ក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគ លើគម្រោងធំៗចំនួន៤បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ

AKP ភ្នំពេញ  ថ្ងៃទី ២៥ ខែមករា ឆ្នាំ ២០១៩  — ក្រុមហ៊ុនអចលនទ្រព្យ ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប នឹងបន្តបោះទុនវិនិយោគ លើគម្រោងធំៗ ចំនួន៤ បន្ថែមទៀត ក្នុងខេត្តព្រះសីហនុ ក្រោយគម្រោងធំៗចំនួន២ បានបញ្ចប់ជាស្ថាពរ និង៨គម្រោងទៀត កំពុងស្ថិតក្នុងដំណាក់កាលសាងសង់។ក្នុងពិធីជួបជុំបុគ្គលិករបស់ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត និងអបអរពិធីបុណ្យចូលឆ្នាំចិន កាលពីថ្ងៃទី២៤ ខែមករា ឆ្នាំ ២០១៩នេះ នៅមជ្ឈមណ្ឌលកោះពេជ្រ លោក ឈួវ គួរស៊ីញ ប្រធានក្រុមប្រឹក្សាភិបាល នៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានបញ្ជាក់ថា ក្រោមការ ដឹកនាំរបស់ ក្រុមប្រឹក្សាភិបាល ដែល មានលោកប្រធាន ចេន ហ្ស៊ី ជាប្រមុខ ក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានប្រមូលផ្តុំកម្លាំងបុគ្គលិកចំនួន ៩៧៨ នាក់ ហើយផ្តោតលើយុទ្ធសាស្ត្រ អភិវឌ្ឍន៍ “បេះដូងមួយនិងស្លាបពីរ” គឺយករាជធានីភ្នំពេញជាបេះដូង ហើយយកខេត្តព្រះ សីហនុ និងខេត្តសៀមរាបជាស្លាបទាំងពីរ ដើម្បីសំដៅអភវិឌ្ឍន៍ទីផ្សារអចលនទ្រព្យ។ លោក បន្តថា នៅក្នុងឆ្នាំ២០១៨ គម្រោងចំនួនពីរបានបញ្ចប់ការសាងសង់ជាស្ថាពរ ដែលរួមមាន មជ្ឈមណ្ឌល ព្រីនស៍ ផ្លាហ្សា ស្ថិតនៅរាជធានីភ្នំពេញ មានផ្ទៃដីសរុប១៦.៣០០ ម៉ែត្រការ៉េ និង សណ្ឋាគារព្រីនស៍ ថាម ហូថេល ស្ថិតក្នុងខេត្តព្រះសីហនុ មានផ្ទៃក្រឡានៃសំណង់អគារ សរុប១៣៣.៤០០ ម៉ែត្រការ៉េ។

លោកបានបន្ថែមថា ក្រៅពីគម្រោងទាំងពីរ ដែលត្រូវបាន បញ្ចប់ខាងលើនេះ គម្រោងចំនួន ៨ទៀត បានកំពុងស្ថិតក្នុងការសាងសង់ ដែលរួមមាន ព្រីនស៍ ម៉ូឌើន ផ្លាហ្សា ព្រីនស៍ អ៊ីនធើណាសិនណល ផ្លាហ្សា មជ្ឈមណ្ឌលកម្សាន្ដ ព្រីនស៍ ម៉ាណ័រ សួនឧស្សាហកម្ម ខេម អិម ជេ ផាក អគារទីស្នាក់ការកណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ព្រីនស៍ អាយធី បៀលឌីង ព្រីនស៍ ធាន ស៊ី វ៉ាន និងព្រីនស៍ ស្មាតហ្គាឌិន ដែលជាគម្រោងដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ (ស៊ីធី សេនធើ) ដែលមានផ្ទៃដី សរុប ប្រមាណ ៤៨១.៣០០ ម៉ែត្រការ៉េ ហើយមានផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៨៥៩.៨០០ ម៉ែត្រការ៉េ។ ដោយឡែកនៅក្នុងឆ្នាំ ២០១៩នេះ គម្រោងចំនួន ៤ទីតាំងទៀត នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់ រួមមានដូចជា ព្រីនស៍ ហេបភីនេស ផ្លាហ្សា ទីស្នាក់ការ កណ្តាលនៃក្រុមហ៊ុនព្រីនស៍ រៀល អ៊ីស្ទេត គ្រុប ខេត្តព្រះសីហនុ មន្ទីរពេទ្យ បុរីផ្ទះវីឡានៃ គម្រោងព្រីនស៍ ស៊ីធី សេនធើ ដំណាក់កាលទីមួយរបស់គម្រោងព្រីនស៍ (កោះតាកៀវ) ដែលមានផ្ទៃដីសរុប ១៩៦ ម៉ឺនម៉ែត្រការ៉េ និងផ្ទៃក្រឡាសំណង់អគារសរុបប្រមាណ ៤៣,៩៨ ម៉ឺនម៉ែត្រការ៉េ។ គួរបញ្ជាក់ថា ក្នុងអំឡុងវត្តមានរយៈពេលបីឆ្នាំនៅកម្ពុជា ក្រុមហ៊ុន ព្រីនស៍ រៀល អ៊ីស្ទេត គ្រុប បានអភិវឌ្ឍខ្លួនពីក្រុមហ៊ុនអចលនទ្រព្យធម្មតា ទៅជាសហគ្រាស ចម្រុះ ខ្នាតធំ លំដាប់ អន្តរជាតិ ដោយមានក្រុមហ៊ុនបុត្រសម្ព័ន្ធរហូតដល់៣០ក្រុមហ៊ុន ជាមួយនឹង ទុនវិនិយោគសរុបជាង ១.៥០០លានដុល្លារអាម៉េរិក ទៅលើ គម្រោងអគារខុនដូធំៗ និង មជ្ឈមណ្ឌលពាណិជ្ជកម្ម៕

ដោយ ម៉ៅ ចរិយា