អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ ចាត់តាំង​​លោកស្រី ដូរីន​ ឆិន ធ្វើ​ជាសហមេធាវីបរទេសថ្មី​​តំណាង​លោក នួន ជា

AKP ភ្នំពេញ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — អង្គភាព​គាំពារ​ការការពារក្តី​ នៃ​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា​ បានចាត់តាំង​​លោកស្រី ដូរីន​ ឆិន (Doreen Chen) ជនជាតិអូស្រ្តាលីឱ្យ​ធ្វើ​ជាសហមេធាវីបរទេសថ្មី​​តំណាង​លោក នួន ជា ក្នុង​សំណុំរឿង ០០២/០២។ នេះបើយោងតាមសេចក្ដីប្រកាសព័ត៌មានរបស់​អង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។

ក្នុងសេចក្ដីប្រកាសបានបញ្ជាក់ថា លោកស្រី ដូរីន​ ឆិន ជាមេធាវីជំនាញ​ផ្នែកសិទ្ធិ មនុស្ស​ ដែល​បាន​បម្រើការងារ​ជា​ទីប្រឹក្សាច្បាប់ជាន់ខ្ពស់​​​របស់លោក នួន ជា នៅ ​អង្គ​ជំនុំ​ជម្រះ​​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជាពីឆ្នាំ​២០១៤ ដល់ ឆ្នាំ២០១៨ ។ ការប្រកប​វិជ្ជាជីវៈ​​​​ផ្នែកច្បាប់​ជាក់ស្តែងដ៏ទូលំទូលាយ​​របស់​គាត់​ គឺផ្តោត​លើ​​​ការ​ធ្វើ​ជាតំណាង​ឱ្យ​​​​អ្នកការពារ​សិទ្ធិមនុស្ស​ដែលរងការ​ធ្វើទុក្ខបុកម្នេញ និង​សហគមន៍​ដែល​ងាយរង​​គ្រោះ​នៅ​ទ្វីប​អាស៊ី​​ រួមទាំង​​​នៅចំពោះ មុខ​ផ្នែក​​​​យន្តការសិទ្ធិមនុស្ស​​របស់អង្គការសហប្រជាជាតិ និងបំពេញមុខងារ​​ជា​​រដ្ឋអាជ្ញា​​នាំមុខ (Lead Prosecutor)​ នៅ​តុលាការ​​ប្រជាជន​អចិន្រ្តៃយ៍​​​​​​ស្តី​ពី​ប្រទេស​ភូមា។

លោកស្រី​​ក៏ជាសហ ស្ថាបនិក និង​​​​​សហ​នាយក​​ដឹក​នាំអង្គ​ការ​ក្រៅរដ្ឋាភិបាល​​​​​​​​ស្តីពី​​គោលដៅ​យុត្តិធម៌ ដែល​បម្រើ កិច្ចការ​​ផ្នែក​នីតិរដ្ឋ សិទ្ធិ​ទទួលបាន​យុត្តិធម៌ និង​​សិទ្ធិ​ទទួលបាន​​​​ព័ត៌មាន​នៅក្នុង​ប្រទេស​កម្ពុជា​ ព្រមទាំង​​កិច្ច​ការផ្សេងៗទៀត និងជា​​​​មន្រ្តីសម្របសម្រួល​​​​​ផ្នែកច្បាប់​អន្តរជាតិ​​​ជាមួយ​​​​សម្ព័ន្ធ​​សេរី​ជនជាតិ​​រ៉ូហ៊ីងយ៉ា។ ក្នុង​ចំណោម​ភារកិច្ច​​ជា​​ច្រើនទៀត លោកស្រី ដូរីន​ ឆិន ក៏ធ្លាប់​​​​​បំពេញ កិច្ចការ​​​​​ផ្នែក​ពិគ្រោះ​យោបល់ឱ្យការិយាល័យសិទ្ធិ​មនុស្ស​ អង្គការសហប្រជាជាតិ រួមទាំង​​​​បាន ជួយ​រៀបចំ​​​​សេចក្តី​ពន្យល់​នៃក្រមនីតិវិធីព្រហ្មទណ្ឌ​កម្ពុជា​​លើកទីមួយ។ ជាមួយគ្នានេះដែរ លោកស្រី ដូរីន​ ឆិន ក៏ធ្លាប់​បានបង្រៀន​​ច្បាប់​អន្តរជាតិ​ សិទ្ធិមនុស្ស និងវិទ្យាសាស្រ្ត​នយោ បាយ​​ នៅ​តាម​សាកលវិទ្យាល័យនានានៅ​ប្រទេស​កម្ពុជា​​ ប្រទេស​បារាំង និងប្រទេស​អូស្រ្តាលី ផងដែរ។ លោកស្រី​​ទទួលបាន​សញ្ញាប័ត្រ​ LL.M ពីសាកលវិទ្យាល័យ​កូឡំប៊ី​​ នៅក្នុង​ទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក និង​បាន​ទទួល​ការអនុញ្ញាតឱ្យ​​​​បំពេញ​​​ការងារ​នៅ​តុលាការ​កំពូល​នៃរដ្ឋ​​ New South Wales ក្នុងប្រទេស​អូស្រ្តាលី។

ក្នុងសេចក្ដីប្រកាសព័ត៌មានបានបន្ថែមថា លោកស្រី ដូរីន​ ឆិន នឹង​​បំពេញ​ភារកិច្ច​រួមគ្នា​ជាមួយ​សហមេធាវីជាតិ​លោក សុន អរុណ ដើម្បី​ធ្វើជាតំណាង​លោក នួន ជា នៅ​ចំពោះ​មុខអង្គ​ជំនុំជម្រះ​វិសាមញ្ញ​ក្នុង​តុលាការ​កម្ពុជា។ ចំពោះ​ការ​ចាត់តាំងនេះ អង្គភាព​គាំពារ​ការការពារក្តី​ បាន​​ពិចារណា​ដល់​​ការ​យល់​ព្រមទទួលយក​ពីសំណាក់លោក នួន ជា និង​​​ការ​លះបង់សិទ្ធិ​លើ​ទំនាស់ផលប្រយោជន៍​​ដែល​អាច​យកមកអនុវត្តន៍បាន៕

ដោយ អ៊ុន រិទ្ធី ​