ក្រុមហ៊ុនចិន ប្រកាសបញ្ចប់គ្រោងអគារ Gold Tower កម្ពស់៤២ជាន់

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម លាង មុនីរិទ្ធ រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បាន ថ្លែងនៅក្នុងពិធីបញ្ចប់ការសាងសង់គ្រោងអគារ Gold Tower ៤២ជាន់ នាព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះថា  ថ្ងៃនេះគ្រោងអគារ Gold Tower ៤២ជាន់ ជាគម្រោងរបស់ក្រុមហ៊ុន YON WOO (Cambodia) និងសាងសង់ដោយក្រុមហ៊ុន HTWM Construction Engineering (Cambodia) មកពីប្រទេសចិន បានប្រកាសបញ្ចប់ដំណាក់កាលសាង សង់គ្រោងអគារ Gold Tower ៤២ជាន់ ជាផ្លូវការក្នុងថ្ងៃនេះ។ក្នុងនាមឯកឧត្តម ជា សុផារ៉ា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ សូមវាយតម្លៃខ្ពស់ និងកោតសរសើរចំពោះក្រុមហ៊ុន HTWM Construction Engineering (Cambodia) ដែលជាក្រុមហ៊ុនចងសម្ព័ន្ធឡើងរវាងក្រុមហ៊ុនដើមធំៗចំនួនពីរមកពីប្រទេសចិន គឺក្រុមហ៊ុន Shenzhen Hongtao Decoration និងក្រុមហ៊ុន WAI MAN Construction & Engineering ដែលបានសម្រេចចិត្តមកចូលរួមសហការជាមួយក្រុមហ៊ុន YON WOO Cambodia និងបន្តធ្វើការ សាងសង់អគារ Gold Tower ៤២ជាន់ រហូតដល់បញ្ចប់គ្រោងអគារទាំងមូលនៅពេលនេះ។

ឯកឧត្តមរដ្ឋលេខាធិការបានលើកឡើងថា គម្រោងអគារ Gold Tower 42 នេះ ទទួលបាន លិខិតអនុញ្ញាតបើកការដ្ឋានសាងសង់នៅថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០១៧ ហើយក្រសួងបាន អនុញ្ញាតឱ្យបន្តដំណើរការសាងសង់ឡើងវិញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ក្រោយពីក្រុម ហ៊ុនបានផ្អាកការងារសាងសង់របស់ខ្លួនមួយរយៈវែង ដោយសារគម្រោងទទួលរងឥទ្ធិពល នៃវិបត្តិសេដ្ឋកិច្ចពិភពលោក នាឆ្នាំ២០១០ កន្លងមក។ ក្រោយពីទទួលបានគម្រោងសាងសង់ ក្រុមហ៊ុនបានប្រកាសជាផ្លូវការនៃការបន្តដំណើរការសាងសង់ឡើងវិញនៅថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៨ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ឯកឧត្តមឧបនាយករដ្ឋមន្ត្រី យឹម ឆៃលី។

លោក Liu Nianxin ប្រធានក្រុមហ៊ុនវិស្វកម្មសំណង់ Hongtao Weimin (ខេមបូឌា) Co., Ltd.ថ្លែងថា គម្រោងអគារ Gold Tower ស្ថិតនៅក្នុងទីក្រុងដ៏មមាញឹកនៃរាជធានីភ្នំពេញប្រទេសកម្ពុជា ជាគម្រោងដ៏មានឥទ្ធិពលបំផុតសម្រាប់សហគ្រាសនៅក្រុង Shenzhen និងម៉ាកាវ ដើម្បីចូលរួមក្នុងការសាងសង់និងអភិវឌ្ឍរាជធានីរបស់ប្រទេសកម្ពុជា។ បន្ទាប់ពីបញ្ចប់គម្រោង អគារដែលមានកម្ពស់ខ្ពស់ជាង ២០០ម៉ែត្រ និងមានចំនួន ៤២ជាន់នេះ វាគឺជាអគារដ៏ខ្ពស់មួយ ដែលរួមបញ្ចូលទាំងមជ្ឈមណ្ឌលពាណិជ្ជកម្ម ការិយាល័យ និងលំនៅឋាន ហើយអគារនេះមានក្រឡាផ្ទៃសរុបទំហំ ១២៩.៣០០ម៉ែត្រការ៉េ។ បន្ទាប់ពីគម្រោងនេះត្រូវបានកំណត់ នឹងពន្លឿនការវិនិយោគយ៉ាងទូលំទូលាយនៅក្នុងការសាងសង់ជញ្ជាំងកញ្ចក់ ការដំឡើងអគ្គិសនី និងវិស្វកម្មខាងក្នុងផ្ទះ នឹងត្រូវបញ្ចប់ការសាងសង់គម្រោងនេះជាស្ថាពរនៅដើមឆ្នាំ ២០២០។

សូមបញ្ជាក់ថា អគារ Gold Tower ៤២ជាន់ស្ថិតនៅចំណុចប្រសព្វរវាងមហាវិថីព្រះមុនីវង្ស និងមហាវិថីព្រះនរោត្តមសីហនុ ដែលបានវិនិយោគដោយក្រុមហ៊ុន YON WOO CAMBODIA Co.,LTD ក្នុងទំហំប្រាក់ប្រមាណ ២៤០លានដុល្លារអាម៉េរិក ត្រូវបានផ្អាកការសាងសង់លើកដំបូងក្នុងឆ្នាំ ២០០៨ និងបានចាប់ផ្តើមឡើងវិញក្នុងឆ្នាំ២០១០ ហើយបានផ្អាកការសាងសង់លើកទី២ នៅឆ្នាំ ២០១១ និងបានបន្តដំណើរការសាងសង់ឡើងវិញនៅថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨ ក្រោយពីក្រុមហ៊ុនបាន ផ្អាកការងារសាងសង់របស់ខ្លួនមួយរយៈវែង ដោយសារគម្រោងទទួលរងឥទ្ធិពលនៃវិបត្តិ សេដ្ឋកិច្ចពិភពលោក នាឆ្នាំ២០១០ កន្លងមក៕

ដោយ ប៉ាល់ សុង