រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី៖ ក្រសួងវប្បធម៌ ត្រូវរៀបចំការធ្វើបញ្ជីបេតិកភណ្ឌ និងធ្វើ​ផែនទីកំណត់ធនធានវប្បធម៌ឱ្យបានច្បាស់លាស់នៅទូទាំងប្រទេស

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់បានជំរុញឱ្យក្រសួងវប្បធម៌ និង វិចិត្រសិល្បៈ ត្រូវរៀបចំការធ្វើបញ្ជីបេតិកភណ្ឌ និងការធ្វើផែនទីកំណត់ធនធានវប្បធម៌ឱ្យបាន​ច្បាស់​លាស់នៅទូទាំងប្រទេស ដើម្បីធានាការថែរក្សា ការពារសម្បត្ដិវប្បធម៌របស់ជាតិឱ្យមាន​សុវត្ថិភាព និងនិរន្ដរភាព។ក្នុងពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារវិស័យវប្បធម៌ឆ្នាំ២០១៨ និងលើកទិស ដៅការ ងារឆ្នាំ២០១៩ កាលពីព្រឹកថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ នៅសាលសន្និសីទចតុមុខ ឯកឧត្ដម ជា សុផារ៉ា ឧបនាយករដ្ឋមន្រ្ដី រដ្ឋមន្រ្ដីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និង សំណង់ បានមានប្រសាសន៍ថា ដើម្បីចូលរួមថែរក្សា និងការពារបេតិកភណ្ឌវប្បធម៌ទាំង អស់ឱ្យមានសុវត្ថិភាព និងប្រកបដោយនិរន្ដរភាព ក្រសួងវប្បធម៌ត្រូវរៀបចំផែនការឱ្យបាន​ច្បាស់លាស់ តាមរយៈការធ្វើបញ្ជីបេតិកភណ្ឌ និងការធ្វើផែនទីកំណត់ធនធានវប្បធម៌។

ឯកឧត្ដមឧបនាយករដ្ឋ​មន្រ្ដីបានបញ្ជាក់ថា ការរៀបចំផែនការនេះ គឺពិតជាមានសារៈ​សំខាន់ខ្លាំងណាស់ ដើម្បី​កំណត់ដឹងអំពីសក្ដានុពលវប្បធម៌របស់ជាតិ ព្រមទាំងជាមូលដ្ឋាន ឯកសារយ៉ាងរឹងមាំសម្រាប់ការចុះ បញ្ជីបេតិកភណ្ឌពិភពលោក និងមនុស្សជាតិ ជាពិសេស អាចទាមទារមកវិញនូវវត្ថុបុរាណដែលត្រូវ បានលួច ឬការធ្វើចរាចរដោយខុសច្បាប់។

ឯកឧត្តមរដ្ឋបានស្នើដល់ក្រសួងវប្បធម៌ ត្រូវរៀបចំតំបន់បេតិកភណ្ឌវប្បធម៌ រមណីយ ដ្ឋានវប្បធម៌ និងប្រវត្ដិសាស្រ្ដ ឱ្យបានកាន់តែប្រសើរឡើងបន្ថែមទៀត ដើម្បីថែរក្សា អភិរក្ស​នូវមរតក វប្បធម៌ដ៏មានតម្លៃរបស់ជាតិ ដើម្បីប្រែក្លាយជាគោលដៅទេសចរណ៍វប្បធម៌ផង និង​ជាទីកន្លែង សម្រាប់ថតខ្សែភាពយន្ដអន្ដរជាតិផងដែរ។ ឯកឧត្តមក៏បានអំពាវនាវ​ឱ្យកូនខ្មែរ ទាំងអស់ ស្រលាញ់ និងចូលរួមថែរក្សាការពារ និងលើកតម្កើងបេតិកភណ្ឌវប្បធម៌​ តម្លៃ វប្បធម៌ជាតិ ទំនៀមទម្លាប់ ប្រពៃណីដ៏ផូរផង់របស់កម្ពុជា និងចូលរួមផ្សព្វផ្សាយវប្បធម៌របស់ ជាតិតាមរយៈទិវាវប្បធម៌ជាតិ មហោស្រពភាពយន្ដ មហោស្រពបង្ហោះខ្លែងខ្មែរ ការរៀបចំ ពិព័រណ៍សៀវភៅថ្នាក់ជាតិ និងការប្រឡង​ប្រជែងស្នាដៃនានាដូចជាការសម្ដែង ការនិពន្ធរឿង និងកំណាព្យដោយត្រូវធ្វើការអភិរក្សតាមក្បួនខ្នាត​ដែលដូនតាខ្មែរយើងបានបន្សល់ទុកឱ្យ។

ឯកឧត្តមបានលើកឡើងទៀតថា រាជរដ្ឋាភិបាលតែងតែយកចិត្តទុកដាក់ និងចាត់ទុក​វប្ប​ធម៌ គឺជាដួងព្រលឹងជាតិ ជាកោសិកានៃសង្គម និងជាអត្ដសញ្ញាណជាតិខ្មែរដែលជាទ្រព្យ​មហាសាលពុំអាចកាត់ថ្លៃបាន ព្រមទាំងជាប្រភពមិនចេះរីងស្ងួត សម្រាប់ការអភិវឌ្ឍ​សេដ្ឋកិច្ច​ជាតិ និងផ្ដល់អាទិភាព ខ្ពស់ចំពោះការងារវប្បធម៌ បេតិកភណ្ឌក្នុងការអភិវឌ្ឍ និងអភិរក្ស​ប្រកបដោយចីរភាព។

លោកជំទាវ ភឿង សកុណា រដ្ឋមន្រ្ដីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានបញ្ជាក់ថា ចាប់ពីឆ្នាំ២០១៩នេះតទៅ ក្រសួងនឹងបន្ដការងារអភិរក្ស ដោយពិនិត្យមើលបា្រសាទដែល​ទទួលរងនូវហានិភ័យ​ ប្រាសាទបុរាណនានាដែលមានការខូចខាត និងវត្ដអារាមជាដើម ដែលកំពុងតែស្ថិតក្នុងបញ្ជីហានិភ័យ។ លោកជំទាវបានបន្ដថា ក្រៅពីការងារអភិរក្សបា្រសាទ ក្រសួងក៏កំពុងតែរៀបចំចងក្រងឯកសារមួយចំនួនទៀតផងដែរ ដើម្បីចុះក្នុងបញ្ជីបេតិកភណ្ឌ វប្បធម៌អរូបី​បន្ថែម ដូចជាតម្បាញសូត្រ និងគ្រឿងចម្លាក់ជាដើម ដើម្បីថែរក្សា ការពារសម្បត្ដិ​វប្បធម៌របស់ជាតិឱ្យបានគង់វង្ស៕

ដោយ អ៊ុន រិទ្ធី