នាវាទេសចរណ៍យក្ស MARELLA DISCOVERY នាំភ្ញៀវទេសចរជាង ២.០០០នាក់ ចូលចតកំពង់ផែសមុទ្រខេត្ដព្រះសីហនុ

AKP ព្រះសីហនុ ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ — នាវាទេសចណ៍បរទេសមួយគ្រឿងឈ្មោះ  MARELLA DISCOVERY បាននាំភ្ញៀវទេសចរ ចម្រុះជាតិសាសន៍ជាង២.០០០នាក់ ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុប្រកបដោយ សុវត្ថិភាព ដើម្បីធ្វើទស្សនកិច្ចនៅព្រះរាជាណាចក្រកម្ពុជារយៈពេលមួយថ្ងៃ មុននឹងចាកចេញ​ទៅកាន់ប្រទេសវៀតណាមវិញ។ ការចូលចតនេះធ្វើឡើង ​កាលពីព្រឹកថ្ងៃសៅរ៍ ៦រោជ  ខែបុស្ស ឆ្នាំច សំរឹទ្ធិសក័ ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៦ ខែមករា ឆ្នាំ ២០១៩ ។

មន្ត្រីនគរបាលប៉ុស្តិ៍ច្រកទ្វារកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ បានឱ្យដឹងថា នាវា  MARELLA DISCOVERY មានសញ្ជាតិ MALTA   មានបណ្តោយប្រវែង ២៦៤.៣ម៉ែត្រ ទទឹង ៣២.៣ម៉ែត្រ ជម្រៅទឹក ៨ម៉ែត្រ បាននាំភ្ញៀវទេសចរបរទេសចម្រុះជាតិសាសន៍ជាង ២.០០០នាក់ ចូលតាមច្រកកំពង់ផែសមុទ្រក្រុងព្រះសីហនុ ក្នុងនោះភ្ញៀវទេសចរបរទេសចំនួន ១.៧៩០នាក់ ស្រី ៩២៣នាក់ មាន ៩សញ្ជាតិ និងមាននាវិកសរុបចំនួន ៧៥៥នាក់ ស្រី ១៣៦នាក់ មាន ៤៣សញ្ជាតិ ។

នាវា MARELLA DISCOVERY បាននាំភ្ញៀវទេសចរចម្រុះជាតិសាសន៍ចេញពីប្រទេស Thai   ចូលចតកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង៦ និង ២០នាទី ព្រឹកថ្ងៃទី២៦  ខែមករា ឆ្នាំ២០១៩ នាវាមានគម្រោងចាកចេញពីកំពង់ផែអន្តរជាតិក្រុងព្រះសីហនុ នៅវេលាម៉ោង២១  ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ ឆ្ពោះទៅកាន់ប្រទេសវៀតណាម ។

ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវាទេសចរណ៍ MARELLA DISCOVERY  មានច្រើនសញ្ជាតិ ហើយក្នុងចំណោមភ្ញៀវដែលមានសញ្ជាតិ ច្រើនជាងគេមានដូចជា British ១.៧៤៩នាក់ និងមានភ្ញៀវទេសចរសញ្ជាតិផ្សេងៗទៀត ។  ភ្ញៀវទេសចរដែលធ្វើដំណើរតាមនាវា MARELLA DISCOVERY ចំនួន ២នាក់ ស្រី ១នាក់ មាន ១សញ្ជាតិ បានបន្តដំណើរទៅកម្សាន្តបន្តនៅរមនីយដ្ឋានប្រវត្តិសាស្ត្រអង្គរ ខេត្តសៀមរាប  ៕

ដោយ ងូ សុមុនី