ស្នងការខេត្តពោធិ៍សាត់​ ជំរុញភាគីថៃពន្លឿននីតិវិធីក្នុងការបើកច្រកលេខ៥៦ថ្មដា​ ឱ្យបានឆាប់រហ័ស​ ដើម្បីសម្រួលជីវភាពប្រជាជននៃប្រទេសទាំងពីរ

AKP ពោធិ៍សាត់ ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ -ស្នងការខេត្តពោធិសាត់បានជំរុញភាគីថៃជួយពន្លឿននីតិវិធី​ក្នុងការបើកច្រកផ្លូវ៥៦ថ្មដាឱ្យបានឆាប់ ដើម្បីជួយសម្រួលជីវភាពប្រជាជននៃប្រទេសទំាងពីរ។ ការស្នើសុំនេះគឺធ្វើឡើង​នៅក្នុងកិច្ចជំនួបរបស់ក្រុមប្រតិភូថៃដឹកនាំដោយឧត្តមនាវីត្រី សាយ៉ាន់ អៃយ: រ៉ារ៉ាត់ នាយសេនាធិការបញ្ជាការដ្ឋានការពារព្រំដែនច័ន្ទបូរី – ត្រាត ជាមួយលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការនគរបាលខេត្តពោធិ៍សាត់​ កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស​ ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩​ នៅស្នងការដ្ឋាននគរបាលខេត្តពោធិ៍ សាត់ ។

លោកឧត្តមនាវីត្រី សាយ៉ាន់ អៃយ:រ៉ារ៉ាត់ បានជម្រាបថា គោលបំណងដែលលោកបានដឹកនាំប្រតិភូសុំចូលជួបសម្ដែងការគួរសមនាពេលនេះគឺដើម្បីពង្រឹងចំណងមេត្រីភាពជាមួយថ្នាក់ដឹកនាំខេត្តពោធិ៍សាត់(ប្រទេសកម្ពុជា)និងខេត្តច័ន្ទបូរី-ខេត្តត្រាត(ប្រទេសថៃ)លើកិច្ចសហប្រតិបត្តិការបង្ក្រាប​ បទល្មើសគ្រឿងញៀន ការឆ្លងដែនខុសច្បាប់ និងពង្រឹកកិច្ចសហប្រតិបត្តិការ ការពារខ្សែបន្ទាត់ព្រំដែនរួមគ្នា​ ឱ្យបានល្អប្រសើរ​ និងបានសំណូមពរសូមឱ្យភាគីកម្ពុជាជួយផ្សព្វផ្សាយដល់ពលរដ្ឋខ្មែរបានយល់ដឹងអំពីច្បាប់នៅប្រទេសថៃផងដែរ។

លោកឧត្តមនាវីត្រីសាយ៉ាន់ អៃយ:រ៉ារ៉ាត់ក៏បានសន្យាផងដែរថាភាគីថៃនឹងខិតខំជួយការពារពលរដ្ឋខ្មែរដែលចូលទៅធ្វើការងារនៅក្នុងប្រទេសថៃដោយស្របច្បាប់ផងដែរ។

ក្នុងឱកាសនោះលោកឧត្តមសេនីយ៍ទោ សារុន ចាន់ធី ស្នងការ​នគរបាលខេត្តពោធិ៍ សាត់ និងជាតំណាងដ៏ខ្ពង់ខ្ពស់ ឯកឧត្តម​ ម៉ៅ ធនិន អភិបាលខេត្ត បានសម្តែងនូវស្វាគមន៍ចំពោះដំណើរបំពេញទស្សនកិច្ចរបស់ក្រុមប្រតិភូថៃ ដែលកន្លងមកថ្នាក់ដឹកខេត្តនិងកងកម្លាំងខាងភាគីកម្ពុជា តែងមានកិច្ចសហប្រតិបត្តិការល្អជាមួយគ្នាក្នុងការការពារខ្សែបន្ទាត់ព្រំដែននិងការទប់ស្កាត់បង្ក្រាបបទល្មើសនានា។

លោកស្នងការមានប្រសាសន៍ថា នឹងខិតខំបន្តពង្រឹងនិងរឹតចំណងមេត្រីភាពនេះឱ្យកាន់តែជិតស្និទ្ធនិងមានភាពជឿជាក់គ្នាទៅវិញទៅមកក្នុងនាមបងប្អួនដែលជាប្រទេសជាប់ភូមិផងរបងជាមួយ និងមានអរិយធម៌ វប្បធម៌ស្រដៀងគ្នាផងដែរ។ ជាមួយគ្នានេះលោកស្នងការក៏សំណូមពរខាងភាគីថៃសូមរក្សាចំណងមិត្តភាពដ៏ល្អនេះឱ្យបានជានិច្ចនិរន្តរ។

នៅក្នុងឱកាសនោះលោកស្នងការនគរបាលខេត្តពោធិ៍សាត់ក៏បានសំណួមពរថ្នាក់ដឺកនាំប្រតិភូថៃសូមជួយបង្កើនថ្ងៃចេញ-ចូលតាមច្រកលេខ៥៦ និងជួយពន្លឿននីតិវិធីក្នុងការបើកច្រកលេខ៥៦ថ្មដានេះឱ្យបានឆាប់រហ័សផងដែរ ដើម្បីសម្រូលក្នុងការដោះដូរទំនិញកសិផលគ្នាទៅវិញទៅមករវាងប្រជាជននៃប្រទេសទាំងពីរ។ ចំពោះបញ្ហានេះខាងភាគីថៃបានសន្យាថានឹងនាំយកសំណួមពរទាំងនោះទៅជម្រាបជូនថ្នាក់ដឹករបស់ខ្លួនដើម្បីឆ្លើយតបនៅពេលក្រោយ៕

ដោយ ណៅ ធឿន