សហគមន៍តាបស ទទួលបានរថយន្ត ០១គ្រឿង និងម៉ូតូ ០២គ្រឿង ដែលជាអំណោយរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន

AKP ព្រះវិហារ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ — នៅទីស្នាក់ការសហគមន៍តាបស ស្ថិតនៅក្នុងភូមិតាបស ឃុំស្ដៅ ស្រុកសង្គមថ្មី ខេត្តព្រះវិហារ កាលពីថ្ងៃអាទិត្យ ៧រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស២៥៦២ ត្រូវនឹងថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ជា វ៉ាន់ដេត ប្រធានគណៈកម្មការទី៣ ផែនការ វិនិយោគ កសិកម្ម អភិវឌ្ឍជនបទ បរិស្ថាន និងធនធានធម្មជាតិ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន និងអមដំណើរដោយឯកឧត្តម អ៊ុន ចាន់ដា អភិបាល​ នៃគណៈអភិ បាលខេត្តព្រះវិហារ បានអញ្ជើញចូលរួមទស្សនកិច្ច និងប្រគល់រថយន្ត ០១គ្រឿង និងម៉ូតូ ចំនួន ០២គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ជូនសហគមន៍តាបស សម្រាប់ការពារ និងអភិរក្សធនធានធម្មជាតិក្នុង ដែនជម្រកសត្វព្រៃ ភ្នំត្នោត -ភ្នំពក។ឯកឧត្តម អ៊ុន ចាន់ដា សូមថ្លែអំណរគុណដល់សម្តេចកិតិ្តព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលតែងតែយកចិត្តទុកដាក់ចំពោះការងារអភិរក្សធនធានធម្មជាតិ ព្រមទាំងបាន ផ្ដល់រថយន្ត ០១គ្រឿង និងម៉ូតូចំនួន ០២គ្រឿងជូនដល់សហគមន៍តាបស និងអំណរគុណ ដល់លោក Ben Davis ព្រមទាំងប្រជាពលរដ្ឋសហគមន៍ទាំងអស់ដែល បានសហការ យ៉ាងជិតស្និទ្ធបំផុតជាមួយអាជ្ញាធរ មន្រ្តីយុត្តិធម៌ ជំនាញនានា ក្នុងការទប់ស្កាត់បទ ល្មើសនានា និងថែរក្សាការពារធនធានធម្មជាតិឱ្យបានគង់វង្ស និងប្រែក្លាយតំបន់នេះជាតំបន់ អេកូទេសចរណ៍ដែលអាចទាញប្រាក់ចំណូលជូនសហគមន៍។

ឯកឧត្តម សាយ សំអាល់ មានប្រសាសន៍សូមឱ្យប្រជាសហគមន៍ត្រូវថែរក្សាការពារ និងការអភិវឌ្ឍតំបន់សហគមន៍នេះ ជាតំបន់ទេសចរណ៍ដែលអាចស្រូបយកភ្ញៀវទេសចររក ចំណូលជូនសហគមន៍ បង្កើនជីវភាពដល់ក្រុមគ្រួសាររបស់ប្រជាសហគមន៍ ត្រូវនាំគ្នារក្សា ការពារសត្វព្រៃ និងព្រៃឈើដែលកំពុងមាន និងអភិវឌ្ឍនូវហេដ្ឋារចនាសម្ព័ន្ធបម្រើដល់ សេវាទេសចរណ៍សហគមន៍ឱ្យបាន កាន់តែប្រសើរឡើង ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាលកម្ពុជា ដឹកនាំដោយ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ដែល បានដាក់ចេញនូវផែនការអភិវឌ្ឍ វិស័យទេសចរណ៍ទាំងទេសចរណ៍វប្បធម៌ និងធនធាន ធម្មជាតិ ឱ្យការតែមាននិរន្តភាព ក្រោមម្លប់នៃសុខសន្តិភាព និងការអភិវឌ្ឍ ។

សូមបញ្ជាក់ថា សហគមន៍តាបស ភ្នំត្នោត-ភ្នំពក មានផ្ទៃដីសរុប៤២.០៩៧ហិកតា ស្ថិតនៅក្នុងស្រុកចំនួនបី គឺស្រុកសង្គមថ្មី ស្រុកគូលែន ខេត្តព្រះវិហារ និងស្រុកជីក្រែង ខេត្តសៀមរាប។ ភ្នំត្នោត-ភ្នំពក ជាតំបន់ព្រៃការពារ ព្រៃអភិរក្ស និងតំបន់ផ្តល់ផលសរុប ១៨កន្លែង ដែលត្រូវផ្ទេរសមត្ថកិច្ចគ្រប់គ្រងពីក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ មកក្រសួងបរិស្ថានវិញតាំងពីខែសីហា ឆ្នាំ២០១៧ ៕

ដោយ ទិត ស្រ៊