គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ខេត្តព្រះសីហនុ ត្រូវបានចុះកិច្ចសន្យា​ធានាគុណភាព

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — គម្រោងសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ ដែលមានប្រវែង សរុបចំនួន១៩០,៦៣ គីឡូម៉ែត្រ ត្រូវបានគេប្រារព្ធពិធីចុះហត្ថលេខារវាងមន្ត្រីរាជរដ្ឋាភិបាល ជាមួយនឹងក្រុមហ៊ុនប្រឹក្សាបច្ចេកទេស ដើម្បីធានាបានគុណភាពប្រើប្រាស់យូរអង្វែង ស្របតាមបទដ្ឋានស្តង់ដារបច្ចេកទេសអន្តរជាតិ។

ឯកឧត្តម សួង​ ហេង​ រដ្ឋលេខាធិការ​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ បានធ្វើជា​អធិបតី​ក្នុង​ពិធី​ចុះហត្ថលេខា​លើ​កិច្ចសន្យា​ទីប្រឹក្សា​ បច្ចេកទេស​សម្រាប់​គម្រោង​សាងសង់​ផ្លូវ​ល្បឿន​លឿន​ ភ្នំពេញ​-​ខេត្ត​ព្រះ​សីហ​នុ​ រវាង​ក្រសួង​សាធារណការ​ និង​ដឹក​ជញ្ជូន​ និង​ក្រុមហ៊ុន​ MINCONSULT​ SDN​ BHD​ ដោយ​មានការ​ចូលរួម​ថ្នាក់ដឹកនាំ​ក្រសួង​ និង​ប្រធាន​ក្រុមហ៊ុន​MINCONSULT​ SDN​ BHD​ កាលពីថ្ងៃ​ទី​២៩​ ខែមករា​ ឆ្នាំ​២០១៩​ នៅ​ទីស្តីការ​ក្រសួង​។​

​ពិធី​ចុះហត្ថលេខា​នេះ​ធ្វើ​ឡើង​ដើម្បី​ជំរុញ​ឱ្យ​ក្រុមហ៊ុន​ប្រឹក្សា​បច្ចេកទេស​គ្រប់គ្រង​ និង​ពិនិត្យ​តាមដាន​ ដោយ​យកចិត្តទុកដាក់​ខ្ពស់​លើ​ការងារ​សាងសង់​ សំដៅ​ធានា​បាន​នូវ​គុណភាព​ស្រប​តាម​បទដ្ឋាន​ ស្តង់ដារ​បច្ចេកទេស​អន្តរជាតិ​ ពោល​គឺ​ផ្លូវ​មាន​ភាពរឹងមាំ​ និង​អាច​ប្រើប្រាស់​ជាប់​បាន​យូរ​ផង​ដែរ​។​

ផ្លូវ​ល្បឿន​លឿន​នេះ ​គ្រោង​នឹង​បើក​ការដ្ឋាន​សាងសង់​នា​ពេល​ឆាប់ៗ​ខាង​មុខ​នេះ​ ដោយ​សាងសង់​ជា​២​គន្លង​ទៅ​ និង២​គន្លង​មក​ ខណ្ឌ​ដោយ​សួរ​ច្បារ​កណ្ដាល​ទ្រូងផ្លូវ​ មាន​ប្រវែង​សរុប​ចំនួន​ ១៩០,៦៣​ គីឡូម៉ែត្រ​ ទទឹង​ ២៤​ម៉ែត្រ​ ក្រាល​កៅស៊ូ​ AC​ ជា​ផ្លូវ​ថ្មី​ទាំងស្រុង​ និង​មាន​របង​បាំង​សងខាង​ផ្លូវ ​ដើម្បី​ការពារ​សុវត្ថិភាព​ជូន​បងប្អូន​ប្រជាពលរដ្ឋ​ឱ្យ​បាន​ខ្ពស់​បំផុត​ ។

គម្រោងសាងសង់ផ្លូវល្បឿនលឿនដំបូងនៅកម្ពុជា ពីភ្នំពេញ-ព្រះសីហនុ ត្រូវបានក្រុម ប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC )អនុម័ត ក្រោមទុនវិនិយោគ១,៨៧ប៊ីលានដុល្លារ តាមរូបភាព សាងសង់-អាជីវកម្ម-ផ្ទេរ (BOT) ដែលអាចនឹងចាប់ផ្តើមសាងសង់នៅក្នុងឆមាសទី១ ឆ្នាំ២០១៩នេះ។

ពាក់ព័ន្ធគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ  ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់ថា ការសិក្សាគម្រោងត្រូវបាន បិទបញ្ចប់ហើយ ហើយបច្ចុប្បន្នកំពុងចរចាទិញដីរបស់ប្រជាពលរដ្ឋ និងទូទាត់សំណងផល ប៉ះពាល់ផ្សេងៗ។

ឯកឧត្តមអះអាងថា ផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុនេះ នឹងដើរតួនាទីយ៉ាង សំខាន់ក្នុងការដឹកជញ្ជូនទំនិញតំបន់ប៉ូលសេដ្ឋកិច្ចដ៏សំខាន់ពីរ គឺរាជធានីភ្នំពេញ និង ខេត្តព្រះសីហនុ ជាពិសេសការដឹកទំនិញពីបណ្តារោងចក្រនានាទៅ កាន់កំពង់ផែ ស្វយ័ត ព្រះសីហនុ សម្រាប់ការនាំចេញទៅបរទេស ក៏ដូចជាការដឹកទំនិញពីកំពង់ ផែស្វយ័ត ព្រះសីហនុទៅតំបន់ដទៃទៀត៕

ដោយ ងិន សុផល