ចិនគ្រោងសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនដ៏ធំមួយនៅខេត្តសៀមរាបអោយរួចរាល់នៅត្រឹមឆ្នាំ២០២០

AKP សៀមរាប ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ —​ នៅក្នុងដំណើរទស្សនកិច្ចនៅខេត្តសៀមរាប កាលពីរសៀលថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ឡ ស៊ូកាង (Luo Shugang) រដ្ឋមន្រ្តីក្រសួងវប្បធម៌និងទេសចរណ៍ នៃសាធារណរដ្ឋប្រជាមានិតចិន បានចុះទៅពិនិត្យមើលការដ្ឋានសាងសង់ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិនដ៏ធំមួយ ដែលស្ថិតនៅក្នុងបរិវេណសណ្ឋាគារសុខាសៀមរាប ខេត្តសៀមរាប។

លោក Liu Zhijie ប្រធានការិយាល័យកុងស៊ុលចិនប្រចាំនៅខេត្តសៀមរាប បានអោយដឹងថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិននេះ ត្រូវបានក្រុមហ៊ុនចិន Yunnan Cultural Industry Investment Holding Group បានបណ្ដាក់ទុនជាង ៧០ លានដុល្លារ ដើម្បីសាងសង់ ហើយឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នេះ កំពុងសាងសង់លើផ្ទៃដីសរុបប្រមាណ ៣,៣  ហិកតា ដែលក្រោយពេលសាងសង់រួច ឧទ្យាននេះនឹងក្លាយជាបណ្ដុំនៃតំបន់ទេសចរណ៍បែបវប្បធម៌ រួមមាន រោងមហោស្រពញញឹមអង្គរ ចំនួន១.៥០០ កៅអី  សារមន្ទីរ Zhou Daguan មជ្ឈមណ្ឌលវប្បធម៌សម័យចេនឡា  មជ្ឈមណ្ឌលផ្លាស់ប្តូរវប្បធម៌កម្ពុជា-ចិន  មជ្ឈមណ្ឌលពិព័រណ៍ផលិតផលវប្បធម៌ និងភោជនីយដ្ឋាន ជាដើម។ បើតាមការអោយដឹងពីតំណាងរបស់ក្រុមហ៊ុន គម្រោងនេះ គ្រោងសាងសង់អោយរួចរាល់នៅត្រឹមឆ្នាំ២០២០ និងបើកអោយភ្ញៀវទេសចរចូលទស្សនាឈ្វេងយល់ពីវប្បធម៌ខ្មែរ និងចិន។

លោក ង៉ូវ សេងកាក់ ប្រធានមន្ទីរទេសចរណ៍ខេត្តសៀមរាបបានអោយដឹងថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន គឺមានសារៈសំខាន់ណាស់សម្រាប់បង្ហាញវប្បធម៌កម្ពុជា-ចិន ជាពិសេសការបង្ហាញពីវប្បធម៌ខ្មែរព្រោះនៅក្នុងឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន មានសម្តែងពីវប្បធម៌ខ្មែរ ដូចជាការ កសាងអង្គរ ចំម្បាំងរបស់កងទ័ពខ្មែរនៅសម័យបុរាណ និងការបង្ហាញពីទំនៀមទំលាប់ប្រពៃណីខ្មែរជាច្រើនទៀត។

លោកបានបញ្ជាក់ថា ឧទ្យានច្នៃប្រឌិតវប្បធម៌កម្ពុជា-ចិន នឹងធ្វើអោយទំនាក់ទំនងផ្នែកវប្បធម៌កម្ពុជា-ចិនកាន់តែរឹងមាំ ជាពិសេសនឹងទាក់ទាញភ្ញៀវទេសចរណ៍ចិនអោយមកទស្សនាកម្ពុជាកាន់តែច្រើនបន្ថែមទៀត ព្រោះបច្ចុប្បន្ននេះ ចិនគឺជាទីផ្សារទេសចរណ៍ដ៍សំខាន់របស់កម្ពុជា៕

ដោយ ឃុត សៅ