ព្រះពុទ្ធសាសនាបានរួមចំណែកក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌សីលធម៌​​និងកសាងសមិទ្ធផលជូនសង្គមជាតិ

AKP បន្ទាយមានជ័យ ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ — ជាការពិតណាស់ព្រះពុទ្ធសាសនាបានចូលរួមចំណែកយ៉ាងច្រើនក្នុងការលើកកម្ពស់ការអប់រំចរិយាធម៌​សីលធម៌សង្គម និងកសាងសមិទ្ធផលផ្សេងៗជូនដល់សង្គមជាតិ។

នេះជាប្រសាសន៍របស់លោកស្រី ប៉ុក ណាឌី អភិបាលរងខេត្តបន្ទាយមានជ័យដែលបាន​ថ្លែងបើកផ្សព្វផ្សាយអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃខេត្តបន្ទាយមានជ័យលើកទី២៧​កាលពីព្រឹកថ្ងៃពុធ​​ ១០រោច​ ខែបុស្ស​ ឆ្នាំ​ច​ សំរឹទ្ធិស័ក​ ពស​២៥៦២​ ត្រូវនឹងថ្ងៃទី​៣០​ ខែមករា​ ​ឆ្នាំ ២០១៩នេះនៅវត្តសមិទ្ធិមុនីសោភ័ណ(ស្វាយថ្មី)ស្ថិតនៅសង្កាត់កំពង់ស្វាយក្រុងសិរីសោ​​ភ័ណដោយមានការនិមន្តអញ្ជើញចូលរួមពីព្រះរាជាគណៈព្រះមេគណព្រះគ្រូអនុគណៈគ្រប់ស្រុកក្រុងព្រះចៅអធិការសមាគមអាចារ្យខ្មែរគណៈកម្មការចំនួន​​ជាង ៨០០អង្គ-នាក់​ ។

​ លោកស្រី ប៉ុក ណាឌី បានថ្លែងគាំទ្រឯកភាពដែលអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃ​ខេត្តបន្ទាយមានជ័យនាឆ្នាំនេះបានចាប់អារម្មណ៍ការពង្រឹងរចនាសម្ព័ន្ធគ្រប់គ្រងដឹកនាំមាន​អភិបាលកិច្ចល្អការគោរពប្រតិបត្តិធម៌វិន័យនិងចូលរួមការងារសង្គមជាមួយរាជរដ្ឋាភិបាល​កម្ពុជាពិសេសការ​អប់រំសីលធម៌ព្រោះព្រះពុទ្ធសាសនាគឺជាកម្លាំងដឹកនាំចរិយាធម៌ដ៏ល្អបំផុត។

លោកស្រីបានគូសបញ្ជាក់ថា ការពង្រឹងគុណភាពលើអភិបាលកិច្ចគ្រប់ជាន់ ថ្នាក់ជួរមន្ត្រី​សង្ឃត្រូវផ្សារភ្ជាប់និងបច្ចេកវិទ្យាទំនើប ដើម្បីឱ្យកិច្ចការពុទ្ធសាសនាមាន សណ្តាប់ធ្នាប់ល្អ​ធានាបាននូវសាមគ្គីភាពពុទ្ធសាសនិកជនគួរយកចិត្តទុក ដាក់ចំពោះពុទ្ធិកសិក្សាជាការចាំ​បាច់យ៉ាងសំខាន់ដែលត្រូវពង្រឹងនិងពង្រីកនៅគ្រប់ទីកន្លែង ដែលសមស្រប។ត្រូវប្រកាន់យក​ព្រះពុទ្ធឱវាទធ្វើជាប្រទីបបំភ្លឺផ្លូវសម្រាប់អប់រំ ចរិយាធម៌ជម្រះចោលនូវគំនុំ ច្រណែននិន្ទា​ឈ្នានីស ប្រកបដោយអហិង្សា។

លោក យិន យឿន ប្រធានមន្ទីរធម្មការនិងសាសនាខេត្តបន្ទាយមានជ័យ បានលើកឡើង​ថាអនុសំវច្ឆរៈមហាសន្និបាតមន្ត្រីសង្ឃទូទាំងខេត្តលើកទី២៧នា ឆ្នាំនេះដើម្បីពិភាក្សាពិគ្រោះប្តូរយោបល់លើការងារព្រះពុទ្ធសាសនាពេលបច្ចុប្បន្នសំដៅពង្រឹងបន្ថែមរចនាសម្ព័ន្ធដឹកនាំគ្រប់គ្រងនិងលិខិតបទដ្ឋានគតិយុត្តដែលមានស្រាប់ធ្វើឱ្យវិស័យព្រះពុទ្ធសាសនាមានភាពរីកចម្រើន​សក្តិសមជាទីគោរពបូជារបស់ ពុទ្ធបរិស័ទ។ ធានាដល់សេចក្តីថ្លៃថ្នូរការគង់វង្សស្ថិតស្ថេរយូរ​អង្វែងនៃព្រះពុទ្ធសាសនា ពង្រឹងការ ប្រតិបត្តិធម៌វិន័យ របស់ព្រះសង្ឃនិងពុទ្ធបរិស័ទ ពង្រឹង​គុណភាពពុទ្ធិកសិក្សា ដើម្បីអភិវឌ្ឍន៍ធនធានបព្វជិត ពុទ្ធសាសនិក លើកកម្ពស់កិត្យានុភាព​ព្រះពុទ្ធសាសនាដែលជាសាសនារបស់រដ្ឋពង្រឹងតួនាទីភារកិច្ចរបស់ព្រះសង្ឃនិងវត្តអារាម។

លោក យិន យឿន បានបង្ហាញរបាយការណ៍ឱ្យដឹងដែរថា រហូតដល់បច្ចុប្បន្ននេះ នៅទូទាំងខេត្តមានវត្តចំនួន២៣៨វត្តនិងអាស្រម៨មានព្រះសង្ឃសរុប៣៨៩៧អង្គមានអាចារ្យជាង​​៨០០នាក់។ ចំពោះវិស័យពុទ្ធិកសិក្សាក៏មានការរីកចម្រើនដែល បាននិងកំពុងបណ្តុះបណ្តាលព្រះសង្ឃតាំងពីថ្នាក់ធម្មវិន័យ ថ្នាក់ពុទ្ធិក​បឋមសិក្សារហូតដល់ពុទ្ធិកវិទ្យាល័យ៕

ដោយ ឈុន សារ៉ាត