គ្រូបង្វឹក អេ ភូថង ជំរុញឱ្យកូនៗទាំង៤នាក់ហ្វឹកហាត់ប្រដាល់គុនខ្មែរ ដោយចង់រក្សាកេរ ដំណែលក្បាច់គុនត្រកូល អេ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ — អតីតកំពូលអ្នកប្រដាល់គុនខ្មែរ អេ ភូថង ដែលល្បីល្បាញ ខ្លាំងកាលពីជាង១០ឆ្នាំមុន បច្ចុប្បន្ន ជាគ្រូបង្វឹក ដែលកំពុងលើកទឹកចិត្ត ជួយជ្រោមជ្រែងឱ្យកូនប្រុសស្រីទាំង៤ នាក់របស់លោក​ហ្វឹកហាត់ ប្រដាល់គុនខ្មែរនេះ ដើម្បីរក្សាកេរដំណែលក្បាច់គុនត្រកូលអេ។ នេះជាការលើក ឡើងរបស់លោក នៅក្នុងពេលបង្វឹកដល់កូនសិស្សរបស់លោក នៅក្លិបអេភូថង នៃពហុកីឡ ដ្ឋានជាតិ។ លោក អេ ភូថង គ្រូបង្ហាត់ប្រដាល់គុនខ្មែរក្លិប អេ ភូថង កំពុងខិតខំជំរុញឱ្យកូនប្រុស៣នាក់ និងកូនស្រីម្នាក់របស់លោកហ្វឹកហាត់ប្រដាល់គុនខ្មែរ ដើម្បីក្លាយខ្លួនជាកីឡាករ កីឡាការិនី អាជីពសាងភាពល្បីល្បាញ ក្នុងពិភពកីឡាប្រដាល់គុនខ្មែរ។ បច្ចុប្បន្នកូនប្រុស-ស្រីទាំង៤នាក់ របស់លោកត្រូវបានណែនាំតម្រង់ទិសឱ្យចូលហ្វឹកហាត់ប្រដាល់ជាមួយលោកទាំងអស់ ហើយ ក្នុងចំណោមកូន៤នាក់នេះ គឺកីឡាការិនី អេ យ៉ានុត ភូថង ដែល​ជាកូនស្រីបង កីឡាករ អេវិរៈខាំឈីត កូនប្រុសបងទី២ និងកូនប្រុសទី៣ អេ អម្រឹតភូថង កំពុងសាងភាព ល្បីល្បាញ ជាបណ្តើរៗហើយ បន្ទាប់ពីពួកគេទទួលបានឱកាសឡើងប្រកួតលើសង្វៀនប្រដាល់តាមប៉ុស្តិ៍​ទូរទស្សន៍ជាញឹកញាប់នោះ។

លោកអះអាងថា ទោះបីពួកគេមានភារកិច្ចជាប់ហ្វឹកហាត់ប្រដាល់រាល់ថ្ងៃក្តី ប៉ុន្តែការសិក្សា របស់ពួកគេ នៅតែបន្តជាប់ជានិច្ចមិនដែលអាក់ខានឡើយ ដោយលោកជាអ្នកបង្ហាត់ផ្ទាល់នៅ ពេលដែលពួកគេទំនេរពីការសិក្សា។ លោកពន្យល់ថា មូលហេតុដែលលោកជំរុញឱ្យ​កូនៗ ទាំង៤នាក់ចូលប្រឡូកក្នុងវិស័យប្រដាល់គុន ខ្មែរបន្តវេនពីលោកបែបនេះ ដោយសារលោក ចង់ឱ្យ​កូនៗរបស់លោកទាំងអស់ចេះក្បាច់ប្រដាល់គុនខ្មែរ ដើម្បីរក្សាកេរដំណែលក្បាច់គុន ក្នុងត្រកូល អេ ទៅដល់កូនចៅពួកគេជំនាន់ក្រោយៗទៀត ក៏ដូចជារួមចំណែកលើក ស្ទួយ​វិស័យកីឡាប្រដាល់គុនខ្មែររបស់ជាតិឱ្យកាន់តែរីកចម្រើនផងដែរ។

សូមរម្លឹកថា លោក អេ ភូថង ជាអតីតអ្នកប្រដាល់គុនខ្មែរល្បីឈ្មោះខ្លាំងជាងគេនៅកម្ពុជា កាលពីជាង១០ឆ្នាំមុន ហើយរាល់ពេលលោកឡើងសង្វៀនប្រកួតអន្តរជាតិម្តងៗគឺ ទទួលបាន ការគាំទ្រយ៉ាងខ្លាំង។ បច្ចុប្បន្ន អតីតកំពូលអ្នកប្រដាល់គុនខ្មែររូបនេះបានចូលនិវត្តន៍​លាលែង ពីការឡើងសង្វៀនប្រកួតហើយ ដោយ​លោក​ងាកមកចាប់អាជីពជាគ្រូបង្វឹក និងចៅក្រមអាជ្ញា កណ្តាលវិញម្តង៕

ដោយ ហេង ណាលីន