រាជរដ្ឋាភិបាលនៅតែចាត់ទុកថា វិស័យឧស្សា​ហកម្មសំណង់នៅតែជាសសរស្តម្ភ មួយដែលធានាចីរភាពនៃកំណើនផលទុនសរុបរបស់កម្ពុជា

AKP ភ្នំពេញ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងរៀបចំដែនដី នគរូបនីយ​កម្ម និងសំណង់បានលើកឡើងថា រាជ រដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកថា វិស័យឧស្សា​ហកម្មសំណង់នៅតែជាសសរស្តម្ភមួយ ដែលធានាចីរភាព នៃកំណើនផលទុនសរុបរបស់កម្ពុជា។ នៅក្នុងពិធីបញ្ចប់គ្រោងអាគារ Gold Tower ៤២ជាន់ កាលពីថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានបញ្ជាក់ថា  ទោះបីទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់ក្នុងឆ្នាំ២០១៨ មានប្រមាណ ៥.៧៥៥លានដុល្លារអាម៉េរិក ទាបជាងឆ្នាំ២០១៧ ប៉ុន្តែការដាក់ទុនវិនិយោគ ជាក់ស្តែងរបស់អ្នកវិនិយោគលើវិស័យសំណង់ គឺស្ថិតនៅក្នុងកម្រិតខ្ពស់ជាងឆ្នាំមុន។

ឯកឧត្តមបន្តថា វិស័យសំណង់បានផ្តល់ការងារធ្វើជូនប្រជាពលរដ្ឋប្រមាណ ២០ម៉ឺននាក់ ក្នុងមួយថ្ងៃនៅទូទាំងប្រទេសដែលក្នុងនោះប្រមា​ណ ១៥ម៉ឺននាក់ នៅក្នុង រាជធានីភ្នំពេញ ហើយរាជរដ្ឋាភិបាលកម្ពុជានៅតែចាត់ទុកថា វិស័យឧស្សា​ហកម្មសំណង់ នៅតែជាសសរស្តម្ភមួយ ដែលធានាចីរភាពនៃកំណើនផលទុនសរុបរបស់កម្ពុជា។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងទៀតថា ទាក់ទងនឹងការងាររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក៏មានការរីកចម្រើនផងដែរ ជាក់ស្តែងផែនការរៀបចំដែនដី ប្លង់គោល និងផែនការប្រើប្រាស់ដីថ្នាក់ឃុំ សង្កាត់ ថ្នាក់ក្រុង ស្រុក ខណ្ឌ ថ្នាក់រាជធានី ខេត្តតាមតំបន់ និងថ្នាក់ជាតិត្រូវបានរៀបចំ និងស្នើសុំអនុម័តជាបន្តបន្ទាប់។ តំបន់ឆ្នេរសមុទ្រ កម្ពុជាប្រវែង ៤៤០គីឡូម៉ែត្រ ស្ថិតនៅក្នុងខេត្តទាំងបួន ត្រូវបានគ្រប់គ្រងការពារ និងថែរក្សាប្រកបដោយការទទួលខុសត្រូវ និងប្រសិទ្ធភាព។ ជាក់ស្តែងតំបន់ឆ្នេរខ្សាច់ កម្សាន្ត ក្រុងព្រះសីហនុ ត្រូវបានរៀបចំកែលម្អ ដោយបានសាងសង់ខ្លោងទ្វារច្រកចូលឆ្នេរ ដាក់ឈ្មោះឆ្នេរ រៀបចំក្រាកក្រានីតតាមចិញ្ចើមផ្លូវ និងច្រកចូល រៀបចំតូបកម្សាន្តថ្មី ដែលមាន សោភណភាព និងបរិស្ថានល្អ កសាងផ្លូវ និងបើកចំហឆ្នេរសមុទ្រសម្រាប់ សាធារណជន ចេញចូលកម្សាន្ត រៀបចំបណ្តាញបៃតងតាម បណ្តោយឆ្នេរ រៀបចំប្រព័ន្ធលូ អាងចម្រោះទឹក កខ្វក់រៀបចំដាក់ប៉ាណូផ្សព្វផ្សាយ អំពីការអភិវឌ្ឍ និងអភិរក្សតំបន់ឆ្នេរសមុទ្រ ដើម្បីធានា បានឆ្នេរសមុទ្រកម្ពុជាជា ឆ្នេរស្រស់ស្អាត ដែលជាសមាជិកក្លឹបឆ្នេរសមុទ្រស្អាត បំផុតនៅលើ សកលលោក និងត្រូវបានប្រសិទ្ធនាមថា ឆ្នេរសមុទ្រកម្ពុជា តារារះនាទិសនិរតី៕

ដោយ ប៉ាល់ សុង