ឯកឧត្តម វេង សាខុន អនុញ្ញាតឱ្យនាយកអង្គការ KOICA ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួងកសិកម្ម ព្រឹកថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តមរដ្ឋមន្ត្រី វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានអនុញ្ញាតឱ្យលោក JEONG Yun Gilm នាយកអង្គការ KOICA (Korea International Cooperation Agency) និងសហការីចូលជួបសម្តែងការគួរសម និងពិភាក្សាការងារទាក់ទងនឹងការសិក្សា និងវាយតម្លៃបឋមលើគម្រោងស្តីពីការអភិវឌ្ឍវិស័យកសិកម្មឱ្យមាននិរន្តរភាព តាមរយ:ការបង្កើតផ្សារបោះដុំផលិតផលកសិកម្ម និងការបង្កើតប្រព័ន្ធព័ត៌មានទីផ្សារ។

ឯកឧត្តមរដ្ឋមន្ត្រី បានថ្លែងអំណរគុណ និងវាយតម្លៃខ្ពស់ជូនចំពោះរាជរដ្ឋាភិបាលនៃសាធារណរដ្ឋកូរ៉េដែលបានគាំទ្រ និងជួយឧបត្ថម្ភទាំងបច្ចេកទេស និងហិរញ្ញវត្ថុសម្រាប់ការកសាង និងអភិវឌ្ឍន៍ប្រទេសកម្ពុជាឱ្យមានការរីកចម្រើនលើគ្រប់វិស័យ និងជាពិសេសលើវិស័យកសិកម្ម។ សមិទ្ធផលសំខាន់ៗជាច្រើនដែលកម្ពុជាសម្រេចបាននាពេលនេះ គឺបានមកពីកិច្ចសហប្រតិបត្តិការយ៉ាងល្អប្រសើររវាងប្រទេសទាំងពីរកម្ពុជា-កូរ៉េ ហើយឯកឧត្តមរដ្ឋមន្ត្រីជឿជាក់ថា គម្រោងថ្មីនេះនឹងពង្រឹង ពង្រីកសាមគ្គីភាព មិត្តភាព និងកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរឱ្យកាន់តែល្អប្រសើរថែមមួយកម្រិតទៀត ជាប្រយោជន៍ដល់ប្រជាជននិងប្រជាកសិករកម្ពុជា។

ទាក់ទងទៅនឹងប្រធានបទខាងលើ ឯកឧត្តមរដ្ឋមន្ត្រីបានសម្តែងនូវអំណរសាទរ ស្វាគមន៍ និងគាំទ្រចំពោះគម្រោងនេះ ព្រោះវានឹងជួយរកទីផ្សារបន្លែ ផ្លែឈើឱ្យប្រជាកសិករ ជាកន្លែងផ្តល់ព័ត៌មានទាក់ទងអំពីទីផ្សារ តម្លៃ បរិមាណផ្គត់ផ្គង់ ដែលអ្នកបញ្ជាទិញត្រូវការ និងជាកន្លែងណាត់ជួបរវាងអ្នកបរិភោគ ឈ្នួញកណ្តាល ជាមួយអ្នកផ្គត់ផ្គង់ និងជាពិសេសវានឹងបង្កលក្ខណៈងាយស្រួលដល់មន្ត្រីជំនាញ ក្នុងការត្រួតពិនិត្យគុណភាព សុវត្ថិភាព អនាម័យ និងប្រភពទំនិញច្បាស់លាស់ ដើម្បីបង្កើតនូវជំនឿទុកចិត្ត និងការធានាត្រឹមត្រូវ។

ជំនួបនេះបានផ្តោតជាសំខាន់លើប្រធានបទ៖ ទី១- ពិនិត្យ ពិចារណាឱ្យបានល្អិតល្អន់អំពីទីតាំង ដែលត្រូវជ្រើសរើសសម្រាប់បង្កើតផ្សារ និងត្រូវបន្តជួបពិភាក្សាជាមួយគ្រប់ភាគីពាក់ព័ន្ធដូចជាមន្ត្រីជំនាញ វិស័យឯកជន សហគ្រាសខ្នាតតូច និងមធ្យម ដៃគូអភិវឌ្ឍន៍តាមអភិក្រម ” រដ្ឋ-ឯកជន-ដៃគូអភិវឌ្ឍន៍-និងសហគមន៍ “។ ទី២- បន្តជំរុញកិច្ចសហការជាមួយអគ្គនាយកដ្ឋានកសិកម្មលើការងារច្បាប់ និងបច្ចេកទេស៕

ដោយ សេង សុវណ្ណនី.(ប្រភពក្រសួងកសិកម្ម)