កម្ពុជានឹងធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការរួមសម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ -ប្រភពពីក្រសួងសាធារណការនិងដឹកជញ្ជូន បានឱ្យដឹងថា កាលពីថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម តូច ចាន់កុសល រដ្ឋមន្ត្រីស្ដីទីនៃក្រសួងសាធារណការ និងដឹកជញ្ជូន បានជួបពិភាក្សាទ្វេភាគីជាមួយ   គណៈប្រតិភូធនាគារអភិវឌ្ឍន៍អាស៊ី (ADB) ដោយមានការចូលរួមពីមន្ត្រីជាន់ខ្ពស់ក្រសួងផងដែរ។

ឯកឧត្តមរដ្ឋមន្ត្រីស្ដីទីបានឱ្យដឹងថា កម្ពុជានឹងទទួលធ្វើជាម្ចាស់ផ្ទះក្នុងការរៀបចំ និងធ្វើជាប្រធានបន្តវេនតាមលំដាប់អក្សរឡាតាំងនូវកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការរួមសម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន ក្រោមក្របខ័ណ្ឌមហាអនុតំបន់មេគង្គ (GMS-CBTA) និងកិច្ចប្រជុំគណៈកម្មាធិការជាតិសម្រួលការដឹកជញ្ជូនឆ្លងដែន ដែលគ្រោងនឹងប្រព្រឹត្តទៅក្នុងខែមីនា ឆ្នាំ២០១៩ នៅខេត្តសៀមរាប។

ប្រភពដដែលបានគូសបញ្ជាក់ថា ភាគីទាំងពីរបានជជែកពិភាក្សាលម្អិតលើការបែងចែកការទទួលខុសត្រូវ និងរបៀបវារៈដើម្បីត្រៀមរៀបចំកិច្ចប្រជុំនេះឱ្យមានភាពរលូន និងចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ស្តីពីការរៀបចំកិច្ចប្រជុំលើកទី៧នៃគណៈកម្មាធិការអនុវត្តន៍កិច្ចព្រមព្រៀងសម្រួលការដឹកជញ្ជូនឆ្លងកាត់ព្រំដែនក្នុងក្របខ័ណ្ឌមហាអនុតំបន់ មេគង្គ (7th JC GMS CBTA)។

សូមបញ្ជាក់ថា បន្ទាប់ពីការចូលជាធរមាននូវកិច្ចព្រមព្រៀង ដឹកជញ្ជូនឆ្លងកាត់ព្រំដែន (CBTA) នៅឆ្នាំ២០១៥ ក្រុមរដ្ឋមន្រ្តីមហាអនុតំបន់មេគង្គ បានពិភាក្សាលើបែបបទសម្រាប់អនុវត្តន៍ឱ្យបានពេញលេញដែលក្នុងនោះរួមមាន៖ ការផ្តល់និងចេញលិខិតអនុញ្ញាតដឹកជញ្ជូនឆ្លងកាត់ព្រំដែនទៅឱ្យប្រតិបត្តិករ ឆ្លងដែនដែលជាវិធានការ/បទបញ្ញត្តិបន្ទាន់សម្រាប់អនុវត្តន៍កិច្ចព្រមព្រៀង CBTA ការធ្វើបច្ចុប្បន្នភាពបទបញ្ញត្តិនៃមាត្រា CBTA និងទិសដៅបន្ត រាប់បញ្ចូលទាំងថាតើធ្វើដូចម្តេចដើម្បីធានាថា CBTA ជាកិច្ចព្រមព្រៀងមួយមានសារៈសំខាន់ និងពេលវេលាជាក់លាក់សម្រាប់ការអនុវត្ត CBTA ឱ្យបានពេញលេញ៕

ដោយ ទេស ច័ន្ទសុធារី