រដ្ឋមន្ត្រីក្រសួងព័ត៌មានជំរុញឱ្យស្ថាប័នពាក់ព័ន្ធ បន្ដរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយ​ដែលបំពុលដល់សង្គម

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្ត្រីក្រសួងព័ត៌មានបានជំរុញឱ្យស្ថាប័នពាក់ព័ន្ធរួមគ្នាប្រឆាំងព័ត៌មានក្លែងក្លាយដែលបំពុលសង្គមដើម្បីកុំឱ្យប្រជាពលរដ្ឋភាន់ច្រឡំខុសពីការពិត និងនាំឱ្យមានផលវិបាកបង្កភាព​ចលា ចលក្នុងសង្គម។

ថ្លែងក្នុងពិធីសំណេះសំណាល និងអបអរសាទរ ខួបលើកទី៤០ឆ្នាំ នៃការចេញផ្សាយកាសែត កម្ពុជាលេខដំបូង កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្រ្តី ក្រសួងព័ត៌មានបានមានប្រសាសន៍ថា មន្ត្រីក្រសួង ស្ថាប័នថ្នាក់ជាតិ ដែលនៅពេលមាន ព័ត៌មានមិនពិតពាក់ព័ន្ធទៅនឹងអង្គភាពខ្លួនត្រូវធ្វើការបកស្រាយ និងពន្យល់ឱ្យបានលឿន និង ទាន់ពេលវេលាដើម្បីកុំឱ្យមានការសង្ស័យ និងយល់ច្រឡំពីសំណាក់មហាជន។ ឯកឧត្តម រដ្ឋមន្ត្រីបានស្នើឱ្យមន្ត្រីជំនាញពាក់ព័ន្ធត្រៀមអនុវត្តន៍ឱ្យបានល្អក្នុងនោះប្រឆំាងព័ត៌មានក្លែង បន្លំ ដែលបង្កជាបញ្ហាដល់សង្គម ចិត្តសាស្រ្ត ទាមទារឱ្យមន្ត្រីព័ត៌មានគ្រប់ផ្នែកទាំងអស់រួមគ្នា ធ្វើការឱ្យបានសកម្មភាពថែមទៀត។

ឯកឧត្តមបានបន្ដថា ចំពោះមន្ត្រីក្រសួងព័ត៌មានត្រូវតាមដាន​និងថតទុកនូវព័ត៌មាន ដែលក្លែងក្លាយធ្វើការវាយប្រហាខុសការពិតធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍ជាតិ ដើម្បីទុកជា ឯកសាររៀបចំចាត់វិធានការតាមផ្លូវច្បាប់។ ឯកឧត្តមគូសបញ្ជាក់ទៀតថា ការបន្សាបព័ត៌មាន​ក្លែងក្លាយមិនពិតនៅក្នុងសង្គមនេះ គឺមានសារៈសំខាន់ដើម្បីកុំឱ្យសាធារណមតិ​យល់ខុសពី​ការពិត ខណៈបច្ចុប្បន្នព័ត៌មានមិនពិតបានកើតឡើងច្រើនមាន​ចរិកញុះញ៉ុង​បង្កភាពវឹកវរនាំ​ឱ្យ​មានផលវិបាកក្នុងសង្គម។

ក្នុងឱកាសនោះដែរ ឯកឧត្តម រដ្ឋមន្ត្រីក្រសួងព័ត៌មានក៏បានរម្លឹកអនុស្សាវរីយ៍ផ្អែមល្ហែម សាមគ្គីភាព និងមិត្តភាពឡើងវិញ ជាមួយសហការីជាអ្នកកាសែតកម្ពុជាប្រមាណ១៧០នាក់ ដែលបានមកជួបជុំគ្នានៅព្រឹកថ្ងៃនេះ ដើម្បីបង្ហាញពីការនឹករលឹក និងដឹងគុណចំពោះមន្ត្រី​អ្នកសាព័ត៌មានដែលបម្រើការងារក្នុងវិស័យព័ត៌មានចាប់ពីឆ្នាំ១៩៧៩មក។

សូមរម្លឹកថា កាសែតកម្ពុជា គឺជាប្រព័ន្ធផ្សាយរបស់រណសិរ្យសាមគ្គីសង្គោះជាតិកម្ពុជា ដែលបានចេញផ្សាយច្បាប់ទី១នៅថ្ងៃទី២៥ខែមករាឆ្នាំ១៩៧៩ ពោលគឺត្រឹមតែ១៨ថ្ងៃបន្ទាប់ពី រំដោះបានភ្នំពេញ ពីរបបកម្ពុជាប្រជាធិបតេយ្យ៕

ដោយ គង់ សិរីរ័ត្ន រូបថត៖ ខឹម​ សុវណ្ណារ៉ា