រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម៖ ក្រុមហ៊ុន កូកា-កូឡា រង់ចាំសហការជាមួយមន្ត្រីកាំកុងត្រូល ដើម្បីទប់ស្កាត់ផលិតផលខុសច្បាប់នៅលើទីផ្សារ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្មបញ្ជាក់ថា  អគ្គនាយកដ្ឋានកាំកុង ត្រូលកំពុងស្ថិតក្នុងដំណាក់កាលកែទម្រង់យ៉ាងសំខាន់ ដើម្បីពង្រឹងប្រសិទ្ធភាពការងារសំដៅ ការពារអត្ថប្រយោជន៍ជូនប្រជាពលរដ្ឋ និងវិស័យឯកជន ដូច្នេះក្រុមហ៊ុនភេសជ្ជៈកម្ពុជា (កូកា-កូឡា)លីមីធីត រង់ចាំសហការជាមួយគ្នាលើកិច្ចការបង្ក្រាបផលិតផលខុសច្បាប់នៅតាម ហាងលក់ទំនិញ និងទីផ្សារ។

យោងតាមបណ្តាញទំនាក់ទំនងសង្គមហ្វេសប៊ុករបស់ក្រសួងពាណិជ្ជកម្ម បានឱ្យដឹង ថា កាលពីរសៀលថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅទីស្តីការក្រសួងពាណិជ្ជកម្ម ឯកឧត្តម ប៉ាន សូរស័ក្តិ បានជម្រាបជូនលោក David Wigglesworth នាយកគ្រប់គ្រងទូទៅនៃក្រុមហ៊ុន ភេសជ្ជៈកម្ពុជា (កូកា-កូឡា) អំពីកម្មវិធីកំណែទម្រង់ស៊ីជម្រៅរបស់រាជរដ្ឋាភិបាល ដើម្បី សម្រួលការធ្វើពាណិជ្ជកម្មនៅតាមព្រំដែន និងទាក់ទាញវិនិយោគិនសំដៅពង្រឹងឯករាជ្យភាព និងសមត្ថភាពប្រកួតប្រជែងរបស់កម្ពុជានៅលើឆាកអន្តរជាតិ។

នៅក្នុងឱកាសនោះ ឯកឧត្តមរដ្ឋមន្ត្រីក៏បានលើកឡើងអំពីកិច្ចប្រឹងប្រែងរបស់ក្រសួង ពាណិជ្ជកម្ម ក្នុងការចងក្រងលិខិតបទដ្ឋានគតិយុត្តសំខាន់ៗដូចជា ច្បាប់ស្តីពីសុវត្ថិភាពម្ហូប អាហារច្បាប់ស្តីពីកិច្ចការពារអ្នកប្រើប្រាស់ និងច្បាប់ស្តីពីការប្រកួតប្រជែងដែលនៅពេល អនុម័តនឹងជួយពង្រឹងតួនាទី និងដែនសមត្ថកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូលក្នុងការទប់ ស្កាត់ទំនិញខូចគុណភាព និងខុសច្បាប់ព្រមទាំងសកម្មភាពធុរកិច្ចមិនស្មោះត្រង់នៅក្នុង ប្រទេសកម្ពុជា។

លើសពីនោះ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ក៏បានសម្តែងការគាំទ្រចំពោះគម្រោង របស់ក្រុមហ៊ុនក្នុងការផលិតភេសជ្ជៈកូកា-កូឡា សម្រាប់បម្រើវិស័យទេសចរណ៍នៅតាម សណ្ឋាគារ ភោជនីយដ្ឋាន និងកាស៊ីណូ ព្រមទាំងការចូលរួមទប់ស្កាត់សកម្មភាពឃោសនា ពាណិជ្ជកម្ម ដែលមានលក្ខណៈបោកបញ្ឆោតអ្នកប្រើប្រាស់នៅតាមប្រព័ន្ធផ្សព្វផ្សាយ និងកម្ម វិធីបណ្តាញសង្គមនានា។

ជាមួយគ្នានោះ លោក David Wigglesworth បានជម្រាបជូន ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ អំពីវឌ្ឍនភាពធុរកិច្ចរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា(កូកា-កូឡា)លីមីធីត ដែលកាល ពីឆ្នាំ២០១៨ ប្រាក់ចំណេញពីការលក់សរុបរបស់ក្រុមហ៊ុនបានកើនឡើង១២ភាគរយ ព្រម ទាំងបានថ្លែងអំណរគុណដល់ ឯកឧត្តមរដ្ឋមន្ត្រី ដែលកន្លងមក តែងតែគាំទ្រផលិតផលកូកា-កូឡា និងប្រតិបត្តិការធុរកិច្ចរបស់ក្រុមហ៊ុនភេសជ្ជៈកម្ពុជា លីមីធីត។

លោក David Wigglesworth បានជម្រាបជូនអំពីកម្មវិធីសង្គហធម៌ (ការជួយសង្គម) របស់ក្រុមហ៊ុន និងបានសន្យាផ្តល់នូវប៉មទឹកស្អាតមួយ ដែលមានសមត្ថភាពចម្រោះទឹកស្អាត ចំនួន១០០០លីត្រ ក្នុងមួយថ្ងៃអាចជួយបង្ការជំងឺរបស់ប្រជាពលរដ្ឋនៅតាមសហគមន៍ជូន ក្រសួងពាណិជ្ជកម្ម ដើម្បីប្រើប្រាស់ទៅតាមតម្រូវការចាំបាច់៕ ដោយ សាយ សុន (រូបថត៖ ក្រសួងពាណិជ្ជកម្ម)