លទ្ធផលនៃការអង្កេតលើកទី២ លើការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងក្រុងសៀមរាប

AKP សៀមរាប ថ្ងៃទី២៥ ខែមករា ឆ្នាំ២០១៩ -មន្រ្តីអង្គការចលនាដើម្បីសុខភាពបង្ហាញថា លទ្ធផលនៃការអង្កេតលើកទី២  ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ក្នុងក្រុងសៀមរាប ដែលក្រុងទេសចរណ៍មួយនេះ ស្ថិតក្នុងគម្រោងនៃការដាក់បញ្ជូនជាទីក្រុងគ្មានផ្សែងបារី ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ឃើញថា ប្រជាពលរដ្ឋនៅក្នុងក្រុងមួយនេះមាន​ប្រមាណ ៧០ភាគរយ មានការយល់ដឹងច្បាប់ហាមជក់បារីនៅកន្លែងធ្វើការ និងនៅទីសាធារណៈ។

នៅក្នុងពិធីផ្សព្វផ្សាយលទ្ធផលនៃការអង្កេតលើកទី២ លើការអនុវត្តច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ក្នុងក្រុងសៀមរាប កាលពីរសៀលព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ពស ២៥៦២ ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ លោកវេជ្ជបណ្ឌិត មុំ គង់ នាយកប្រតិបត្តិ នៃអង្គការចលនាដើម្បីសុខភាព បាន​មានប្រសាសន៍ថា ក្រុងសៀមរាប គឺជាក្រុងទេសចរណ៍មួយ ដែលស្ថិតក្នុងគម្រោងនៃការដាក់បញ្ចូលជាទីក្រុងគ្មានផ្សែងបារី ដំបូងគេបង្អស់ក្នុងប្រទេសកម្ពុជា ហើយត្រូវបាន​រាជរដ្ឋាភិបាល និង​អង្គការសង្គមស៊ីវិលរួមគ្នាធ្វើការផ្សព្វផ្សាយ និងធ្វើសកម្មភាពផ្សេងៗបង្ហាញពីផលប៉ះពាល់នៃថ្នាំជក់ និងផ្សព្វផ្សាយច្បាប់ហាមជក់បារីនៅកន្លែងធ្វើការ និងនៅទីសាធារណៈ។

លោកបានបន្តថា នៅក្នុង​ឆ្នាំ២០១៨កន្លងមកនេះ មន្រ្តីពាក់ព័ន្ធបាន​ធ្វើ​ការអង្កេតចំនួនពីរលើក គឺលើកទី១ធ្វើក្នុងខែមករា និងលើកទី២ធ្វើក្នុងខែធ្នូ ឆ្នាំ២០១៨។ សម្រាប់លទ្ធផលនៃការអង្កេតលើកទី២ នៅក្នុងក្រុងសៀមរាបកន្លងទៅឃើញថា ប្រជាពលរដ្ឋមានការយល់ដឹងបានកាន់តែប្រសើរឡើង លើការងារអនុវត្តន៍គោលការណ៍បរិស្ថានគ្មានផ្សែងបារី នៅក្នុងក្រុងទេសចរណ៍មួយនេះមាន​ប្រមាណ ៧០ភាគរយ បើធៀបទៅនឹងកាលពីការអង្គេតលើកទី១មានប្រជាពលរដ្ឋមានការយល់ដឹងពីច្បាប់ហាមជក់បារីនៅកន្លែងធ្វើការ និងនៅទីសាធារណៈតែ ៥៨ភាគរយប៉ុណ្ណោះ។  ប៉ុន្តែបើទោះជាមានការយល់ដឹងយ៉ាងនេះក៏ដោយ ការបំពានច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់នៅតែមាន ដូចជានៅកន្លែងលក់គ្រឿងទេស ភោជនីយដ្ឋាន អាហារដ្ឋាន ហាងកាហ្វេ សណ្ឋាគារ ផ្ទះសំណាក់ជាដើម គឺនៅមិនទាន់បានបិទសញ្ញាហាមជក់បារី មានការជក់បារីនៅកន្លែងហាមឃាត់ មានការផ្សាយពាណិជ្ជកម្មបារី និង មានលក់បារីដែលគ្មានបំរាមសុខភាព ជាដើម ។

សូមបញ្ជាក់ថា បច្ចុប្បន្ននេះនៅលើពិភពលោកមានមនុស្សស្លាប់៦លាននាក់ក្នុងមួយឆ្នាំ ក្នុងនោះមាន៦សែននាក់បានស្លាប់ដោយសារស្រូបផ្សែងបារីពីអ្នកជក់។ អ្នកស្លាប់ទាំងនោះ   បណ្តាលមកពីកើតជំងឺមហារីកសួត ជំងឺស្ទះសរសៃបេះដូង ដាច់សរសៃឈាមខួរក្បាល ជំងឺរបេង ត្បៀតទងសួតរ៉ាំរ៉ៃ ជាដើម។ ប្រសិនបើសិនគ្មានការទប់ស្កាត់ឱ្យមានប្រសិទ្ធភាពទេនោះ ផលិតផលថ្នាំជក់អាចនឹងសម្លាប់មនុស្ស៨លាននាក់នៅឆ្នាំ២០៣០ ហើយអ្នកស្លាប់៨០ភាគរយ ស្ថិតនៅក្នុងតំបន់ ប្រទេសកំពុងអភិវឌ្ឍន៍។

ដើម្បីអនុវត្ដន៍បរិស្ថានគ្មានផ្សែងបារី ក្រុងសៀមរាបត្រូវបានស្ថិតនៅក្នុងគម្រោងដាក់ជាទីក្រុងគ្មាន​ផ្សែងបារី បន្ទាប់ពីតំបន់រមណីយដ្ឋានអង្គរត្រូវបានដាក់ជាតំបន់គ្មានផ្សែងបារីកាលពីឆ្នំា២០១៥។ ដើម្បីឱ្យគម្រោងដាក់ក្រុងសៀមរាប​គ្មានផ្សែងបារីដំណើរការទៅបានដោយជោគជ័យ គ្រប់ស្ថាប័នរដ្ឋ និងឯកជន ភោជនីយដ្ឋាន ផ្ទះសំណាក់ សណ្ឋាគារ ទាំងអស់ត្រូវចូលរួមទប់ស្កាត់ការជក់បារី នៅតំបន់ដែលពួកគេគ្រប់គ្រង និងនៅតាមទីសាធារណៈ ដើម្បីកុំឱ្យប៉ះពាល់ដល់សុខភាពពលរដ្ឋ៕

ដោយឃុត សៅ