អភិបាលខេត្តតាកែវ បិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩ របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ

AKP តាកែវ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ -កាលពីព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច​សំរឹទ្ធិស័ក ព.ស ២៥៦២ត្រូវនឹងថ្ងៃទី២៣​ ខែមករា ឆ្នាំ២០១៩ នៅសាលប្រជុំមន្ទីរសុខាភិបាលខេត្តតាកែវបានរៀបចំពិធីបិទសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅការងារបន្តឆ្នាំ២០១៩របស់សាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក្រោមអធិបតីភាពឯកឧត្តម អ៊ូច ភា អភិបាលនៃគណៈអភិបាលខេត្ត តាកែវ និងជាប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក ស្រីប្រធាន អនុប្រធានមន្ទីរ អង្គភាពជុំវិញខេត្ត មន្ត្រីរាជការកងកម្លាំងប្រដាប់អាវុធ និងយុវជនស្ម័គ្រចិត្តកាកបាទក្រហមកម្ពុជាខេត្តតាកែវ។

ក្នុងពិធីនោះ ឯកឧត្តម អ៊ូច ភា បានធ្វើការលើកទឹកចិត្តដល់មន្ត្រីសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវទាំងអស់ ដែលបានខិតខំប្រឹងប្រែងក្នុងសកម្មភាពការងារមនុស្សធម៌ដោយសហការគ្នាបានល្អប្រសើរ។ ដូច្នេះយើងត្រូវខិតខំប្រឹងប្រែងបន្តទៀតលើដំណើរការមនុស្សធម៌ និងបានចាត់ទុកកាកបាទក្រហមបានដើរតួនាទីដ៏សំខាន់សម្រាប់ជួយជនរងគ្រោះ ជនងាយរងគ្រោះ ដែលមិនអាចខ្វះបាន។

ឯកឧត្តមអភិបាលខេត្ត មានប្រសាសន៍បន្តថា កាកបាទក្រហមដែលស្ថិតក្រោមការដឹកនាំរបស់សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន គឺជាអង្គការមនុស្សធម៌ឈានមុខគេនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ ដោយឡែកសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ដែលជាផ្នែកមួយនៃកាកបាទក្រហមកម្ពុជា​បានធ្វើសកម្មភាពយ៉ាងច្រើននៅក្នុងឆ្នាំ២០១៨កន្លងមកនេះ។ សកម្មភាពទាំងនេះរួមមានការអប់រំ ថែទាំសុខភាពសហគមន៍ អប់រំពីការយល់ដឹងមេរោគអេដស៍ ជំងឺអេដស៍ បញ្ហាគ្រឿងញៀន គ្រឿងស្រវឹង សុវត្ថិភាពចរាចរណ៍ បញ្ហាជួញដូរ មនុស្ស។ ជាពិសេសបានឆ្លើយតបទាន់ពេលវេលានូវការជួយដល់ជនរងគ្រោះដោយគ្រោះមហន្តរាយផ្សេងៗ។

ឯកឧត្តម អ៊ូច ភា មានប្រសាសន៍បន្ថែមថា សកម្មភាពជាច្រើនរបស់កាកបាទក្រហមលើដំណើរការមនុស្សធម៌និងជួយអប់រំ បានជួយសម្រួលដល់ទុក្ខលំបាករបស់បងប្អូនប្រជាពលរដ្ឋនៅក្នុងខេត្តតាកែវជាច្រើន។ ម៉្យាងទៀតសកម្មភាពទាំងនេះ នឹងធ្វើឱ្យសប្បុរសជន ដែលបានផ្តល់ជាសម្ភារ ថវិកា សម្រាប់ទ្រទ្រង់ដល់ដំណើរការរបស់កាកបាទក្រហមពិតជាមានការពេញចិត្ត និងបន្តផ្តល់ជាសម្ភារ ថវិកា ដល់កាកបាទក្រហមដើម្បីដំណើរការតទៅមុខទៀត។

ឯកឧត្តមប្រធានកិត្តិយសសាខាកាកបាទក្រហមកម្ពុជាខេត្តតាកែវ ក៏បានលើកទឹកចិត្តឱ្យមន្ត្រីកាកបាទក្រហមប្រឹងប្រែងបង្កើនសមាជិកឱ្យបានច្រើនថែមទៀត ជាពិសេសនៅពេលចុះទៅផ្តល់អំណោយដល់ជនរងគ្រោះ ឬជនងាយរងគ្រោះ ដូចជា អ្នកផ្ទុកមេរោគអេដស៍ជាដើម។ មន្ត្រីកាកបាទក្រហមត្រូវផ្តល់កម្លាំងចិត្ត ឬលើកទឹកចិត្តឱ្យពួកគាត់ប្រឹងប្រែងព្យាបាលខ្លួនប្រើប្រាស់ថ្នាំឱ្យបានទៀតទាត់ ដើម្បីរស់នៅឱ្យបានយូរអង្វែងតទៅមុខទៀត៕

ដោយ អ៊ុច សៀង