ទេសាភិបាលធនាគារជាតិនៃកម្ពុជា៖ បច្ចេកវិទ្យាហិរញ្ញវត្ថុត្រូវបានចាត់ទុកថា ជាផ្នែកមួយនៃ​បដិវត្តន៍ឧស្សាហកម្មទី៤ នៅក្នុងវិស័យហិរញ្ញវត្ថុ

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ — ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានចាត់បច្ចេកវិទ្យាហិរញ្ញវត្ថុគឺជាផ្នែកមួយ​នៃ​បដិវត្ដន៍​ឧស្សាហម្មទី៤ នៅក្នុងវិស័យហិរញ្ញវត្ថុ ហើបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនបាន​កាត់​បន្ថយកម្រៃសេវានិងហានិភ័យ ព្រមទាំងជំរុញបរិយាប័ន្នហិរញ្ញវត្ថុថែមទៀត។

ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅសាល សន្និសីទចតុម្មុខ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជាបានគូសបញ្ជាក់ថា ប៉ុន្តែបច្ចេកវិទ្យាហិរញ្ញវត្ថុមួយចំនួនទៀតដូចជា ទ្រព្យសកម្ម Crypto បាន​បង្កហានិភ័យដល់​សេដ្ឋកិច្ច ដោយសារការប្រែប្រួលតម្លៃយ៉ាងឆាប់រហ័ស និងគ្មានការធានា​លើការប្តូរជាសាច់​ប្រាក់​ដោយស្ថាប័នណាមួយឡើយ។

ឯកឧត្តមបានបន្ដថា បច្ចុប្បន្ន បច្ចេកវិទ្យាហិរញ្ញវត្ថុនៅ​កម្ពុជា​​បាន​រីកចម្រើនយ៉ាង​ឆាប់រហ័ស​ប៉ុន្តែស្ថិតក្នុងដំណាក់កាលដំ​បូងនៅឡើយ ដោយសារ​ភាគច្រើន​នៃ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុ​កំពុង​ប្រើប្រាស់នៅក្នុងការទូទាត់ប៉ុណ្ណោះ។ ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជា បន្ត​តាមដាន​​​​ការអភិវឌ្ឍ​បច្ចេកវិទ្យា​ហិរញ្ញវត្ថុនៅកម្ពុជាដោយប្រុង​ប្រយ័ត្ន និងឈ្វេងយល់ឱ្យបានច្បាស់ពី​អត្ថប្រយោជន៍​ និង​ហានិភ័យនៃផលិតផល Fintech ជាពិសេសពង្រឹង​កិច្ចការពារ​សុវត្ថិភាពបច្ចេកវិទ្យា “Cyber Security”។ ឯកឧត្តមទេសាភិបាល​បានបន្ថែមថា ទន្ទឹមនេះ ​ត្រូ​វបន្តពង្រឹង​​បទប្បញ្ញត្តិគ្រប់គ្រង​បច្ចេកវិទ្យាហិរញ្ញវត្ថុឱ្យសមស្រប ដោយ​ថ្លឹងថ្លែងពី​សក្តានុពលនិងហានិភ័យ មុននឹងសម្រេច​អនុញ្ញាតដាក់ឱ្យដំណើរការក្នុង​វិស័យធនាគារ។

ឯកឧត្តមបានលើកឡើងថា តាមការរំពឹងទុកដោយសុទិដ្ឋិនិយមរបស់រាជរដ្ឋាភិ បាល ក៏ដូចជាស្ថាប័នហិរញ្ញវត្ថុអន្តរជាតិនានា សេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០១៩នេះ នឹងអាចបន្ត កើន​ឡើង​ក្នុងរង្វង់៧ភាគរយ ដែលគាំទ្រដោយការនាំចេញ វិស័យទេសចរណ៍ និងសំណង់។ ទោះយ៉ាងណា សេដ្ឋកិច្ចកម្ពុជា ក៏អាចប្រឈមនឹងកំណើនហានិភ័យខាងក្រៅ ស្របនឹងការ​ព្យាករណ៍​របស់មូលនិធិរូបិយវត្ថុអន្តរជាតិដែលបានព្យាករថាហានិភ័យកំពុង​មាននិន្នាការ​កើន​ឡើង ដោយបន្ថយការរំពឹងទុកលើកំណើនសេដ្ឋកិច្ចពិភពលោកនៅ ឆ្នាំ២០១៩​នេះ។

ឯកឧត្តមបានធ្វើការពន្យល់ថា សម្រាប់ហានិភ័យខាងក្រៅចម្បងៗដែលអាចមានឥទ្ធិពល​មកលើសេដ្ឋកិច្ចកម្ពុជារួមមានការអាចឡើងថ្លៃនៃប្រាក់ដុល្លារអាម៉េរិក ដែលនឹងអាចបង្កើនថ្លៃ ទំនិញនាំចេញរបស់កម្ពុជាក្នុងទីផ្សារអន្តរជាតិ ដោយសារ​កម្ពុជាមានកម្រិតដុល្លារូបនីយកម្ម ខ្ពស់។ ការរឹតត្បិតស្ថានភាពទីផ្សារហិរញ្ញវត្ថុអន្តរជាតិនិងតំបន់ ដោយសារលំហូរចេញនៃមូល ធនពីតំបន់ ក្រោមការអនុវត្តប្រក្រតីកម្មគោលនយោបាយរូបិយវត្ថុនៅក្នុង ប្រទេសអភិ វឌ្ឍន៍ មួយចំនួន។  ទន្ទឹមនេះ ការប្រឈមនឹងការបាត់បង់ប្រព័ន្ធអនុគ្រោះពន្ធ​លើការនាំចេញ​ពីកម្ពុជា និងការកើនឡើងនៃការប្រកួតប្រជែង ដោយសារកិច្ចព្រមព្រៀងរបស់ប្រទេស​នាំចូល​ទំនិញពីកម្ពុជា ជាមួយប្រទេសប្រកួតប្រជែងនាំទំនិញចេញដូចកម្ពុជា។

ឯកឧត្តមទេសាភិបាលបានលើកឡើងថា ក្នុងស្ថានភាពនេះ ធនាគារជាតិនៃកម្ពុជានឹង​បន្តពង្រឹងការរួមចំណែករបស់ខ្លួន ក្នុងការគាំទ្រកំណើនសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព សមភាព​ និងបរិយាប័ន្ន តាមរយៈការចូលរួមរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ការអភិវឌ្ឍ​វិស័យធនាគារ និងការពង្រឹងជំនឿទុកចិត្តមកលើវិស័យធនាគារនិងសេដ្ឋកិច្ចជាតិ។

ជាមួយគ្នានេះដែរ ចំពោះការលើកកម្ពស់បរិយាប័ន្នហិរញ្ញវត្ថុ ដែលជាគោលដៅចម្បង​មួយនៃការអភិវឌ្ឍវិស័យធនាគារ សេចក្តីព្រាងយុទ្ធសាស្ត្របរិយាប័ន្នហិរញ្ញវត្ថុនៅកម្ពុជា​ដែល​ត្រូវបានបញ្ចប់ ហើយនឹងត្រូវអនុម័តនាពេលខាងមុខ នឹងក្លាយជាមគ្គុទេ្ទសក៍ច្បាស់លាស់​មួយសម្រាប់ជំរុញបរិយាប័ន្នហិរញ្ញវត្ថុ សំដៅរួមចំណែកក្នុងគោលនយោបាយកាត់​បន្ថយ​ភាពក្រីក្ររបស់រាជរដ្ឋាភិបាល។

សូមបញ្ជាក់ថា នៅដើមឆ្នាំ២០១៩នេះ ធនាគារជាតិនៃកម្ពុជានឹងចេញផ្សាយរបាយការណ៍​ស្ថិរភាពហិរញ្ញវត្ថុជាសាធារណៈ ជាលើកដំបូង សម្រាប់ផ្តល់ជាព័ត៌មាននិងធាតុចូលក្នុងការ​រៀបចំគោលនយោបាយនិងគម្រោងវិនិយោគនានា ព្រមទាំងការសិក្សាស្រាវជ្រាវលើវិស័យ ហិរញ្ញវត្ថុ៕

ដោយ អ៊ុន​ រិទ្ធី