ចំនួនសត្វស្លាបមករស់នៅបឹងពារាំង ខេត្តសៀមរាបបានកើនឡើងនៅរដូវទឹកស្រកនេះ

AKP សៀមរាប ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ -ក្រុមអ្នកអភិរក្ស និងការពារតំបន់ទេសចរណ៍ធម្មជាតិ បឹងពារាំង ជាប់បឹងទន្លេសាប ខេត្តសៀមរាប បានអះអាងថា សត្វស្លាបរាប់រយប្រភេទ បានមករស់នៅក្នុងបឹងពារាំង ដែលចំនួននេះមានការកើនឡើង ដោយសារនៅក្នុងតំបន់អភិរក្សបឹងពារាំងនេះ ពួកវាមករកចំណីបានងាយស្រួលនៅរដូវទឹកស្រក។

លោក គង់ មង្គល ប្រធានសមាគមទេសចរណ៍ធម្មជាតិបឹងពារាំង បានឱ្យដឹងនៅព្រឹកថ្ងៃព្រហស្បតិ៍ ៤រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័កព.ស​២៥៦២​ត្រូវនឹងថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩នេះថា សត្វស្លាបដែលបានអភិរក្ស នៅក្នុងបឹងពារាំង ស្ថិតនៅសង្កាត់ជ្រាវ ក្រុងសៀមរាប ខេត្តសៀមរាបនេះ មានរយៈពេលប្រមាណ៤ឆ្នាំមកហើយ។ បច្ចុប្បន្ននេះចំនួនសត្វមានការកើនឡើងរាប់រយ រាប់ពាន់ក្បាល ដោយសារតំបន់នេះពួកវាងាយស្រួលរកចំណីនៅក្នុងបឹង ស្របពេលដែលទឹកបានស្រកចុះ ហើយហ្វូងសត្វទាំងនេះត្រូវបានក្រុមអ្នកអភិរក្សការពារយ៉ាងតឹងតែង។

លោកបានបន្ដថា កាលពីឆ្នាំ២០១៥ អង្គការការពារសត្វ អូសស្មូ បានរកឃើញថា មានសត្វស្លាបនៅបឹងពារំាងនោះ មានតែ ១ ឬ២ប្រភេទប៉ុណ្ណោះ ប៉ុន្ដែសម្រាប់ឆ្នាំ២០១៩នេះ បានកើនឡើងមានប្រមាណពី៣ទៅ៥ប្រភេទ ខណៈដែលព្រៃលេចទឹកក៏កំពុងរក្សាការពារបានល្អប្រសើរនៅក្នុងបឹងនោះផងដែរ។ លោកប្រធានសហគមទេសចរណ៍ បានបន្ដទៀតថា បើទោះបីមានការកើនឡើងនូវចំនួនសត្វស្លាប និងព្រៃឈើ ព្រៃលេចទឹកសន្ធឹកសន្ធាប់ ដែលជា សក្ដានុពលទេសធម្មជាតិនៅពេលនេះក្ដីក៏ប៉ុន្ដែលោកថា បច្ចុប្បន្នមិនទាន់អាចទាញភ្ញៀវទេសចរឱ្យចូលមកទស្សនាកម្សាន្តពីសកត្តានុពលទាំងនោះបាននូវឡើយទេ ដោយសារផ្លូវចេញ-ចូលមានការលំបាកក្នុងការធ្វើដំណើរ ខណៈដែលតំបន់នោះមានចម្ងាយប្រមាណ ៨គីឡូម៉ែត្រ ពីក្រុងសៀមរាប និងជាង១០គីឡូម៉ែត្រពីតំបន់អង្គរ។ លោកប្រធានសហគមន៍បានស្នើសុំឱ្យអាជ្ញាធរខេត្ត និងរាជរដ្ឋាភិបាលជួយស្ថាបនាផ្លូវ១ខ្សែទៅកាន់តំបន់នេះ ដើម្បីទាញយកចំណូលពីវិស័យទេសចរណ៍ឱ្យដល់ប្រជាពលរដ្ឋនៅមូលដ្ឋាន។

លោក គង់ មង្គល បានមានប្រសាសន៍បន្ថែមថា សត្វស្លាបដែលសម្បូរបែបនៅក្នុងបឹងពារាំងនោះ រួមមាន៖ សត្វននៀលពណ៌ សត្វទុង សត្វប្រវឹក ទាព្រៃ ។ល។ លោកបានបន្ដថា តំបន់បឹងពារាំងនោះមានសក្ដានុពលទេសចរណ៍បន្ទាប់ពីរមណីយដ្ឋានអង្គរ ដោយបឹងពារាំងនេះមានព្រៃលេចទឹក និងមានសត្វស្លាបរាប់ពាន់ក្បាល កំពុងតែដើររកចំណីសម្រាប់អ្នកដែលបានទៅទស្សនា និងទិដ្ឋភាពទាំងនេះហើយបានធ្វើឱ្យអារម្មណ៍សប្បាយរីករាយជាមួយនិងធម្មជាតិដ៏អស្ចារ្យទាំងនេះ។

បឹងធម្មជាតិពារាំង មានផ្ទៃក្រឡាប្រមាណ២៥០ហិកតា ស្ថិតនៅជាប់បឹងទន្លេសាប ដែលមានព្រំប្រទល់ជាប់នឹងសង្កាត់ជ្រាវ និងសង្កាត់ចុងឃ្នៀស ក្រុងសៀមរាប។ នៅក្នុងបឹងនោះ មានកោះតូចៗចំនួន១០ ដែលហ៊ុំព័ទ្ធដោយព្រៃឈើលេចទឹក និងជាទីតាំងជម្រកត្រីពងកូននៅរដូវវស្សាផងដែរ៕

ដោយ ឃុត សៅ