សារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុងប៉ារីស និងក្រសួងបរិស្ថានគ្រោងបង្កើត មជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន

AKPភ្នំពេញថ្ងៃទី៣០ ខែមករ ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងបរិស្ថាន ថ្ងៃអង្គា៩ រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព​.ស ២៥៦២ ត្រូវនឹងថ្ងៃទី​២៩ ខែ​មករា​ ឆ្នាំ២០១៩ ឯកឧត្តម ទិន ពន្លក អគ្គលេខាធិការ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានទទួលជួបពិភាក្សាការងារជាមួយសាស្រ្តាចារ្យ ហ៊ុល សុវណ្ណមលី មកពីសារមន្ទីរប្រវត្តិសាស្ត្រធម្មជាតិនៃទីក្រុងប៉ារីស ។

យោងលើអត្ថបទព័ត៌មាន ដែលចុះផ្សាយដោយក្រសួងបរិស្ថាន បានឱ្យដឹងថា នៅក្នុងជំនួបនោះមានការចូលរួមពីមន្រ្តីតំណាងនាយកដ្ឋាន​ជីវចម្រុះ នៃអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាពនិងសាស្រ្តចារ្យ ពៅ យូលាង មកពីសកលវិទ្យាល័យភូមិន្ទភ្នំពេញ ដោយផ្តោតការពិភាក្សាលើកិច្ចសហប្រតិបត្តិការ លើការជំរុញការបង្កើតមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន។

ប្រភពដដែលបានឱ្យដឹងបន្តថា គោលបំណងនៃកិច្ចប្រជុំគឺ ១-ដើម្បីពិភាក្សាលើការចុះអនុស្សរណៈនៃកិច្ចសហប្រតិបត្តិការ រវាងអគ្គលេខាធិការដ្ឋានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព ប្រទេសកម្ពុជា និង សារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស ប្រទេសបារាំង ។  ២- ជំរុញការកសាងបណ្តាញផ្សេងៗ ដើម្បីស្វែងរកការគាំទ្រលើការបង្កើតមជ្ឈមណ្ឌល ។ ៣-ការពិភាក្សាលើការរៀបចំបេសកកម្មចុះសិក្សាឈ្វេងយល់ របស់សាស្រ្តចារ្យ តំណាងសារមន្ទីរប្រវត្តិសាស្រ្តធម្មជាតិប៉ារីស នៅមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិរក្សកេសរកូល សុខ អាន ភ្នំគូលែន ខេត្តសៀមរាប ៕

ដោយ ពេជ្រ ណារិទ្ធ