សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន អញ្ជើញចុះជួបសំណេះ​សំណាល និងផ្តល់អំណោយមនុស្សធម៌ជូនចាស់ជរាគ្មានទីពឹង និងជនពិការសរុបចំនួន​ ៥.០៧៧គ្រួសារនៅខេត្តប៉ៃលិន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា បានដឹកនាំ គណៈប្រតិភូបំពេញបេសកកម្មមនុស្សធម៌រយៈពេល​ពីរថ្ងៃ ដើម្បី​ចុះជួបសំណេះ​សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ជូនដល់ចាស់ជរាគ្មានទីពឹង ស្ត្រីមេម៉ាយកូនច្រើន កុមារកំព្រា ជនពិការ និងអ្នករស់នៅជាមួយ មេរោគអេដស៍​សរុបចំនួន​ ៥.០៧៧គ្រួសារ​ (ក្នុងនោះមានជនជាតិខ្មែរ-ឥស្លាមចំនួន​ ៧៣គ្រួសារ) រស់នៅក្នុងក្រុង/ស្រុក​ទាំង​ពីរ​ នៃខេត្តប៉ៃលិន។

ប្រភពពីកាកបាទក្រហមកម្ពុជាបានឱ្យដឹងថា  នាព្រឹកថ្ងៃព្រហស្បតិ៍​ទី​២៤​ ខែមករា​ ឆ្នាំ២០១៩​នេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ​ចុះជួបសំណេះ​សំណាល សួរសុខទុក្ខ និងផ្តល់អំណោយមនុស្សធម៌ សម្រាប់ប្រជាពលរដ្ឋ ងាយរងគ្រោះចំនួន​ ២.៦៧៤គ្រួសារ  នៅភូមិអូរតាវ៉ៅ​ សង្កាត់ប៉ៃលិន​ ក្រុងប៉ៃលិន។

ដោយឡែក​កាលពីព្រឹកថ្ងៃទី​២៣ ខែមករា ​ពិធីចែកអំណោយបាន​ប្រារព្ធធ្វើឡើង នៅភូមិអូរ កន្ធាងវ៉ា​ ឃុំស្ទឹងត្រង់​ ស្រុកសាលាក្រៅ​ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន​ ១.២៥១គ្រួសារ​ និងរសៀលថ្ងៃ​ដដែល បានប្រារព្ធធ្វើឡើងនៅភូមិដូង ឃុំស្ទឹងកាច់ ស្រុកសាលាក្រៅ សម្រាប់ប្រជាពលរដ្ឋងាយរងគ្រោះចំនួន ១.១៥២គ្រួសារ។

នៅក្នុងឱកាសជួបសំណេះសំណាល និងចែកអំណោយជូនប្រជាពលរដ្ឋទាំងនោះ សម្ដេចកិត្ដិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន បានសម្តែងក្តីសប្បាយរីករាយ និងពាំនាំនូវព្រះរាជ​បណ្តាំសួរសុខទុក្ខ ក្តីនឹករលឹក និងអាណិតស្រឡាញ់ពី សម្តេចព្រះមហាក្សត្រី ព្រះវររាជ មាតាជាតិខ្មែរ ព្រះប្រធានកិត្តិយសកាកបាទក្រហមកម្ពុជា ដែលព្រះអង្គតែងតែយកព្រះទ័យ ទុកដាក់ពីសុខទុក្ខរបស់ប្រជានុរាស្រ្តរបស់ព្រះអង្គ។

ជាមួយគ្នានេះ សម្តេចកិត្តិព្រឹទ្ធបណ្ឌិតប្រធាន បានថ្លែងអំណរគុណដល់សប្បុរសជន ទាំងក្នុងនិងក្រៅប្រទេស ដែលបានឧបត្ថម្ភគាំទ្រជាស្បៀង សម្ភារ និងថវិកា ដល់កាកបាទ ក្រហមកម្ពុជា ជាពិសេសក្នុងឱកាសនៃទិវា ៨ ឧសភា និងឱកាសផ្សេងៗ។ អំណោយដែល ចែកជូនប្រជាពលរដ្ឋនាពេលនេះ​ គ្រាន់តែជាការជួយសម្រាលការ​លំបាកបានមួយចំណែក ប៉ុណ្ណោះ​ ដូចនេះ​សូមបងប្អូនប្រជាពលរដ្ឋ​ខិតខំបង្កបង្កើនផល​ ដាំដំណាំរួមផ្សំផ្សេងៗទៀត ដើម្បីជួយលើកស្ទួយជីវភាពគ្រួសារ។

ទន្ទឹមនឹងនោះ ​ សម្តេចប្រធាន​ បានថ្លែងអំណរគុណ​ និងកោតសរសើរប្រកបដោយ មោទនភាពចំពោះប្រជាពលរដ្ឋដែលរស់នៅក្នុងទឹកដីប្រទេសកម្ពុជា ទោះសញ្ជាតិណា​ក៏ដោយ​ តែបងប្អូនចេះស្រឡាញ់គ្នា សាមគ្គី រស់នៅជាមួយ​គ្នាដោយភាពសុខដុមរមនា ក្រោមដំបូលនៃសុខសន្តិភាព។​

ក្នុងបរិយាកាសដ៏ស្និទ្ធស្នាលនេះដែរ​ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត បានផ្តាំផ្ញើ និងផ្ដល់នូវ អនុសាសន៍សំខាន់ៗមួយចំនួនដូចជា៖ យុវជនកាកបាទក្រហមកម្ពុជាដើរតួធ្វើជាគំរូល្អ ដល់អ្នកដទៃ និងជួយអូសទាញ ណែនាំមិត្តភក្តិ បងប្អូនឱ្យដើរផ្លូវត្រូវចៀសវាងការប្រព្រឹត្ត អំពើអបាយមុខផ្សេងៗ ដូចជាប្រើប្រាស់​គ្រឿងញៀន គ្រឿងស្រវឹង ឬល្បែងស៊ីសងគ្រប់ ប្រភេទ ដែលជាមូលហេតុបង្កឱ្យមានអំពើចោរកម្ម អំពើហិង្សាក្នុងគ្រួសារ សម្លាប់មនុស្ស និងធ្វើឱ្យបាត់បង់កិត្តិយសគ្រួសារ។ សូមថែទាំសុខភាពឱ្យបានល្អ ដោយត្រូវមានអនាម័យ ក្នុងការរស់នៅជាពិសេស ត្រូវបរិភោគទឹកដាំឆ្អិនជានិច្ចដើម្បីចៀសវាងកើតនូវជំងឺ តម្កាត់ផ្សេងៗដែលធ្វើឱ្យ​ប៉ះពាល់សេដ្ឋកិច្ចគ្រួសារ។ ត្រូវប្រុងប្រយ័ត្នរាល់ពេលបើកបរនិង ចូលរួមគោរពច្បាប់ចរាចរណ៍ឱ្យបានខ្ជាប់ខ្ជួន។ ចំពោះស្ត្រីមានផ្ទៃពោះ អញ្ជើញ ទៅពិនិត្យសុខភាពឱ្យបានទៀងទាត់ និងអនុវត្តន៍តាមការណែនាំរបស់គ្រូពេទ្យ​ ហើយត្រូវទៅ សម្រាលកូន​នៅមណ្ឌលសុខភាព និងមន្ទីរពេទ្យដែលមានពេទ្យឆ្មបជំនាញ​ ដើម្បីសុខភាព ម្តាយនិងទារក។  ត្រូវចៀសវាងឱ្យបានដាច់ខាតនូវការដែលនាំឱ្យឆ្លងមេរោគអេដស៍ ដល់ខ្លួន។ ដោយឡែកចំពោះអ្នកដែលរស់នៅជាមួយមេរោគអេដស៍ សូមទៅពិនិត្យសុខភាព និងលេបឱសថប្រឆាំងមេរោគឱ្យបានទៀតទាត់ ទៅតាមវេជ្ជបញ្ជាគ្រូពេទ្យ ជាពិសេស មិនត្រូវបន្តចម្លងទៅអ្នកដទៃ និងក្រុមគ្រួសារ ហើយត្រូវណែនាំអ្នកដទៃឱ្យចេះការពារ ខ្លួនជៀសវាងមានវិប្បដិសារីនៅថ្ងៃអនាគត។ សូមប្រយ័ត្នគ្រោះអគ្គិភ័យដែលនាំឱ្យ អន្តរាយដល់អាយុជីវិត ទ្រពសម្បត្តិ ព្រោះរដូវនេះ ជារដូវ​រាំងស្ងួត។

សូមបញ្ជាក់ថា  នេះជាការចុះសួរសុខទុក្ខ និងចែកអំណោយជាលើកទី៤ហើយ សម្រាប់ខេត្តប៉ៃលិនរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា ដែលលើកទី១នៅឆ្នាំ១៩៩៩ លើកទី២ឆ្នាំ២០១០ និងលើកទី៣ឆ្នាំ២០១៣។ អំណោយដែលយកមកចែកជូននាពេលនោះ ដោយគ្រួសារ នីមួយៗ ទទួលបាន អង្ករ៣០គីឡូក្រាម មី១កេស ត្រីខ១០កំប៉ុង មុង១ ភួយ១ សារុង១ ក្រមា១ និងអាវយឺត១។ ជាមួយគ្នានោះ គ្រួសារនីមួយៗទទួលបានក្រណាត់ស ១ដុំ និងថវិកា ១ម៉ឺនរៀលទៀត ដែលជាអំណោយរបស់សម្តេចតេជោនាយករដ្ឋមន្ត្រី និងសម្តេចកិត្តិ ព្រឹទ្ធបណ្ឌិត ហើយសម្រាប់ជនពិការទទួលបានរទេះជនពិការបន្ថែមចំនួន១គ្រឿង​ និងថវិកា​ ចំនួន១០០.០០០រៀល៕

ដោយ សាយ សុន (រូបថត៖កាកបាទក្រហមកម្ពុជា)