ទេសាភិបាលធនាគារជាតិនៃកម្ពុជា ស្នើឱ្យអង្គភាពក្រោមឱវាទទាំងអស់ បន្តអនុវត្តន៍វិធានការ លើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត

AKP ភ្នំពេញ ថ្ងៃទី២៧ ខែមករា ឆ្នាំ២០១៩ — ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានស្នើឱ្យអង្គភាពក្រោមឱវាទធនាគារជាតិនៃកម្ពុជា ទាំង អស់ បន្តអនុវត្តន៍វិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលបន្ថែមទៀត ផ្អែកលើយន្តការ​ទីផ្សារ​​ និងសន្សឹមៗ។ ថ្លែងក្នុងឱកាសបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ នៅសាល សន្និសីទ​ចតុម្មុខ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមាន​ប្រសាសន៍ថា ការអនុវត្ដវិធានការពង្រឹងការយល់ដឹងពីសារៈសំខាន់ប្រាក់រៀល  ការអនុវត្តយុទ្ធ នាការ “ខ្ញុំស្រឡាញ់ប្រាក់រៀល” ការបន្តអភិវឌ្ឍទីផ្សារអន្តរធនាគារនិងទីផ្សារប្តូរប្រាក់គឺ​ត្រូវតែ​បន្ដធ្វើជាប្រចាំ។ ទន្ទឹម​នេះ  ការអភិវឌ្ឍឧបករណ៍គោលនយោបាយរូបិយវត្ថុ និងការតាម ដាន​លើ​ការបង្កើន សមា​មាត្រឥណទានជាប្រាក់រៀលឱ្យបាន១០ភាគរយ នៃសំពៀត ឥណទានសរុបតាមការ គ្រោង​ទុកនៅ​ចុងឆ្នាំ២០១៩នេះ។

ឯកឧត្តមបានបញ្ជាក់ថា ការលើកកម្ពស់ប្រសិទ្ធភាពគោលនយោបាយរូបិយវត្ថុគឺ​ជាបេសកកម្មចម្បងរបស់ធនាគារជាតិនៃកម្ពុជាគឺការរក្សាស្ថិរភាពថ្លៃ សំដៅគាំទ្រការរីកចម្រើន សេដ្ឋកិច្ច។ ឯកឧត្តមទេសាភិបាលបានបន្ដថា ក្នុងរយៈពេលពីរទសវត្សរ៍ចុងក្រោយនេះ កម្ពុជា រក្សាបានស្ថិរភាពថ្លៃល្អប្រសើរ ដោយអត្រាអតិផរណាមានកម្រិតទាបអាចគ្រប់គ្រងបាន ជា​មធ្យមក្នុងកម្រិត៣.៥ភាគរយ ជាមួយនឹងស្ថិរភាពអត្រាប្តូរប្រាក់ក្នុងរង្វង់៤.០២៥ រៀលក្នុងមួយ​ដុល្លារអាម៉េរិក។

ឯកឧត្តមបានលើកឡើងថា ទោះបីជាវិធានការលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀល កន្លងមកបានបង្កើនបរិមាណប្រាក់រៀលក្នុងចរាចរណ៍និងប្រាក់បញ្ញើជារៀលជាលំដាប់ ក៏ បរិមាណនេះមានកម្រិតទាបនៅឡើយធៀបនឹងបរិមាណរូបិយវត្ថុទូទៅ ដែលបញ្ហានេះបន្តធ្វើ ឱ្យការអនុវត្តគោលនយោបាយរូបិយវត្ថុមិនទាន់មានភាពពេញលេញនៅឡើយ។ ជាមួយ គ្នា​នេះ តាមបទពិសោធន៍អន្តរជាតិ ជោគជ័យនៃការលើកកម្ពស់ការប្រើប្រាស់រូបិយវត្ថុជាតិ ទាមទារនូវកិច្ចខិតខំជាប្រចាំនិងពេលវេលាវែង ជាមួយនឹងកិច្ចសហការពីគ្រប់ភាគីពាក់ព័ន្ធ។

ឯកឧត្ដមទេសាភិបាលបានលើកឡើងទៀតថា ក្រៅពីនេះ អង្គភាពពាក់ព័ន្ធគួរយក​ចិត្តទុកដាក់ផងដែរថា ដោយសារនិន្នាការនៃការប្រែប្រួលតម្លៃប្រាក់ដុល្លារអាម៉េរិក ពិសេស ចំពោះរូបិយប័ណ្ណនៃប្រទេសក្នុងតំបន់ កម្ពុជាក៏អាចរងសម្ពាធនេះផងដែរ។ ក្នុងស្ថានភាពនេះ គោលនយោបាយអត្រាប្តូរប្រាក់ត្រូវបន្តអនុវត្តឡើងដោយប្រុងប្រយ័ត្ន និងស្របតាមមូល ដ្ឋានសេដ្ឋកិច្ច ដើម្បីរក្សាស្ថិរភាពអត្រាប្តូរប្រាក់ ព្រមទាំងបញ្ចៀសផលប៉ះពាល់ទៅលើជំនឿ ទុកចិត្ត និងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច៕

ដោយ អ៊ុន រិទ្ធី