ធនាគារជាតិនៃកម្ពុជាលើកឡើងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជា ក្នុងឆ្នាំ២០១៩នេះ  ត្រូវបានរំពឹងថា នឹងបន្ដស្ថិតនៅក្នុងរង្វង់៧ភាគរយ

AKP ភ្នំពេញ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ — ទេសាភិបាលធនាគារជាតនៃកម្ពុជាបានអះអាងថា អត្រាកំណើនសេដ្ឋកិច្ចកម្ពុជាក្នុង​ឆ្នាំ ២០១៩នេះ ត្រូវបានរំពឹងថា នឹងបន្ដស្ថិតនៅក្នុងអត្រារង្វង់៧ភាគរយ ជាមួយនឹងការរក្សាបាន ស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងហិរញ្ញវត្ថុរឹងមាំ ខណៈសេដ្ឋកិច្ចពិភពលោកត្រូវបានព្យាករណ៍ថា មានកំណើនកម្រិត​ទាបជាងឆ្នាំ២០១៨។ក្នុងពិធីបើកសន្និបាតបូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០១៨ និងទិសដៅការងារ ឆ្នាំ២០១៩ របស់ធនាគារជាតិនៃកម្ពុជា  កាលពីព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ នៅសាល សន្និសីទចតុម្មុខ ឯកឧត្តម ជា ចាន់តូ ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានមានប្រសាសន៍ ថា ស្ថានភាពម៉ាក្រូសេដ្ឋកិច្ចកម្ពុជាមានលំនឹងល្អប្រសើរ ដោយអត្រាអតិផរណាមាន​កម្រិត​ទាប អត្រាប្ដូរប្រាក់មានស្ថិរភាពតាមការគ្រោងទុក ហើយទុនបម្រុងអន្ដរជាតិដែលជាទ្រព្យ សម្បត្ដិរបស់ជាតិក៏បានកើន ឡើងជាលំដាប់ និងស្ថិតនៅក្នុងកម្រិតខ្ពស់ ស្មើនឹង៥ខែនៃការ នាំចូល​ទំនិញ និងសេវានៅឆ្នាំបន្ទាប់។ ឯកឧត្តមបានបញ្ជាក់ថា បរិយាកាសអំណោយផល នៃសេដ្ឋកិច្ចពិភពលោក និងតំបន់ គួបផ្សំនឹងផ្លែផ្កានៃការអនុវត្ដគោលនយោបាយរបស់រាជ រដ្ឋាភិបាលក្នុងការជំរុញកំណើន បានធ្វើឱ្យកំណើនសេដ្ឋកិច្ច កម្ពុជាកើនឡើងដល់៧.៣ ភាគរយ កាលពីឆ្នាំ២០១៨ ដែលជាកម្រិតខ្ពស់ធៀបនឹងរយៈពេល៤ឆ្នាំកន្លងទៅ និងនៅលើ កម្រិតមធ្យមនៃកំណើនសេដ្ឋកិច្ចកំពុងងើបឡើង និងកំពុងអភិវឌ្ឍន៍។ ឯកឧត្តមបានបន្ដថា កំណើនសេដ្ឋកិច្ចនេះ គាំទ្រដោយការបន្តហូរចូលនៃវិនិយោគផ្ទាល់បរទេស កំណើនខ្ពស់នៃ​ការ​នាំចេញ និងភាពរឹងមាំនៃតម្រូវការក្នុងស្រុក គួបផ្សំនឹងការអនុវត្តគោលនយោបាយ​សម​ស្រប​របស់រាជរដ្ឋាភិបាលក្នុងការរក្សាស្ថិរភាពម៉ាក្រូសេដ្ឋកិច្ច និងជំរុញកំណើន ព្រមទាំងភាព​អំណោយផលនៃបរិយាកាសសេដ្ឋកិច្ចពិភពលោកនិងតំបន់។

ឯកឧត្តមបានបន្ដទៀតថា ការរក្សាបានអត្រាអតិផរណាទាបមួយផ្នែកគឺដោយសារការ រក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់ និងការគ្រប់គ្រងការផ្គត់ផ្គង់រូបិយវត្ថុ ស្របនឹងស្ថានភាពសេដ្ឋ​កិច្ច។ ទន្ទឹមនេះ ធនាគារ ជាតិនៃកម្ពុជា បានធ្វើអន្ដរាគមន៍ដោយប្រុងប្រយ័ត្ន ផ្អែកតាមតម្រូវ ការ​ទីផ្សារ ដើម្បីរក្សា​ការប្រែប្រួលអត្រាប្ដូរប្រាក់ឱ្យមានកម្រិតទាបសំដៅពង្រឹងជំនឿទុកចិត្ដ របស់អ្នកវិនិយោគិនក៏ដូចជាអ្នកប្រើប្រាស់ក្នុងការពង្រីកសកម្មភាពសេដ្ឋកិច្ចរបស់ខ្លួន។

ឯកឧត្តមទេសាភិបាលបន្ថែមថា ធានាគារជាតិនៃកម្ពុជាបានបន្ដអនុវត្ដន៍វិធានការលើក កម្ពស់ការប្រើប្រាស់ប្រាក់រៀលផ្អែកលើយន្ដការទីផ្សារ និងស្ថានភាពជាក់ស្ដែងដូចជា ការ លើកកម្ពស់ ការយល់ដឹងពីសារៈសំខាន់ប្រាក់រៀល ការដាក់ឱ្យដំណើរការប្រព័ន្ធសេវាទូទាត់ រហ័ស ដែលមានភាពអំណោយផលដល់ការទូទាត់ជាប្រាក់រៀល ការផ្ដល់សន្ទនីយភាពជា​ប្រាក់រៀលតាមប្រតិបត្តិការដល់ គ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុ និងតម្រូវឱ្យគ្រឹះស្ថានធនាគារ​និងហិរញ្ញវត្ថុមានសមាមាត្រឥណទាន ជាប្រាក់រៀលយ៉ាងហោចណាស់១០ភាគរយ នៅត្រឹម ឆ្នាំ២០១៩។

សូមបញ្ជាក់ថា កាលពីឆ្នាំ២០១៨កន្លងទៅនេះ កម្ពុជារក្សាបានស្ថិរភាពអត្រាប្ដូរប្រាក់ល្អ ប្រសើរ បើ​ធៀប​ទៅបណ្ដាប្រទេសក្នុងតំបន់ដែលបានប្រឈម និងធ្លាក់ថ្លៃរូបិយវត្ថុធៀបនឹង ដុល្លារអាម៉េរិក។ ស្ថិរភាពអត្រាប្ដូរប្រាក់នេះ​ ក៏ត្រូវបានមជ្ឈដ្ឋានអន្ដរជាតិទទួលស្គាល់ថាជា កត្ដាចម្បងមួយក្នុង​ការពង្រឹង ជំនឿទុកចិត្ដលើសេដ្ឋកិច្ចកម្ពុជាផងដែរ៕

ដោយ អ៊ុន រិទ្ធី