UNESCO គាំទ្រកម្ពុជាលើការបណ្តុះបណ្តាលធនធានមនុស្សផ្នែកមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា

AKP ភ្នំពេញ ថ្ងៃទី២៤ ខែមករា ឆ្នាំ២០១៩ -នៅទីស្តីការក្រសួង នារសៀលថ្ងៃពុធ ៣រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន បាន ទទួលជួបពិភាក្សាការងារជាមួយ លោក សាដា អ៊ូម៉ា អាឡាម (Sardar Umar Alam) តំណាងអង្គការយូណេស្កូថ្មី (UNESCO) ប្រចាំកម្ពុជា ។

ប្រភពព័ត៌មានពីក្រសួងបរិស្ថានបានឱ្យថា នៅក្នុងកិច្ចសន្ទនានោះ ឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តីក្រសួងបរិស្ថាន និង ជាប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព បានលើកឡើងពីគោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជា ជំរុញការសិក្សាស្រាវជ្រាវ លើផ្នែកវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា ដែលរួមចំណែកសំខាន់ដល់ការអភិវឌ្ឍប្រទេស។ ជាមួយគ្នានេះដែរ ឯកឧត្តមរដ្ឋមន្រ្តី មានប្រសាសន៍ថា គោលដៅយុទ្ធសាស្រ្ត របស់ក្រសួងបរិស្ថាន គឺគាំទ្រ និងលើកទឹកចិត្ត ដល់ការបណ្តុះបណ្តាលធនធានមនុស្សលើផ្នែកវិទ្យាសាស្ត្រ និងបច្ចេកវិទ្យានៅកម្ពុជាឱ្យបានច្រើនថែមទៀត។

ប្រភពខាងលើបានបន្តថា ក្នុងឱកាសនេះ លោក សាដា អ៊ូម៉ា អាឡាម បានបញ្ជាក់ពីការគាំទ្រដល់កម្ពុជា ជាពិសេសបង្កើនកិច្ចសហប្រតិបត្តិការរវាងក្រសួងបរិស្ថាន និង អង្គការយូណេស្កូ សម្រាប់គម្រោងបណ្តុះបណ្តាលធនធានមនុស្ស លើមុខវិជ្ជាវិទ្យាសាស្ត្រ និងបច្ចេកវិទ្យា។ ជាមួយគ្នានេះដែរ UNESCO គ្រោងនឹងបញ្ជូនអ្នកជំនាញនៃកម្មវិធីប្រចាំតំបន់របស់ខ្លួន មកធ្វើការសិក្សាលើផែនការអនុវត្តន៍គម្រោងកម្មវិធីសិក្សាពីវិទ្យាសាស្ត្រនិងបច្ចេកវិទ្យានៅកម្ពុជា នាពេលខាងមុខ ៕

ដោយ ពេជ្រ ណារិទ្ធ