គណ:កម្មាធិការប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅ២០១៩

AKP ព្រះសីហនុ ថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៩ -គណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តព្រះសីហនុ បានបើកកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងលើកទិសដៅការងារ២០១៩ នៅសាលាខេត្តព្រះសីហនុ នារសៀលថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ ក្រោមអធិបតីភាពលោកស្រី ហៀក ហ៊ីមុល្លី អភិបាលរងខេត្តព្រះសីហនុ។

លោកស្រី ហៀក ហ៊ីមុល្លី បានមានប្រសាសន៍ថា ខេត្តព្រះសីហនុមានការអភិវឌ្ឍយ៉ាងគំហុករយៈពេលពេញមួយឆ្នាំនេះ ហើយក៏លេចចេញនូវបញ្ហាមួយចំនួន ដែលគណៈកម្មាធិការប្រយុទ្ធប្រឆាំង អំពើជួញដូរមនុស្សខេត្តបានសហការជាមួយអង្គការសកម្មភាព ដើម្បីកុមារ អង្គការមូលនិធិ អង្គការសហប្រជាជាតិដើម្បីកុមារ UNICEF លើបញ្ហាសុវត្ថិភាពកុមារ  ។

លោកស្រីបន្តថា ក្រុមការងារលេខាធិការដ្ឋានខេត្ត បានចុះអប់រំផ្សព្វផ្សាយពង្រឹងសមត្ថភាពដល់ក្រុមការងារ បានចំនួន ១៤៧លើក មានសមាសភាពចូលរួម ៩.២៧១នាក់ ស្រី ៤.៦៣៩នាក់ ។ ផ្សព្វផ្សាយ បណ្ដុះបណ្ដាល ស្ដីពីការជួញដូរមនុស្ស ការកេងប្រវ័ញ្ចកម្លាំងពលកម្មកុមារ ការធ្វើចំណាកស្រុកដោយប្រថុយប្រថាន ដើម្បីឱ្យពលរដ្ឋយល់ដឹងអំពីបញ្ហាទាំងអស់នេះ ដើម្បីការពារ និងទប់ស្កាត់បានទាន់ពេលវេលា ។ លេខាធិការដ្ឋានខេត្តចុះផ្សព្វផ្សាយអប់រំកិច្ចការសាធារណៈដោយផ្កោតលើអំពើហិង្សាក្នុងគ្រួសារ ការជួញដូរមនុស្ស អនាម័យសុខភាពពិសេសអប់រំមាតា បិតាបញ្ជូនកូនគ្រប់អាយុឱ្យចូលរៀន ។ បើកវគ្គបណ្ដុះបណ្ដាលជំនាញវិជ្ជាជីវៈទេសចរណ៍ ការបញ្ជ្រាបយេនឌ័រ ការកេងប្រវ័ញ្ចកម្លាំង ពលកម្មកុមារ ការជួញដូរផ្លូវភេទចំនួន ១៦វគ្គ មានសមាសភាពចូលរួម ៤៩៣នាក់ ស្រី ២២៩នាក់ ។ អប់រំ ផ្សព្វផ្សាយសកម្មភាពជួញដូរផ្លូវភេទ បញ្ហាសុវត្ថិភាពកុមារបាន ១២វគ្គ អ្នកចូលរួម ៦៣៤នាក់ ស្រី ៣៤៣នាក់ ។ ផ្សព្វផ្សាយគោលនយោបាយភូមិ ឃុំមានសុវត្ថិភាព ១១៤លើក អ្នកចូលរួម ៧.០២១នាក់ ស្រី ៣.០២៦នាក់ ។

ជាលទ្ធផលក្នុងឆ្នាំ២០១៨ បង្ក្រាបបាន ២១ករណី ឃាត់ខ្លួន ៣៣មុខសញ្ញា (ជនជាតិចិន ១៤មុខសញ្ញា ស្រី ២មុខសញ្ញា . វៀតណាម ២នាក់ ស្រី) ។ សង្គ្រោះជនរងគ្រោះ ២៥លើក សរុប ៥០នាក់ ក្នុងនោះ ជនជាតិចិន ២៤នាក់ ជនជាតិម៉ុងហ្គោលី ៥នាក់ និងបញ្ជូនសំណុំរឿងទៅសាលាដំបូងខេត្ត ២៦ករណី  ៣៧មុខសញ្ញា(ចិន ១៥នាក់ ប្រុស វៀតណាម ២នាក់ ស្រី )។

លោកស្រី ហៀក ហ៊ីមុល្លី បានបញ្ជាក់ថា ទន្ទឹមនោះក៏មានបញ្ហាប្រឈមមួយចំនួន ដោយប្រធានក្រុមការងារជំនាញមានភារកិច្ចស្នូល តែពុំមានថវិកាបើកវគ្គបណ្តុះបណ្តាល ផ្សព្វផ្សាយការ ជួញដូរមនុស្សដល់សហគមន៍នៅតាមមូលដ្ឋាន ។ ទិសដៅបន្តស្រាវជ្រាវមុខសញ្ញាជនសង្ស័យតាមសណ្ឋាគារ ផ្ទះសំណាក់ ខារ៉ាអូខេ ក្លិបកម្សាន្តរាត្រី កាស៊ីណូ ។ សហការជាមួយ បណ្តាញស៊ីបការណ៍តាមឆ្នេរសមុទ ដែលប្រកបអាជីវកម្មផ្លូវភេទ  ការរជួញដូរមនុស្សក្នុងស្រុក និងឆ្លងដែន បម្រើឱ្យការបង្ការ និងបង្ក្រាបបទល្មើសជួញដូរមនុស្ស និងការពារអនីតិជន ឱ្យទទួលបានជោគជ័យ ៕

ដោយ ងូ សុមុនី