបានដោះស្រាយនិងធ្វើការផ្តល់ជូន ដោយការចាប់ឆ្នោតទទួលយកទីតាំង ដែលក្នុងមួយគ្រួសារទទួលបានដីលំនៅឋានមួយ កន្លែងនិង ដីកសិកម្មចំនួន ២ ហិកតា៕

ដោយ ជួន សុជាតិ