អភិបាលខេត្ដកំពង់ចាម អញ្ជើញចូលរួមបិទសន្និបាតបូកសរុបការងារអប់រំឆ្នាំសិក្សា២០១៧-២០១៨ និងទិសដៅឆ្នាំសិក្សា២០១៨-២០១៩របស់មន្ទីរអប់រំខេត្ត

AKP កំពង់ចាម ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម គួច ចំរើន អភិបាលខេត្ដកំពង់ចាម បានអញ្ជើញចូលរួមបិទសន្និបាតបូកសរុប​ការងារ និងការ​វាយតម្លៃលើវិស័យអប់រំ យុវជននិងកីឡា ខេត្តកំពង់ចាមសម្រាប់ឆ្នាំ សិក្សា២០១៧-២០១៨​និងការលើកទិសដៅឆ្នាំសិក្សា២០១៨-២០១៩ ដែលបានដំណើរការ អស់រយៈពេល២ថ្ងៃ នៅសាលសន្និសីទសាលាខេត្តកំពង់ចាម កាលពីរសៀលថ្ងៃសុក្រ ៥រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩។

លោក លី ម៉េងសាន​ ប្រធានមន្ទីរអប់រំ យុវជននិងកីឡា ខេត្តកំពង់ចាមបានបញ្ជាក់ថា ក្នុងឆ្នាំសិក្សាថ្មី២០១៨-២០១៩នៅទូទាំងខេត្ត មានមតេ្តយ្យសិក្សាសរុបចំនួន ២៧០កន្លែង មានសិស្សសរុបចំនួន ២.៣៧១៥នាក់។ ចំពោះបឋមសិក្សាមាន ៤០៦កន្លែង មានសិស្សសរុប ១៤៣.២៤៦នាក់ និងមធ្យមសិក្សាមាន១២៣កន្លែង និងមានសិស្រសរុប ៦៣.៧២៥នាក់។

លោកបានបន្ដថា លទ្ធផលនៃការសិក្សាសិស្សជាប់មធ្យមភាគគឺមានជាង៨០ភាគរយ សិស្ស​ប្រឡងជាប់សញ្ញាបត្រមធ្យមសិក្សាបឋមភូមិមានជាង៩៣ភាគរយ និងសិស្សប្រឡងជាប់​សញ្ញាប័ត្រ មធ្យមសិក្សាទតិយភូមិមានជាង៥៧ភាគរយ។
ឯកឧត្តម គួច ចំរើន បានកោតសរសើរ​និងវាយតម្លៃខ្ពស់ចំពោះលទ្ធផលដែលសម្រេច​បាន​នាឆ្នាំសិក្សាកន្លងមក ព្រោះតែលោកគ្រូ អ្នកគ្រូ ជាធនាគារនៃគំនិត និងជាធនាគារ​នៃ ភាពវៃឆ្លាត ជាពុម្ព ជាជាងចម្លាក់ក្នុងការផលិតធនធានមនុស្សថ្មី។

ឯកឧត្តមបន្ដថា ការ​ទទួល បានភាពជោគជ័យ ក៏ព្រោះតែភាពឧស្សាហ៍និងការនឹកឃើញពួកគាត់​ដែលបានលះបង់​ខ្លាំង ណាស់ ទាំងកម្លាំងកាយ ទឹកចិត្ត និងប្រាជ្ញា​ដើម្បីផ្តល់ចំណេះដឹងឱ្យមនុស្សជំនាន់ក្រោយ។​ ឯកឧត្តមអភិបាលខេត្តបានបញ្ជាក់ថា ដើម្បីឱ្យវិស័យអប់រំមានគុណភាព និងប្រសិទ្ធភាពនោះ ត្រូវយកចិតទុកដាក់លើកកម្ពស់គុណភាពអប់រំគ្រប់ភូមិសិក្សា លើកកម្ពស់សមត្ថភាពគ្រូ បង្រៀន ពង្រឹងពង្រីកនូវបរិមាណអប់រំគឺប្រមូលសិស្សដល់វ័យសិក្សាឱ្យចូលរៀន ពិសេស សិស្សជួបការលំបាកឱ្យបានចូលរៀន។ ឯកឧត្តមក៏បានណែនាំដល់មន្ទីរអប់រំ ត្រូវពង្រីក​សាលាកុមារមេត្រីភាពធ្វើការទំនាក់ទំនងនិងសហប្រតិបត្តិការជាមួយសហគមន៍ជាតិនិងអន្តជាតិ រៀបចំបរិស្ថានសាលា និងថ្នាក់រៀនឱ្យបានល្អ និងណែនាំសិស្សានុស្ស ត្រូវធ្វើកូនល្អ សិស្សល្អជាទពាំងស្នងឬស្សីសម្រាប់អនាគត ជាសសរទ្រូងរបស់ប្រទេសជាតិ ហើយចៀសឱ្យ​ឆ្ងាយពីគ្រឿងញៀន និងគោរពច្បាប់ចរាចរណ៍។ ឯកឧត្តមក៏បានសំណូមពរដល់ដល់មន្ត្រីអប់រំ​និងអ្នកពាក់ព័ន្ធលោកគ្រូ អ្នកគ្រូបន្តយកចិត្តទុកដាក់រិះរកគន្លឹះសំដៅធ្វើយ៉ាងណាឱ្យ សេវានៃ​ការអប់រំប្រកបដោយសមធម៌ គុណភាពខ្ពស់ ព្រោះថាលោកគ្រូ​អ្នកគ្រូជាអ្នកផលិតធនធាន​មនុស្សថ្មី៕

ដោយ ឆាយ ម៉ុត