ឯកអគ្គរដ្ឋទូតចិន អះអាងថា ផ្លូវល្បឿនលឿនពីភ្នំពេញទៅខេត្តព្រះសីហនុគ្រោងនឹងចាប់ផ្តើម សាងសង់ នៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ឯកឧត្តម Wang Wentian ឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជា បានអះអាង ថា ដំណើរការចាប់ផ្តើមសាងសង់ផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ខេត្តព្រះសីហនុ គ្រោងនឹង ចាប់ដំណើរការសាងសង់នៅខែមីនា ឆ្នាំ២០១៩ខាងមុខនេះហើយ។ ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតចិនបែបនេះ គឺធ្វើឡើងក្នុងសន្និសីទបូកសរុបលទ្ធផលនៃដំណើរទស្សនកិច្ច របស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃព្រះរាជាណាចក្រកម្ពុជាទៅកាន់ប្រទេសចិន កាលពីព្រឹកថ្ងៃទី២៥ ខែមករាឆ្នាំ២០១៩ នៅស្ថានទូតចិនប្រចាំកម្ពុជា។

ឯកឧត្តម Wang Wentian បានលើកឡើងថា ផ្លូវល្បឿនលឿននេះ គឺមានប្រវែង ១៩០គីឡូ​ម៉ែត្រ ដែលគ្រោងនឹងចំណាយពេលសាងសង់ចំនួន៤ឆ្នាំ និងចំណាយថវិកាប្រមាណជាង ២.០០០លានដុល្លារអាម៉េរិក។

សូមបញ្ជាក់ផងដែរថា ផ្លូវល្បឿនលឿនពីភ្នំពេញ ទៅខេត្ដព្រះសីហនុនេះ មាន​ប្រវែងសរុប១៩០គីឡូម៉ែត្រ ដែលត្រូវសាងសង់ ដោយក្រុមហ៊ុនចិន ក្រោមរូបភាពវិនិ​យោគ​សាងសង់-ធ្វើអាជីវកម្ម-ផ្ទេរ (BOT)។ គម្រោងផ្លូវ ល្បឿនលឿននេះ នឹងត្រូវឆ្លងកាត់រាជធានី ខេត្តចំនួន៤ គឺរួមមាន រាជធានីភ្នំពេញ ខេត្តកណ្តាល កំពង់ស្ពី និងខេត្តព្រះសីហនុ ក្នុងនោះ​គឺឆ្លងកាត់ ៦ស្រុក ១ខណ្ឌ ២ក្រុង ៣១ឃុំ/សង្កាត់ និង១១០ភូមិ។

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេចតេជោ ហ៊ុន សែន កាលពីពេលថ្មីៗនេះ បានលើក ឡើងថា ផ្លូវល្បឿនលឿននេះ គឺមានសារៈសំខាន់ខ្លាំងណាស់សម្រាប់កម្ពុជា ក្នុងការជំរុញ កំណើនសេដ្ឋកិច្ច ពិសេសគឺភ្ជាប់រវាងប៉ូលសេដ្ឋកិច្ចភ្នំពេញ និងខេត្តព្រះសីហនុ៕

ដោយ ចាន់ សុធីវង្ស