សាស្ត្រាចារ្យ និង និស្សិតមហាវិទ្យាល័យកសិកម្មចំការដូង ដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរីទទួលបានជោគជ័យ

AKP មណ្ឌលគិរី ថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៩ -ដំណាំដំឡូងបារាំង ត្រូវបានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និង នេសាទខេត្តមណ្ឌលគិរី សហការជាមួយមហាវិទ្យាល័យកសិកម្មចំការដួង ធ្វើការពិសោធន៍ដាំដុះរយៈពេល ៣ឆ្នាំមកហើយ នៅក្រុងសែនមនោរម្យ ខេត្តមណ្ឌលគិរី ដែលមកទល់ពេលនេះដាំបានសម្រេចជោគជ័យជាស្ថាពរហើយ។

លោកសាស្រ្តាចារ្យ ជាង ហុង ព្រឹទ្ធបុរសនៃមហាវិទ្យាល័យ វិទ្យាសាស្រ្តកសិកម្ម ដែលជាអ្នកដឹកនាំនិស្សិតមកធ្វើការសិក្សា និងពិសោធន៍ដាំដុះនៅទីនោះបានឱ្យដឹងនៅរសៀលថ្ងៃអង្គារ ៩រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ ថា គោលបំណងសំខាន់គឺចង់ឱ្យនិស្សិត នៃមហាវិទ្យាល័យកសិកម្មចំការដួង  និង ប្រជាពលរដ្ឋកម្ពុជាយើងដឹងថា ដំឡូងបារាំងដែលយើងបានដាំពិសោធន៍ បានមកនោះបានទទួលជោគ ជ័យហើយ ព្រមទាំងបានប្រមូលផលដំឡូងដោយទិន្នផលខ្ពស់បង្គួរ និង បង្ហាញនូវតម្លៃ នៃការដាំដំឡូងបារាំង និង ទិន្នផលយ៉ាងល្អ បើប្រៀបនឹងដំណាំដទៃ។ ក្នុងឆ្នាំនេះបានប្រមូលផលដំឡូងបារាំងយើងមានចំនួន ៦ពូជដែលបានជ្រើសរើសពីឆ្នាំកន្លងទៅ ហើយឆ្នាំនេះជាការពិសោធន៍លើកទី៣ ដែលបានទទួលទិន្នផលគួរសម រីឯទិន្នផលនេះខ្ពស់ក៏ពិតមែន តែមិនអាចប្រៀបនឹងបណ្តាប្រទេសមួយចំនួន ជាពិសេសប្រទេសនៅអ៊ឺរ៉ុបឡើយ ហើយសម្រាប់កម្ពុជា ការដាំដំឡូងបារាំង ក្នុង១ហិកតា បានទិន្នផលពី ១៧ទៅ ២០តោន នឹងលក់បានក្នុង១គីឡូក្រាមតម្លៃ ៤.០០០រៀល ។

លោកសាស្រ្តាចារ្យ បានសន្និដ្ឋានថា ការដាំដំឡូងបារាំងនៅខេត្តមណ្ឌលគិរី ពិតជាអាចដាំបាន នេះជាការពិសោធន៍ឆ្នាំទី៣ ថែមទាំងមានបច្ចេកទេសគ្រប់គ្រាន់ មានពូជ ដែលសមស្របនឹងអាកាសធាតុនៅតំបន់នេះ។

លោក សុង ឃាង ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តមណ្ឌលគិរី បានបញ្ជាក់ថា នេះជាឆ្នាំទី៣ហើយ ដែលមន្ទីរកសិកម្ម សហការជាមួយមហាវិទ្យាល័យកសិកម្ម ចំការដួង ធ្វើការសិក្សាអំពីដំណាំដំឡូងបារាំងនៅក្នុងខេត្តមណ្ឌលគិរី ។ លើកទី៣នេះ លទ្ធផលការដាំដុះដំឡូងបារាំងមានភាពល្អប្រសើរ ហើយអាចកំណត់បានពូជដែលត្រូវដាំ និងសមស្របតាមអាកាសធាតុ។ លោកសង្ឃឹមថា ឆ្នាំក្រោយ ការដាំដំឡូងបារាំងនេះ នឹងសាយភាយដល់ប្រជាកសិករ ដែលមានចំណាប់អារម្មណ៍ និងតម្លៃក៏ល្អដែរ ជាពិសេស នឹងធ្វើការផ្សព្វ ផ្សាយអំពីបច្ចេកទេស ពូជ ជូនដល់ប្រជាកសិករផងដែរ។

ឯកឧត្តម ង៉ោ ប៊ុនថាន សាកលវិទ្យាធិការ នៃមហាវិទ្យាល័យភូមិន្ទកសិកម្ម បានមានប្រសាសន៍ថា ភារកិច្ចរបស់សាកលវិទ្យាល័យភូមិន្ទកសិកម្មចំការដូង បានធ្វើការបណ្តុះបណ្តាលដល់និស្សិត ថ្នាក់បរិញ្ញាប័ត្រ ថ្នាក់បរិញ្ញាប័ត្រជាន់ខ្ពស់ផ្នែកកសិកម្ម ក្រៅពីបណ្តុះបណ្តាល មានការផ្សព្វផ្សាយនូវរបកគំហើញផ្សេងៗ ហើយបន្ទាប់ពីធ្វើការស្រាវជ្រាវ និងពិសោធន៍ ដំឡូងបារាំង ដែលយកមកដាំនៅខេត្តមណ្ដលគិរី ជាលទ្ធផលនៃការពិសោធន៍ ស្រាវជ្រាវរបស់យើង និងកញ្ចប់បច្ចេកទេសដំឡូងបារាំង អាចឈានដល់ដំណាក់កាលចុងក្រោយ និង អាចដាំបានហើយនៅខេត្តមណ្ឌលគិរី ៕

ដោយ ណយ នឿណយ (ប្រភពៈមន្ទីរព័ត៌មានខេត្តមណ្ឌលគិរី)