កូនផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញនៅអន្លង់ផ្សោតកាំពី

AKP ភ្នំពេញ ថ្ងៃទី៣០ ខែមករា ឆ្នាំ ២០១៩ — នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ ក្រសួងបរិស្ថាន និងអង្គការមូលនិធិ សកល សម្រាប់អភិរក្សធនធានធម្មជាតិ WWF បានចេញផ្សាយព័ត៌មានជាផ្លូវការរបស់ខ្លួនថា កូន ផ្សោតទន្លេមេគង្គទើបកើតថ្មីមួយក្បាល ត្រូវបានគេប្រទះឃើញជាលើកដំបូងក្នុង ដើមឆ្នាំ២០១៩ នេះ ។កាលពីថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ក្រុមអ្នកចម្លងទូកទេសចរណ៍មើលសត្វផ្សោត បានប្រទះឃើញកូនផ្សោតទើបកើតថ្មីមួយក្បាលក្នុងអន្លង់ផ្សោតកាំពី ក្នុងភូមិកាំពី ឃុំសំបុក ស្រុកចិត្របុរី ខេត្តក្រចេះ ហើយបានរាយការណ៍ជូនលោក ស្រី ស៊ីថា មន្ត្រីប៉ូលិសទេសចរ ប្រចាំការនៅរមណីយដ្ឋានអន្លង់ផ្សោតកាំពី បន្ទាប់មកលោក ស្រី ស៊ីថា ក៏បានផ្តល់ព័ត៌ មានជូនក្រុមការងាររបស់អង្គការ WWF-កម្ពុជា ប្រចាំខេត្តក្រចេះ។

នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រុមការងារអង្គការ WWF-កម្ពុជា បានចុះទៅពិនិត្យ និងស្វែងរកកូនផ្សោតទើបកើតថ្មីនោះ ហើយក៏បានប្រទះឃើញកូនផ្សោត ទើបកើតថ្មីនោះ។ បន្ទាប់មក ក្រុមការងារក៏បានផ្តិតយករូបថតរបស់កូនផ្សោត ដែលទើប កើតថ្មីនោះ និងមេរបស់វា ព្រមទាំងធ្វើការអង្កេតដោយផ្ទាល់។

តាមរយៈការអង្កេតជាក់ស្តែងបានបង្ហាញថា កូនផ្សោតថ្មីស្ថិតនៅក្នុងក្រុមហ្វូងផ្សោតធំ ចំនួនប្រមាណជា ៦ ក្បាល។ កូនផ្សោតទើបកើតថ្មីនេះ បានឆ្លុះបញ្ជាំងពីភាពវិជ្ជមាន នៃកិច្ចខិតខំប្រឹងប្រែងរួមគ្នាក្នុងការងារអភិរក្សសត្វផ្សោតទន្លេមេគង្គ រវាងអង្គការ WWF-កម្ពុជា និងដៃគូអភិរក្សដូចជា រដ្ឋបាលជលផល នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ ក្រសួងបរិស្ថាន ក្រសួងទេសចរណ៍ ប្រជាសហគមន៍នេសាទ ភ្នាក់ងារទេសចរធម្មជាតិ និងអាជ្ញាធរថ្នាក់ខេត្ត ស្រុកឃុំ និងដៃគូអភិរក្សនានា៕

ដោយ ណយ នឿន (ប្រភព ក្រសួងបរិស្ថាននិង WWF )