សម្ដេចតេជោ ហ៊ុន សែន ថ្លែងថា ក្រោមការដឹកនាំរបស់សម្ដេច កម្ពុជានឹងបន្តរស់នៅ ក្នុងម្លប់សន្តិភាពដ៏យូរអង្វែង

AKP ភ្នំពេញ ថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩ -សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា ថ្លែងថា នៅក្រោមការដឹកនាំរបស់សម្ដេច គឺសូមធានាច្បាស់ថា កម្ពុជានឹងបន្តរស់នៅក្នុង​ម្លប់​សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់ប្រទេសជាតិយើងទាំងមូល។

នៅលើបណ្ដាញទំនាក់ទំនងសង្គមហ្វេសប៊ុកនៅថ្ងៃចន្ទ ៨រោច ខែបុស្ស ឆ្នាំច សំរឹទ្ធស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៨ ខែមករា ឆ្នាំ២០១៩នេះ សម្ដេចតេ​ជោ​នាយករដ្ឋមន្ត្រីបានសរ សេរថា អរុណសួស្តី បងប្អូនជនរួមជាតិ។ មើលរូបថតខ្ញុំនិងភរិយា គឺ​មិនគួរឱ្យ​​ជឿថា កម្ពុជា យើងបានរីកចម្រើនលឿនមកដល់ដំណាក់កាលនេះ យើងលំបាក​វេ​ទ​នា​ខ្លាំងណាស់​ ទម្រាំ បានឆ្លងរួចផុតពីសង្រ្គាម និងរបបប្រល័យពូជសាសន៍ប៉ុលពត។ នៅ​ពេ​ល​នេះ​ យើងឃើញ ស្រាប់នឹងភ្នែកហើយ សំណង់អគារទាប ខ្ពស់តូច ធំ ផ្លូវថ្នល់ខ្វាត់ខ្វែង ស្ពា​ន​អា​កា​ស និងរោង ចក្រ សាលារៀន មន្ទីរពេទ្យ បុរី សណ្ឋាគារ និងផ្សារទំនើប…កំពុង​កើត​ឡើង​យ៉ា​ង​ច្រើនបន្ត បន្ទាប់នៅក្នុងប្រទេស។ កម្ពុជាធ្លាប់បានឆ្លងកាត់ឆ្អែតដោយសារសង្រ្គាម និងរបប​ប្រ​ល័យពូជ សាសន៍ ដូច្នេះយើងត្រូវតែទប់ស្កាត់មិនឱ្យកើតមានឡើងសារជាថ្មីទៀតឡើយ។ ខ្ញុំ​ស​ប្បាយ ចិត្ត និងមានជំនឿជឿជាក់លើការខិតខំប្រឹងប្រែងរបស់បងប្អូន និងការចូលរួម​ដ៏ស​ក​ម្ម​ពី វិស័យឯកជន ដែលបានកែប្រែជីវភាពរស់នៅរបស់ប្រជាពលរដ្ឋកាន់តែល្អប្រសើរ ព្រមទាំង​បា​នជួយពង្រឹងដល់ខឿនសេដ្ឋកិច្ចជាតិរឹងមាំទៀតផង។ នៅក្រោមការដឹកនាំរបស់ខ្ញុំ គឺសូម​ធា​នា​ច្បា​ស់ថា កម្ពុជានឹងបន្តរស់នៅក្នុងម្លប់សន្តិភាពដ៏យូរអង្វែង ដែលជាបំណងប្រាថ្នារបស់​ប្រទេ​ស​​ជាតិយើងទាំងមូល។

ខ្ញុំ និងភរិយា សូមជូនពរបងប្អូនជួបតែសេចក្តីសុខ និងសំណាងល្អ ៕

ដោយជឹម ណារី