កម្ពុជា និងចិន ចេញសេចក្ដីថ្លែងការណ៍រួម បង្ហាញអំពីលទ្ធផលដ៏ធំធេងក្នុងការពង្រឹង កិច្ចសហប្រតិបត្តិការលើផ្នែកនយោបាយ សន្ដិសុខ និងសេដ្ឋកិច្ច

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — បន្ទាប់ពីបានបញ្ចប់ដំណើរ​បំពេញ​​ទស្សនកិច្ចផ្លូវការនៅសាធារណរដ្ឋប្រជាមានិតចិន ពីថ្ងៃទី ២០ ដល់២៣ ខែមករា ឆ្នាំ២០១៩ របស់សម្ដេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាមក កម្ពុជា និងចិនបានចេញសេចក្ដីថ្លែងការណ៍រួម ដែលបង្ហាញអំពីលទ្ធផលដ៏ធំធេងក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីលើ ផ្នែកនយោបាយ សន្ដិសុខ និងសេដ្ឋកិច្ចរវាងប្រទេសទាំងពីរឱ្យកាន់តែរឹងមាំបន្ថែមទៀត។

ក្នុងសេចក្ដីថ្លែងការណ៍បានលើកឡើងថា ​ដំណើរ​​​ទស្សន​កិច្ចនេះ សម្ដេចតេជោនាយករដ្ឋមន្ត្រី បានជួបពិភាក្សាជាមួយឯកឧត្ដម ស៊ី ជីនភីង ប្រធានា​ធិប​តី និង​ ឯកឧត្តម លី ខឺឈាង នាយក រដ្ឋមន្ត្រីនៃសាធារណរដ្ឋប្រជាមានិតចិន។ សម្ដេច​តេជោ​នាយករដ្ឋមន្ត្រី ក៏​បាន​ជួបសម្តែង ការគួរសម​ជាមួយឯកឧត្តម លី ចាន់ស៊ូ ប្រធានសភាតំណាងប្រជាជនចិន និងឯកឧត្តម វ៉ាង យ៉ាង ប្រធានសភា​ប្រឹក្សា​នយោបាយ​ប្រជាជនចិន។ ភាគីកម្ពុជាវាយតម្លៃខ្ពស់ចំពោះសមិទ្ធ ផលធំធេងជាច្រើនតាមរយៈកំណែទម្រង់ និងការបើក​ទូលាយ​របស់​​ប្រទេសចិន និងសូម ជូនពរដោយស្មោះចំពោះភាគីចិន ក្រោមការដឹកនាំ​របស់​គណៈកម្មា​ធិការ​មជ្ឈឹម​បក្សកុម្មុយ នីស្ត ចិន ដែលមានឯកឧត្តមអគ្គលេខាធិការ ស៊ី ជីនភីង ជាស្នូលសំខាន់​ក្នុងការ​ដឹក​នាំ​នឹង​សម្រេចបានដោយ​ជោគជ័យនូវគោលដៅសតវត្សទំាងពីរ។ ភាគីកម្ពុជាជឿជាក់ថា ប្រជាជនចិន នឹងអភិវឌ្ឍន៍​ប្រទេស​​ចិនទៅជាប្រទេសសង្គមនិយមដ៏ទំនើប រុងរឿង ខ្លាំងក្លា ប្រជាធិបតេយ្យ វប្បធម៌ជឿនលឿន សុខដុមរមនា និងស្រស់ស្អាត ។

ចំណែកភាគីចិនបានលើកជាថ្មីពីការគោរពចំពោះឯករាជ្យភាព អធិបតេយ្យភាព និងបូរណ​ភាពទឹកដីកម្ពុជា  និង​បានបញ្ជាក់ឡើងវិញពីការគាំទ្រ​ចំពោះ​​គោលនយោបាយឯករាជ្យ និងការ​អភិវឌ្ឍរបស់កម្ពុជាស្របទៅនឹងផលប្រយោជន៍​របស់ប្រជាជនកម្ពុជា។ ​ភាគី​​ចិន​​​សូម​ជូនពរ​ដោយស្មោះឱ្យប្រជាជន​កម្ពុជាបន្ដសម្រេច​បាន​នូវសមិទ្ធ​ផល​ថ្មី​ៗ និង​ធំ​ធេង​ក្នុង​ការ​អភិវឌ្ឍ​ជាតិ ក្រោមម្លប់ព្រះបារមី ព្រះមហាស្វេតឆ័ត្រ ព្រះករុណា ព្រះបាទសម្តេច​ព្រះបរមនាថ នរោត្តម សីហមុនី ព្រះ​មហាក្សត្រ នៃព្រះរាជាណាចក្រកម្ពុជា និងក្រោមការ​ដឹក​នាំ​​របស់រាជ រដ្ឋាភិបាលថ្មីនៃព្រះរាជា​ណា​ចក្រ​កម្ពុជា ដែលមានសម្តេចតេជោនាយករដ្ឋមន្ត្រី​​ ហ៊ុន សែន ជាប្រមុខ ។

ក្នុងសេចក្ដីថ្លែងការបានបញ្ជាក់ថា ភាគីទាំងពីរបានឯកភាពថា មិត្តភាពជាប្រពៃណី និងជា ប្រវត្តិសាស្ត្រដ៏យូរអង្វែងកម្ពុជា-ចិន​ គឺជា​សម្បត្តិ​ដ៏មាន​​តម្លៃរួមនៃប្រជាជន​យើងទាំងពីរ។ កាល ពីឆ្នាំកន្លងទៅ  ភាគីទាំងពីរបានកំណត់យកខួប អនុស្សាវរីយ៍​លើកទី៦០នៃ​ការ​​បង្កើតទំនាក់​ទំនងការទូត ជាឱកាសដើម្បីពង្រីកការផ្លាស់ប្តូរទំនាក់ទំនង​រវាង​ប្រជាជន និង​ប្រជាជន និងធ្វើ​ឱ្យ​ស៊ី​ជម្រៅ​នូវកិច្ចសហប្រតិបត្តិការក្នុងក្របខណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ ដែល​នាំ​មក​​នូវផល​ប្រយោជន៍សំខាន់ៗ ​កាន់តែ​ច្រើន​ដល់ប្រជាជនទំាងពីរ និងចូលរួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព និង​វិបុល​ភាព​ក្នុង​តំបន់​ និង​ពិភព​លោក ។ នៅក្នុងសករាជថ្មីនេះ ភាគីទាំងពីរ​នឹង​លើក​កម្ពស់បន្ថែមទៀតនូវ​​ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ រៀបចំ​ផែនការ​សកម្ម​ភាពដើម្បីកសាង​​សហគមន៍វាសនា​រួមដែលមានអត្ថន័យជាយុទ្ធសាស្ត្ររវាងកម្ពុជា និងចិន ផ្តោត​លើកិច្ច​សហ​ប្រតិ​បតិ្តការ នយោបាយ សន្តិសុខ សេដ្ឋកិច្ច និងការផ្លាស់ប្តូររវាងប្រជាជន និងប្រជាជន និងជំរុញឱ្យមាន​​ការអភិវឌ្ឍ​ធំ​ធេង​បន្ថែមទៀតនូវទំនាក់ទំនងទ្វេភាគី ​ក្នុង​រយៈ​ពេល ៦០ ឆ្នាំខាងមុខ ។ ទន្ទឹមនេះ ភាគីទាំងពីរបានឯកភាពគ្នាបន្តការទាក់ទង​កម្រិតខ្ពស់កាន់​តែជិតស្និទ្ធ និងបន្តរក្សាការប្រាស្រ័យ​ទាក់​ទង​​គ្នា​ឱ្យ​បានទាន់ពេលវេលា​លើបញ្ហាសំខាន់ៗជា​យុទ្ធសាស្ត្រ។ ភាគី​ទាំង​ពីរ​​នឹងបង្កើនការ​ផ្លាស់ប្តូរ​ទស្សនកិច្ច និងបទពិសោធន៍រវាងរដ្ឋាភិបាល សភា គណបក្ស សង្គមស៊ីវិល និងអាជ្ញាធរមូលដ្ឋាននៃប្រទេសទាំងពីរ។ ភាគីទាំងពីរ នឹងប្រើ ប្រាស់ឱ្យបានពេញលេញនូវតួនាទីរបស់គណៈកម្មាធិការ​សម្រ​ប​សម្រួលអន្តរ​រដ្ឋាភិបាល​​រវាង​កម្ពុជា-ចិន ដើម្បីជំរុញការសម្របសម្រួលកិច្ចសហប្រតិបត្តិការជាក់ស្តែងលើគ្រប់វិស័យ។

ភាគីទាំងពីរបានឯកភាពគ្នាបង្កើនការផ្លាស់ប្ដូរ និងកិច្ចសហប្រតិបត្តិការក្នុងវិស័យការទូត ការ​ពារជាតិ ការអនុវត្តច្បាប់ និងសន្តិសុខ។ ភាគីទាំងពីរនឹងអនុវត្តន៍ឱ្យ បានពេញលេញ នូវកិច្ច​ព្រម​ព្រៀង​ស្ដី​ពីការ​ពង្រឹង​កិច្ចសហប្រតិបត្តិការក្នុងដំណាក់កាលថ្មីរវាងក្រសួងការ​បរទេសទាំង ពីរ ​លើកកម្ពស់​កិច្ចសហប្រតិបត្តិ​ការ​ជាក់ស្តែងក្នុងការបណ្តុះបណ្តាលយោធា ការអប់រំស្ថាប័ន សេវាសុខាភិបាល និង​ការ​ដឹកជញ្ជូន ធ្វើឱ្យស៊ី​ជម្រៅ​​នូវកិច្ចសហប្រតិបត្តិការ​ ក្នុង​ការប្រយុទ្ធ ប្រឆាំងឧក្រិដ្ឋកម្មឆ្លងដែន ការជួញដូរ​មនុស្ស បទលើ្មស​តាម​ប្រព័ន្ធ​អ៊ីនធើណេត ភេរវកម្ម ព្រមទាំងប្រតិបត្តិការប្រឆាំងគ្រឿងញៀន ការកសាង​សមត្ថភាព​ក្នុងការ​អនុវត្ត​​​ច្បាប់ និងការ ស៊ើបអង្កេត។ ក្រៅពីនេះ ភាគីទាំងពីរ​ឯកភាពគ្នាកំណត់យកឆ្នាំ២០១៩ជាឆ្នាំនៃកិច្ច​​សហ​ ប្រតិបត្តិ​​ការ​​អនុវត្តន៍ច្បាប់រវាង​កម្ពុជា និងចិន ។

ជាមួយគ្នានេះ ភាគីទាំងពីរឯកភាពគ្នាពន្លឿនការបន្ស៊ីគ្នារវាងគំនិតផ្តួចផ្តើមខ្សែក្រវាត់ និងផ្លូវ និងយុទ្ធសាស្ត្រ​ចតុកោណ​​និងអនុវត្តន៍ឱ្យ បានពេញលេញនូវចំណុចគោលនៃផែន​ការរបស់​រដ្ឋាភិបាលទាំងពីរ ដើម្បីរួមគ្នា​ជំរុញការ​​កសាង​​​ខ្សែក្រវាត់សេដ្ឋកិច្ចផ្លូវសូត្រ និងផ្លូវសូត្រ​សមុទ្រសតវត្សទី​២១។​ ភាគីចិននឹងបន្តផ្តល់ជំនួយ​ដល់​កម្ពុជាតាមលទ្ធភាពរបស់ខ្លួន ដើម្បី អភិវឌ្ឍ​ន៍សេដ្ឋកិច្ច ជំរុញការអភិវឌ្ឍប្រកបដោយចីរភាព និងលើក​កម្ពស់​​ជីវភាព​ប្រជាជន ។

ក្នុងសេចក្ដីថ្លែងការណ៍បន្ដទៀតថា ភាគីទាំងពីរឯកភាពពង្រឹងកិច្ចសហប្រតិបត្តិការជាក់ ស្តែងក្នុងក្របខ័ណ្ឌគំនិតផ្តួចផ្តើមខ្សែក្រវាត់ និង​​ផ្លូវ ដោយ​ផ្តោតសំខាន់ទៅលើការដឹកជញ្ជូន ការបង្កើនសមត្ថភាពផលិត ថាមពល ពាណិជ្ជកម្ម និងការ​ទ្រទ្រង់ជីវភាព​ប្រជាជន។ ភាគី​ទំាងពីរនឹងលើកកម្ពស់ ក៏ដូចជាជំរុញកិច្ចសហប្រតិបត្តិការ​ឱ្យបានគ្រប់​ជ្រុងជ្រោយលើវិស័យ​ពាណិជ្ជកម្ម វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ។ល។ ហើយបង្កើនទំហំ និងកម្រិត​ពាណិជ្ជកម្មទ្វេ​ភាគី។ ភាគី​ទាំង​ពីរ​នឹង​ជំរុញកិច្ចសហប្រតិបត្តិការក្នុងវេទិកា​នានា​ដូចជា ពិព័រណ៍នាំចូល​អន្តរជាតិចិន ពិព័រណ៍​អាស៊ាន-ចិន ។ល។ ពន្លឿនការចរចាលើពិធីសារស្តីពីការនាំផ្លែឈើ និងផលិតផល​កសិកម្មផ្សេងទៀតចូល​ទៅ​ប្រទេសចិន និង​ប្រើប្រាស់ឱ្យបានពេញលេញនូវ​ពាណិជ្ជកម្ម​​អេឡិច​ត្រូនិក និង​យន្តការកិច្ចសហ​ប្រតិបត្តិ​ការ​នានា ដើម្បី​បង្កើនទំហំពាណិជ្ជ​កម្មទ្វេភាគីឱ្យកើន​ដល់១០ប៊ីលានដុល្លារ នៅ​ឆ្នាំ២០២៣។ ភាគីទាំងពីរឯកភាពប្រើ​ប្រាស់ឱ្យ​បានពេញលេញនូវតួនាទីកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីចិន-អាស៊ាន ដើម្បីជំរុញពាណិជ្ជកម្ម ទ្វេភាគី និងមានឆន្ទៈផ្តួចផ្តើមកិច្ច​ពិភាក្សាអំពី​ការសិក្សា​សមិទ្ធិលទ្ធភាពធ្វើកិច្ច​ព្រមព្រៀង​ពាណិជ្ជ​កម្ម​​សេរីទ្វេភាគីនៅពេលសមស្រប។ ភាគី​ទាំងពីរ​បានសម្តែង​នូវ​ការពេញចិត្តចំពោះ​លទ្ធផល​កិច្ចប្រជុំ​លើកទី៣នៃ​គណៈ​កម្មា​ធិការ​​សម្របសម្រួល​តំបន់​សេដ្ឋ​កិច្ច​ពិសេស​ក្រុងព្រះ សីហនុ កាលពីថ្ងៃទី១០ ខែ​មករា ឆ្នាំ២០១៩ ។

ភាគីកម្ពុជាសម្តែង​ការ​អរគុណ​យ៉ាង​​ជ្រាល​ជ្រៅ​​ចំពោះការប្តេជ្ញារបស់​ភាគី​ចិនក្នុងការ​បន្តគាំ ទ្រក្រុមហ៊ុន​ ដែល​មាន​សមត្ថភាព ​និងទំនុក​ចិត្ត​​​ខ្ពស់​មក​វិនិយោគនៅកម្ពុជា និងអនុវត្តកិច្ចសហ ប្រតិបត្តិការលើវិស័យ​ហេដ្ឋារចនា​សម្ព័ន្ធ រួមទាំងសហការ​​ជា​មួយ​​​ភាគី​កម្ពុជាក្នុងការជំរុញការ អភិវឌ្ឍតំបន់សេដ្ឋកិច្ច​ពិសេស​ក្រុង​ព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ខេត្ត​ព្រះ​សី​ហ​នុ អាកាស​យាន​ដ្ឋានថ្មីក្នុងខេត្តសៀមរាប និងគម្រោង​ហេដ្ឋារចនា​សម្ព័ន្ធ​សំខាន់ៗ​នានាជាច្រើន​ទៀត។ ភាគី​ទាំង​ពីរនឹង​បន្ត​គាំទ្រក្រុមហ៊ុន​នានា​ក្នុងការ​អភិវឌ្ឍ​សួន​ឧស្សាហកម្ម​​​កែច្នៃ ការផលិត និង​កសិកម្ម បង្កើនកិច្ច​សហប្រតិបត្តិការ​​ក្នុងការ​ផ្តត់ផ្គង់ថាមពល និង​សាងសង់​​បណ្តាញ​បញ្ជូនថាមពល​ បង្កើនការអភិវឌ្ឍ និងការប្រើប្រាស់​ថាមពលស្អាត ព្រមទាំងពន្លឿន​​ការសាង សង់​គម្រោង​ដំណាក់​កាលទី២ ពាក់ព័ន្ធនឹង​ការទ្រទ្រង់ជីវភាព​ប្រជាជន រួមមាន​ការ​ផ្គត់ផ្គង់ទឹក ការសាងសង់​សាលា​រៀន និង​ផ្លូវថ្នល់ ​នៅតំបន់​ជន​ប​ទ​ ។ ភាគីទាំងពីរឯកភាពបង្កើត​លក្ខខណ្ឌ និង​បរិយាកាស​អំណោយផល​សម្រាប់​​​កិច្ចសហប្រតិ​បត្តិការ​ខាង​លើ ។

ភាគីទាំងពីរឯកភាពធ្វើឱ្យស៊ីជម្រៅកិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយលើវិស័យកសិកម្ម  ព្រៃ​ឈើ នេសាទ វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ការការពារបរិស្ថាន ហេដ្ឋារចនាសម្ព័ន្ធឌីជីថល និងនគរូបនីយកម្ម។ល។ ភាគីទាំងពីរនឹងរៀបចំកិច្ច​ប្រជុំ​គណៈកម្មា​ធិការ​អចិន្ត្រៃយ៍​ស្តីពីកិច្ច​សហប្រតិបត្តិការកសិកម្មលើកទី ២ តាមពេលវេលាសមស្រប  រួមគ្នា​អនុវត្តន៍​គម្រោង​អភិវឌ្ឍន៍​កសិកម្មទំនើបជាតិរបស់កម្ពុជា ពង្រឹ​ង​កិច្ច​សហ​ប្រតិបត្តិការ​បច្ចេកវិទ្យា​​លើ​ការ​បង្កាត់​ពូជស្រូវ និង​​កែច្នៃផលិតផលកសិកម្ម។ ភាគីទាំងពីរ​នឹង​ចាប់​ផ្តើម​​គម្រោងមជ្ឈមណ្ឌល​បង្កាត់ ពូជឈើ​ដែល​មានតម្លៃខ្ពស់នៅកម្ពុជា។ ភាគីទាំងពីរនឹងលើក​កម្ពស់​ការផ្លាស់​ប្តូរ​អ្នកវិទ្យា​សាស្ត្រ​វ័យក្មេង​​រវាងប្រទេសទាំ​ង​​​ពីរ  កសាងយន្តការស្រាវជ្រាវវិទ្យាសាស្ត្រ និង​កិច្ចសហប្រតិបត្តិ​ការ​​ក្នុងការផ្ទេរបច្ចេកវិទ្យា។ ភាគី​ទាំងពីរ​នឹង​រួមគ្នា​ពន្លឿន​ការ​បង្កើតមជ្ឈមណ្ឌលកិច្ចសហ ប្រតិបត្តិការបរិស្ថាន​​កម្ពុជា-ចិន។ ភាគីទាំងពីរឯកភាពយកឆ្នាំ២០១៩ ជាឆ្នាំកិច្ចសហប្រតិបត្តិ ការវប្បធម៌ និងទេសចរណ៍កម្ពុជា-ចិន ព្រម​​ទាំងចាប់យកឱកាសនេះក្នុងការពង្រីកបន្ថែមទៀត នូវការផ្លាស់ប្តូរទំនាក់ទំនងរវាងប្រជាជន និង​ប្រជាជន និង​លើកស្ទួយការ​យោគយល់​គ្នា​ទៅវិ​ញ​ទៅ​មក និងទំនាក់ទំនងជាមិត្តភាពរវាងប្រជាជននៃប្រទេសទាំងពីរ ជាពិសេស​រវាងយុវជន​ជំនាន់ក្រោយ។ ភាគីទាំងពីរនឹងគាំទ្រការរៀបចំព្រឹត្តិការណ៍​ជំរុញវប្បធម៌ ទេសចរណ៍ និង ពាណិជ្ជកម្ម និង​សមាគម​មិត្តភាព​សមភាគី ក្រុមសិក្សាស្រាវជ្រាវ សារព័ត៌មាន និងអង្គការ​ក្រៅ​រដ្ឋា​ភិ​បាល ដើម្បីពង្រឹងការប្រាស្រ័យទាក់ទងគ្នា។ ភាគីទាំងពីរនឹងអនុវត្តឲ្យបាន​ពេញលេញនូវ​អាហារូបករណ៍​រដ្ឋាភិបាល​ចិន ការ​បណ្តុះ​​បណ្តាលមន្រ្តី​បច្ចេកទេសវ័យក្មេង  សេវាវេជ្ជសាស្ត្រ ស្ម័គ្រចិត្ត។ល។ ភាគីទាំងពីរ​នឹង​​បន្តអនុវត្ត​ការ​អភិរក្ស និងការជួសជុល​សម្បត្តិ​បេតិកភណ្ឌអង្គរ បុរាណ ប្រាសាទព្រះវិហារ និងសម្បត្តិ​បេតិកភណ្ឌ​វប្បធម៌​ដទៃ​ទៀត​​នៅកម្ពុជា ។

សេចក្ដីថ្លែងការណ៍បានបន្ថែមថា ភាគីកម្ពុជាសូមបញ្ជាក់សាជាថ្មីនូវការប្រកាន់ខ្ជាប់នូវ គោលនយោបាយចិនមួយ ព្រម​ទាំង​ទទួល​ស្គាល់រដ្ឋាភិបាលសាធារណរដ្ឋប្រជាមានិតចិន ជា រដ្ឋាភិបាលស្របច្បាប់តែមួយគត់ តំណាងឱ្យប្រទេស​ចិន​ទាំងមូល ហើយតៃវ៉ាន់ជាផ្នែកសំខាន់ មួយ នៃបូរណភាពដែនដីរបស់ចិន។ ភាគីកម្ពុជាសូមប្រឆាំងចំពោះ​ការប្រ​កាស​ឯករាជ្យ របស់ តៃវ៉ាន់គ្រប់ទម្រង់ ព្រមទាំងបន្តគាំទ្រការអភិវឌ្ឍដោយសន្តិភាពនូវទំនាក់ទំនង​ចិន និងតៃវ៉ាន់ និងបុព្វហេតុក្នុងការបង្រួបបង្រួមចិន។ ចំណែក ភាគីចិនបានវាយតម្លៃយ៉ាងខ្ពស់ចំពោះការ​គាំទ្រ​ខាង​លើនេះ។

ភាគីទាំងពីសម្តែរងនូវការពេញចិត្តចំពោះស្ថិរភាពនិងការវិវត្តដ៏ប្រសើរនៃសភាពការណ៍​នៅ​សមុទ្រ​ចិនខាងត្បូង និងសូមអំពាវនាវឱ្យភាគីពាក់ព័ន្ធបន្តការអនុវត្តឱ្យពេញលេញនិងមាន ប្រសិទ្ធភាពនូវ​សេចក្តីថ្លែងការណ៍ស្តីពីការប្រតិបត្តិរបស់ភាគីនៅសមុទ្រចិនខាងត្បូង (DOC) ធ្វើ ឱ្យស៊ីជម្រៅនូវកិច្ចសហ​ប្រតិបត្តិការវិស័យសមុទ្រជាក់ស្តែង និងលើកកម្ពស់ការពិគ្រោះយោ បល់ ស្តីពីក្រមប្រតិបត្តិនៅ​សមុទ្រចិន​ខាង​ត្បូង(COC)។ ភាគីកម្ពុជាវាយតម្លៃខ្ពស់ និងគាំទ្រ សំណើរបស់ភាគីចិនសូមឱ្យបញ្ចប់កិច្ច​ពិគ្រោះ​យោបល់​សី្តពី COC ក្នុងរយៈពេល៣ឆ្នាំ ហើយ នឹងសហការជាមួយភាគីពាក់ព័ន្ធដើម្បីរក្សាការវិវត្តន៍ជា​វិជ្ជមាន​នៃកិច្ច​ពិគ្រោះ​យោបល់  ខិតខំ​សម្រេចឱ្យបានឆាប់នូវកិច្ចពិគ្រោះយោបល់នេះ ដោយឈរលើ​មូល​ដ្ឋាន​​កុ​ង​សង់​ស៊ីស​​​ទៅវិញ​ទៅមក និងកសាងសមុទ្រចិនខាងត្បូងឲ្យទៅជាសមុទ្រសន្តិភាព មិត្តភាព និងកិច្ចសហ​ប្រតិបត្តិការ ។

ភាគីទាំងពីរឯកភាពបន្តពង្រឹងការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការក្នុងក្របខ័ណ្ឌ មេគង្គ-ឡានឆាង  អាស៊ាន-ចិន អាស៊ីបូព៌ា កិច្ច​ប្រជុំ​​​កំពូល​អាស៊ី-អឺរ៉ុប និងបណ្តាក្របខ័ណ្ឌ ពហុភាគី ​រួមទាំង អង្គការ​​សហប្រជាជាតិ។ ភាគីទាំងពីរនឹងរួមគ្នា​ប្រកាន់​ខ្ជាប់នូវពហុភាគី និយម និងការពារប្រព័ន្ធ​ពាណិជ្ជកម្ម​​ពហុ​ភាគី ដែលមានអង្គការ​ពាណិជ្ជកម្ម​ពិភពលោក​ជាស្នូល។ ភាគីទាំងពីរនឹងជំរុញការ​បង្កើតទំនាក់ទំនង​អន្តរជាតិ ដែលមានការគោរពគ្នា​ទៅ​វិញ​ទៅមក មានយុត្តិធម៌ និងសមធម៌  និងកិច្ចសហប្រតិបត្តិការឈ្នះ-ឈ្នះ ដើម្បីកសាង សហគមន៍ ដែលមាន​ជោគ​វាសនារួម​​សម្រាប់​មនុស្សជាតិ ។

ក្នុងអំឡុងពេលទស្សនកិច្ចនេះ  ភាគីទាំងពីរបានចុះហត្ថលេខាលើឯកសារ​កិច្ចសហ​ប្រតិ បត្តិការ​លើវិស័យនានាស្តីពីការលើកកម្ពស់ជីវភាពប្រជាជន   ការដឹកជញ្ជូន និងហេដ្ឋារចនា សម្ព័ន្ធជាដើម ។

ភាគីទាំងពីរសម្តែងការពេញចិត្តចំពោះលទ្ធផលនៃដំណើរទស្សនកិច្ចរបស់សម្តេចតេជោ​​នាយករដ្ឋ​មន្រ្តី ហ៊ុន សែន និងយល់ស្របគ្នាថាដំណើរទស្សនកិច្ចនេះបានបន្ថែមកម្លាំងចលករ​ថ្មីក្នុងការអភិវឌ្ឍ​កិច្ច​​សហ​ប្រតិបត្តិការក្នុងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយកម្ពុជា-ចិន។

សម្ដេចអគ្គមហាសេនាបតី​តេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី ​នៃព្រះរាជាណាចក្រកម្ពុជា សូមថ្លែងអំណរគុណចំពោះភាគីចិន ដែលបានផ្តល់​បដិសណ្ឋារកិច្ចដ៏កក់ក្តៅ និងស្និទ្ធស្នាល​ក្នុង​​អំឡុង​​ពេលទស្សនកិច្ចនេះ៕

ដោយ អ៊ុន រិទ្ធី