មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចលើកទឹកចិត្តដល់បុគ្គលិកមន្រ្តីរាជការ ចូលរួមគាំទ្រ  និងប្រើប្រាស់ប័ណ្ណសមាជិកបេឡាជាតិរបបសន្ដិសុខសង្គម

AKP ភ្នំពេញ ថ្ងៃទី២៣ខែមករាឆ្នាំ២០១៩ — មន្ត្រីជាន់ខ្ពស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានលើកទឹកចិត្តដល់បុគ្គលិកមន្រ្តីរាជការ ឱ្យចូល រួមគាំទ្រនិងប្រើប្រាស់ ប័ណ្ណសមាជិកបេឡាជាតិរបបសន្ដិសុខសង្កម(ប.ស.ស) ជារៀងរាល់ ពេលដែលទៅទទួលសេវាព្យាបាលនិងថែទាំវេជ្ជសាស្រ្តផ្សេងៗ ពីព្រោះថានេះជាអត្ថ ប្រយោជន៍ដែលមន្រ្តីគ្រប់រូបត្រូវទទួលបាន។ ការលើកទឹកចិត្តនេះធ្វើឡើងក្នុងពិធីផ្សព្វផ្សាយ គោលនយោបាយអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គមនិងចែករំលែកចំណេះដឹងអំពីសារៈប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស កាលពីព្រឹកថ្ងៃទី២៣ ខែមករាឆ្នាំ២០១៩។

ឯកឧត្តមបណ្ឌិតសភាចារ្យ ហ៊ាន សាហ៊ីប រដ្ឋលេខាធិការក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា រាជរដ្ឋាភិបាលកម្ពុជាបាននិងកំពុងគិតគូរផ្តោតជាសំខាន់លើការពង្រីក វិសាលភាពលើរបបសន្តិសុខសង្គម ដែលមានស្រាប់ឱ្យបានកាន់តែទូលំទូលាយ និងដាក់ឱ្យ ដំណើរការនូវរបបថ្មីៗថែមទៀត ដើម្បីផ្តល់នូវការគាំពារជាអតិបរមាជូនដល់ប្រជាពលរដ្ឋ     កម្ពុជាគ្រប់រូប។ ឯកឧត្ដមបន្ដថា ចក្ខុវិស័យរយៈពេលវែងរបស់រាជរដ្ឋាភិបាលសម្រាប់ការ អភិវឌ្ឍប្រព័ន្ធសន្តិសុខសង្គម គឺការធានាឱ្យប្រជាពលរដ្ឋកម្ពុជាគ្រប់រូបទទួលបាននូវការគាំ ពារចម្បងពីរយ៉ាងគឺ ទី១ ទទួលបានប្រាក់សោធននៅពេលឈានចូលវ័យចាស់ជរា និងទី២ ទទួលបានការធានារ៉ាប់រងសុខភាពនៅពេលមានជំងឺ។ ឯកឧត្តមបណ្ឌិតសភាចារ្យបានបញ្ជាក់ថា រាជរដ្ឋាភិបាលបានដាក់ចេញនូវគោលនយោបាយ ជាតិគាំពារសង្គមឆ្នាំ២០១៦-២០២៥ ក្នុងគោលបំណងសម្រេចបាននូវ “កំណើនសេដ្ឋកិច្ច​ប្រកប​ដោយសមធម៌ និងបរិយាប័ន្ន” ដោយផ្តោតជាសំខាន់លើសសរម្ភធំៗចំនួន២គឺ ប្រព័ន្ធជំនួយសង្គម ជាការឆ្លើយតបនឹងគ្រោះអាសន្ន ការអភិវឌ្ឍមូលធនមនុស្ស ការបណ្តុះ​បណ្តាលវិជ្ជាជីវៈ និងសុខុមាលភាពរបស់ប្រជាជនងាយរងគ្រោះ។ ចំពោះ​ប្រព័ន្ធសន្តិសុខ​សង្គម រួមមាន៤ផ្នែក គឺ របបសោធន របបថែទាំសុខភាព របបហានិភ័យការងារ និងរបប​និកម្មភាព។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានចាប់ផ្តើមអនុវត្តន៍របបថែទាំសុខភាព​សម្រាប់ មន្ត្រីសាធារណៈ អតីតមន្ត្រីរាជការ និងអតីតយុទ្ធជន ដោយរាជរដ្ឋាភិបាលទទួលបន្ទុក​បង់​ភាគទានទាំងស្រុងជំនួសមន្ត្រីសាធារណៈសម្រាប់ឆ្នាំ២០១៨ និងជំនួសអតីតមន្ត្រីរាជការ និងអតីតយុទ្ធជន រហូតដល់ឆ្នាំ២០២០។ ចំណែកឯគោលនយោបាយ នៃការផ្តល់តាវកាលិក ផ្នែកថែទាំសុខភាពសម្រាប់មន្រ្តីសាធារណៈ អតីតមន្រ្តីរាជការ និងអតីតយុទ្ធជន មាន លក្ខណៈទូលំទូលាយ និងល្អប្រសើរ។បន្ថែមពីនេះ រាជរដ្ឋាភិបាលបានបន្តយកចិត្តទុកដាក់​និងតម្កល់ឧត្តមប្រយោជន៍មន្ត្រីសាធារណៈ ដោយសន្យាដាក់ឱ្យអនុវត្តន៍បន្ថែមមួយទៀត នូវ​របបហានិភ័យការងារសម្រាប់មន្ត្រីសាធារណៈ នៅឆ្នាំ២០១៩នេះ។

ឯកឧត្តមបណ្ឌិតសភាចារ្យ បានស្នើដល់តំណាងអង្គភាពទាំងអស់ ត្រូវយកចិត្តទុកដាក់​ចំពោះមតិណែនាំនិងបទឧទ្ទេសនាមរបស់ក្រុមការងារតំណាងបេឡាជាតិសន្តិសុខសង្គម ពាក់ព័ន្ធការផ្សព្វផ្សាយអំពីគោលនយោបាយនៃការអនុវត្តរបបសន្តិសុខសង្គមរបស់បេឡាជាតិរបបសន្តិសុខសង្គមព្រមទាំងការចែករំលែកចំណេះដឹងពាក់ព័ន្ធនឹងសារៈប្រយោជន៍នៃការប្រើប្រាស់ប័ណ្ណ ប.ស.ស. សំដៅក្តាប់ឱ្យបានចំណេះដឹងពាក់ព័ន្ធផ្នែកនេះ សម្រាប់យកទៅផ្សព្វ​ផ្សាយនិងណែនាំបន្តដល់បុគ្គលិកមន្រ្តីរាជការនៅតាមអង្គភាពរៀងៗខ្លួន ដែលមិនបានចូលរួម ក្នុងកម្មវិធីផងដែរ៕

ដោយ គង់ សិរិរ័ត្ន