ឯកឧត្តម​ ប៉ាន សូរស័ក្តិ ​ជួបពិភាក្សាការងារ​ជាមួយគណៈ​ប្រតិភូធុរជនអាម៉េរិក

AKP ភ្នំពេញ ថ្ងៃទី២៥ ខែ​មករា ឆ្នាំ២០១៩ -ប្រភពពីក្រសួង​ពាណិជ្ជកម្ម​បាន​ឱ្យដឹងថា​ នៅ​ទីស្តី​ការ​​ក្រសួង កាលពីថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម ប៉ាន សូរស័ក្តិ​ រដ្ឋមន្ត្រីក្រសួង​ពាណិជ្ជកម្ម​ បាន​ជួបពិភាក្សាការងារ​ជាមួយគណៈ​ប្រតិភូធុរជនអាម៉េរិក ដែលដឹកនាំ​ដោយ​លោក​ ណ័រមេន អារីកាវ៉ា (Norman Arikawa) ជំនួយការនាយកផ្នែកអភិវឌ្ឍន៍ពាណិជ្ជកម្ម ប្រចាំតំបន់កំពង់ផែឡូសអែនជឺលេស ។​

នៅក្នុង​ឱកាសនោះ​ឯកឧត្តម​​រដ្ឋមន្ត្រីបានបង្ហាញសក្តានុពលវិនិយោគកម្ពុជា និងជំរុញប្រតិភូធុរជន មកពីតំបន់កំពង់ផែឡូសអែនជឺលេស សហរដ្ឋអាមេរិក ធ្វើការវិនិយោគកែច្នៃ និងអភិវឌ្ឍន៍ខ្សែសង្វាក់តម្លៃកសិផលខ្មែរ ទៅជាផលិតផលម្ហូបអាហារ និងទំនិញប្រើប្រាស់ផ្សេងៗ ដើម្បីផ្គត់ផ្គង់តម្រូវការក្នុងស្រុក និងនាំចេញទៅកាន់ទីផ្សារអន្តរជាតិ។

ជាមួយគ្នានេះដែរ ឯកឧត្តម ប៉ាន សូរស័ក្តិ បានពន្យល់ពីសក្តានុពលនៃវិស័យកសិ កម្ម និងកម្មន្តសាល ដែលវិនិយោគិនបរទេស អាចទាញយកប្រាក់ចំណេញខ្ពស់ ពីការកែច្នៃវត្ថុធាតុដើម ទៅជាទំនិញប្រើប្រាស់ និងនាំចេញទៅកាន់ប្រទេសទីបី ដោយ​បាន​គូសបញ្ជាក់ថា​ កម្ពុជាសម្បូរទៅដោយភោគផលជាច្រើនដូចជា ស្រូវ និងដំឡូងមី ប៉ុន្តែយើងត្រូវការវិនិយោគិន ជួយកែច្នៃកសិផលទាំងនេះ ទៅជាទំនិញប្រើប្រាស់ និងផលិតផលសម្រេច ហើយក៏អាចដាក់ទុនផលិតសម្លៀកបំពាក់ និងកាបូបដាក់សម្ភារធ្វើដំណើរ ដើម្បីនាំចេញទៅកាន់ទីផ្សារសហរដ្ឋអាមេរិកផងដែរ។

ទន្ទឹមនឹងនេះ ឯកឧត្តមក៏បានលើកឡើងពីកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាល ក្នុងការទាក់ទាញវិនិយោគិន តាមរយៈការអនុវត្តកម្មវិធីកំណែទម្រង់ស៊ីជម្រៅ ការដាក់ចេញនូវគោលនយោបាយវិនិយោគ និងបើកចំហល្អជាងគេនៅក្នុងតំបន់ រួមជាមួយការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ ដូចជាអាកាសយានដ្ឋាន កំពង់ផែអន្តរជាតិ តំបន់សេដ្ឋកិច្ចពិសេស ផ្លូវល្បឿនលឿន និងផ្លូវដែក ដើម្បីជំរុញកិច្ចសម្រួលពាណិជ្ជកម្ម និងលើកកម្ពស់វិស័យ​ទេស​ចរណ៍ ជាដើម។

ដោយ​ឡែក​ លោក ណ័រមេន អារីកាវ៉ា បានសម្តែងក្តីរំភើបចំពោះវឌ្ឍនភាព និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា និងបានថ្លែងអំណរគុណ ឯកឧត្តមរដ្ឋមន្ត្រី ប៉ាន សូរស័ក្តិ ដែលបានពន្យល់ពីគោលនយោបាយរបស់រាជរដ្ឋាភិបាល និងចែករំលែកនូវព័ត៌មានល្អៗ ទាក់​ទិន​នឹងឱកាសវិនិយោគលើវិស័យសំខាន់ៗនៅក្នុងប្រទេសកម្ពុជា។

លោកប្រធានគណៈប្រតិភូរូបនេះក៏បានសន្យាថានឹង​ជួយផ្សព្វផ្សាយអំពីសក្តានុពលរបស់កម្ពុជា ទៅកាន់តំបន់កំពង់ផែឡូសអែនជឺលេស ដើម្បីកៀរគរធុរជនអាម៉េរិក ឱ្យចូលមកបណ្តាក់ទុនកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា សំដៅចូលរួមអភិវឌ្ឍន៍កំណើនសេដ្ឋកិច្ច និងកាត់បន្ថយភាពក្រីក្រ ជាមួយរាជរដ្ឋាភិបាលកម្ពុជា៕

ដោយ ទេស ច័ន្ទសុធារី