អភិបាលខេត្ដកំពង់ចាម អំពាវនាវដល់អាជ្ញាធរគ្រប់លំដាប់ថ្នាក់ និងប្រជាពលរដ្ឋត្រៀម និងរក្សាទឹកទុក

AKP កំពង់ចាម ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម គួចចំរើន អភិបាលនៃគណៈអភិបាលខេត្តកំពង់ចាម​បានណែនាំ និងអំពាវនាវដល់​អាជ្ញាធរគ្រប់មូលដ្ឋាន និងប្រជាពលរដ្ឋក្នុងខេត្ត ត្រូវធ្វើត្រៀមលក្ខណៈជាមុនស្រេចក្នុងការ​រក្សា​ប្រភព​ទឹកទុកប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃ ជាពិសេសទឹកនៅតាមបឹងបួរ ព្រែក អូរ ​ប្រឡាយ ស្រះ ត្រពាំង ឱ្យ​បាន​ល្អ​សម្រាប់​ទុក​ប្រើប្រាស់ក្នុងជីវភាពប្រចាំថ្ងៃនិងស្រោចស្រព​ដំណាំ​កសិកម្ម​ផ្សេង​ៗ ដើម្បីទប់ទល់នឹងហានិភ័យកំណើនកំដៅនាពេលខាងមុខ។ ការអំពាវ​នាវនេះ​ធ្វើឡើងក្នុងពិធីបិទសន្និបាតបូកសរុបការងារអប់រំឆ្នាំសិក្សា២០១៧-២០១៨និង ទិសដៅឆ្នាំសិក្សា២០១៨-២០១៩របស់មន្ទីរអប់រំ យុវជន និងកីឡា ខេត្តកំពង់ចាម​កាលពីថ្ងៃទី​២៥ ខែមករា ឆ្នាំ២០១៩នៅសាលសន្និសីទសាលាខេត្តកំពង់ចាម។

ឯកឧត្តមអភិបាលខេត្តបានលើកឡើងថា តាម​ការ​ព្យាករណ៍​របស់​អ្នកជំនាញ នៃ​ក្រសួង​ធនធានទឹក និង​ឧតុនិយម ឆ្នាំ​នេះ​ធាតុអាកាស​ក្តៅ​ ដែលនឹង​ហក់​ឡើង​ខ្ពស់​ជាង​បណ្តា​ឆ្នាំ​មុន​ៗ ដូចនេះ​អាចមានការ​ប្រឈម​ទៅ​នឹងការខ្វះខាតទឹកសម្រាប់ការរស់នៅ​ប្រចាំថ្ងៃរបស់​បងប្អូនពិសេសកសិករដែលការធ្វើការដាំដុះដំណាំស្រូវ គឺនឹង​មានការ​ប៉ះពាល់ខ្លាំងដោយពុំ​មានទឹក​ស្រោចស្រព​ដំណាំ និងរងការខាតបង់ថែមទៀត។​ដូចនេះការងារបង្កបង្កើន​ស្រូវរដូវ​ប្រាំងមិនត្រូវធ្វើឡើយចាប់ពីពេលនេះតទៅ ដោយត្រូវរក្សាទឹកទាំងនោះ ទុករក្សាប្រើប្រាស់​ប្រចាំថ្ងៃ ព្រមទាំងដំណាំរួមផ្សំក្រៅពីដំណាំស្រូវ។

ឯកឧត្តមអភិបាលខេត្តបានលើកឡើង​ថា ចាប់ពី​ពេល​នេះ​ទៅអាជ្ញាធរគ្រប់លំដាប់ថ្នាក់ គ្រប់មូលដ្ឋាន និង​មន្ទីរ​ជំនាញ ក៏​ដូច​ជា​អ្នក​ពាក់ព័ន្ធ​ទាំងអស់​ត្រូវ​យកចិត្តទុកដាក់ និង​អប់រំណែនាំ​ឱ្យកសិករ​ទាំងអស់ ​ដែល​កំពុង​តែ​ផលិត​នូវដំណាំ​កសិកម្មគ្រប់ប្រភេទ​ពិសេស​ដំណាំស្រូវត្រូវធ្វើម្តងបានហើយ ដើម្បីចៀសវាងការខាតបង់ដោយខ្វះទឹកស្រោចស្រពនៅ​ពេល​ខាង​មុខ​នេះ។ ឯកឧត្តមក៏បានអំពាវនាវដល់អាជ្ញាធរក្នុងមូលដ្ឋាន ទាំងអស់ ត្រូវផ្សព្វ​ផ្សាយដល់ប្រជាពលរដ្ឋក្នុងការស្តារអណ្តូងជាប្រភពទឹកប្រើប្រាស់ និងស្រះត្រពាំងរបស់ខ្លួន ឱ្យបានល្អសម្រាប់ប្រើប្រាស់ក្នុងគ្រួសារ៕

ដោយ ឆាយ ម៉ុត