គណ:កម្មាធិការសុវត្ថិភាពកុមារបើកកិច្ចប្រជុំតុមូល ស្តីពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធអ៊ីនធឺណិត

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ — គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តព្រះសីហនុ បើកកិច្ចប្រជុំតុ មូលនៅសណ្ឋាគារឆ្នេរថ្មី សង្កាត់លេខ៣ ក្រុងព្រះសីហនុ ក្រោមអធិបតីលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ មានការចូលរួមពីតំណាងគណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្សខេត្ត តំណាងមន្រ្តីនគរបាលខេត្ត តំណាងអង្គការក្រៅ រដ្ឋាភិបាល ខេត្ត តំណាងវិស័យឯកជន និងយុវជន សិស្សានុសិស្សប្រមាណ៧០នាក់ នាព្រឹកថ្ងៃអង្គារ ៩រោជ ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថៃ្ងទី២៩ ខែមករា ឆ្នាំ២០១៩។លោកស្រី ហៀក ហ៊ីមុល្លី មានប្រសាសន៍ថា បច្ចេកវិទ្យាព័ត៌មានបានដើរតួយ៉ាងសំខាន់ ក្នុងការអភិវឌ្ឍរបស់កុមារនៅប្រទេសកម្ពុជា ដោយសារស្ថានភាពបច្ចុប្បន្ននៃការកេងប្រវ័ញ្ច ផ្លូវភេទលើកុមារតាមប្រព័ន្ធ Internet មានការកើនឡើង ដើម្បីឆ្លើយ តប និងទប់ស្កាត់ចំពោះករណីកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ Internet និងការចូលរួមចែក រំលែក និងកិច្ចសហប្រតិបត្តិការរបស់អង្គការដៃគូ ក្នុងការការពារសុវត្ថិភាពកុមារ របស់អង្គការដៃគូ ដើម្បីរៀបចំយុទ្ធសាស្រ្តឆ្លើយតបចំពោះករណី កេងប្រវញ្ចលើផ្លូវភេទលើ កុមារតាមប្រព័ន្ធ Internet ។

លោកស្រីបន្តថា  ការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធអ៊ីនធឺណិតបានក្លាយជា ការព្រួយបារម្ភកាន់តែខ្លាំង ក្នុងចំណោមអ្នកពាក់ព័ន្ធនានា ដែលធ្វើការផ្នែកការពារកុមារ  មានអង្គការសកម្មភាព ដើម្បីកុមារបានដាក់ឱ្យ ដំណើរការនូវបណ្ដាញរាយការណ៍តាមប្រព័ន្ធ Internet (IHC) ចាប់ពីឆ្នាំ២០១៥មក។ គណៈកម្មាធិការប្រយុទ្ធ ប្រឆាំងអំពើជួញដូរមនុស្ស ខេត្តព្រះសីហនុ បានសហការជាមួយអង្គការក្រៅរដ្ឋាភិបាល យុវជន សិស្សានុសិស្ស និងតំណាងវិស័យឯកជន ចូលរួមការពារកុមារពីការកេងប្រវ័ញ្ចផ្លូវភេទតាមប្រព័ន្ធ Internet។ ការប្រជុំពិភាក្សានាពេលនេះ ដើម្បីជំរុញឱ្យអ្នកចូលរួមទាំងអស់តាមដាន បង្ការ និងរាយ ការណ៍ ក៏ដូចជាការបង្ហាញ ឱ្យឃើញនូវវត្តមានរបស់បណ្ដាញអ្នករាយការណ៍ ពិសេសតាម ប្រព័ន្ធ Internet ដើម្បីរាយការណ៍ ពីជនសង្ស័យ នៃអំពើកេងប្រវ័ញ្ចផ្លូវភេទ ព្រមទាំងសម្ភារ រំលោភបំពានផ្លូវភេទ (CSAM)ផ្សេងទៀត  ដើម្បីចូលរួមចំណែកក្នុងការការពារសុវត្ថិភាព កុមារកាន់តែល្អប្រសើរ។

លោកស្រីសង្ឃឹមថា ហានិភ័យ នៃការកេងប្រវ័ញ្ចផ្លូវភេទលើកុមារតាមប្រព័ន្ធ Internet (OCSE) និងសុវត្ថិភាពកុមារតាមប្រព័ន្ធអ៊ីនធឺណិត និងទទួលបាននូវវិធីសាស្ត្រត្រឹមត្រូវ ក្នុងការតាមដានរាយការណ៍ បង្ការ ទប់ស្កាត់ និងការចែករំលែក ចំណេះដឹង និងពិភាក្សាស្វែងរកដំណោះស្រាយបានទាន់ពេលវេលា៕

ដោយ ងូ សុមុនី