មន្ទីរអប់រំយុវជននិងកីឡាខេត្តតាកែវ បើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ២០១៨ និងលើកទិសដៅអនុវត្តន៍ការងារឆ្នាំ២០១៩

AKP តាកែវ ថ្ងៃទី២៣ ខែមករា ឆ្នាំ២០១៩ — កាលពីព្រឹកថ្ងៃអង្គារ ២រោច ខែបុស្ស ឆ្នាំច សំរឹទ្ធិស័ក ព.ស ២៥៦២ ត្រូវនឹងថ្ងៃទី២២ ខែ មករា ឆ្នាំ២០១៩ នៅសាលប្រជុំសាលាសហសិក្សាមជ្ឈមណ្ឌលគរុកោសល្យភូមិ ភាគតាកែវ បានរៀបចំបើកសន្និបាតបូកសុរបលទ្ធផលការងារអប់រំយុវជន និងកីឡាឆ្នាំសិក្សា ២០១៨-២០១៩។ អញ្ជើញចូលរួមក្នុងពិធីនោះរូមមាន៖ លោក ឡោ វីរិទ្ធ ប្រធានមន្ទីរអប់រំ យុវជន និងកីឡាខេត្តតាកែវ​ ព្រមទាំងលោក  លោកស្រីជាអនុប្រធានមន្ទីរអប់រំយុវជន​និងកីឡា ខេត្តតាកែវ លោក លោកស្រីជាប្រធាន អនុប្រធានការិយាល័យអប់រំយុវជន និងកីឡា ស្រុក ក្រុង នាយក នាយករងសាលាទូទាំងខេត្តតាកែវ និងលោកគ្រូ អ្នកគ្រូ សរុបជិត ៤០០នាក់។

លោក ឡោ វីរិទ្ធ មានប្រសាសន៍ថា ប្រទេសមួយមានការសិក្សាអប់រំកាន់តែល្អប្រសើរ និងកាន់តែខ្ពស់ ប្រទេសជាតិនោះនឹងកាន់តែមានការអភិវឌ្ឍរីកចម្រើនយ៉ាងឆាប់រហ័ស ពោលគឺមានធនធានមនុស្ស វាជាគ្រឹះរឹងមាំនៃ ការអភិវឌ្ឍ។ សង្គមមួយមានការ អភិវឌ្ឍរីកចម្រើនខ្លាំងក្លា និងឆាប់រហ័ស វាអាស្រ័យលើប្រជាពលរដ្ឋនៃប្រទេសនោះមាន ចំណេះដឹងខ្ពង់ខ្ពស់ និងសម្បូរអ្នកចេះដឹង។ ដូច្នេះវាទាមទារឱ្យមានការសិក្សាអប់រំកាន់ តែខ្ពស់ផងដែរទើបអាចសម្រេចបាននូវភាពរីកចម្រើន និងការអភិវឌ្ឍនេះ។

លោក ឡោ វីរិទ្ធ  បានបន្តថា ក្រសួងអប់រំបានដាក់ចេញនិងធ្វើកំណែទម្រង់​ប្រព័ន្ធអប់រំ ដោយផ្តោតជាសំខាន់លើគុណភាពអប់រំ។ ដោយធ្វើយ៉ាងណាឱ្យធនធានមនុស្សនៅកម្ពុជា ក្លាយជាធនធានមនុស្សដែលពោរពេញទៅដោយសមត្ថភាព ចំណេះដឹងជ្រៅជ្រះ និងមានបទ ពិសោធន៍ខ្ពស់ នូវជំនាញពិតប្រាកដ។ ដើម្បីសម្រេចបានការធ្វើកំណែទម្រង់ប្រព័ន្ធ អប់រំ លុះត្រាបុគ្គលិកអប់រំទាំងអស់ ពិសេសលោកគ្រូ អ្នកគ្រូ និងនាយកសាលា នានា ត្រូវពង្រឹងនូវការគ្រប់គ្រងសាលាឱ្យមានវិន័យល្អ​ពិសេសលើគ្រូបង្រៀនតែម្តង។

លោកប្រធានមន្ទីរអប់រំយុវជន និងកីឡាខេត្តតាកែវ បន្តទៀតថា ក្នុងនាម យើងជាអ្នកបង្រៀន និងជាអ្នកអប់រំសិស្សានុសិស្សឱ្យក្លាយជាអ្នកចេះដឹង យើងត្រូវតែគោរព និងឱ្យតម្លៃទៅលើខ្លួនឯងជាមុនសិន។ ​ពិសេសគឺគោរពវិន័យឱ្យបានខ្ជាប់ខ្ជួន ព្រោះយើងជា គំរូសម្រាប់ឱ្យសិស្សគ្រប់គ្នាយកគំរូ និងរៀនសូត្រអនុវត្តន៍តាម ទើបធនធានមនុស្ស របស់ យើង មានគុណធម៌ សីលធម៌ល្អ។ មិនតែប៉ុណ្ណោះចំណេះដឹងដែលពួកគាត់ទទួល បានមកនឹង ចូល រួមធ្វើការអភិវឌ្ឍសង្គមជាតិរបស់យើងឱ្យមានការរីកចម្រើនទៅថ្ងៃអនាគត៕

ដោយ អ៊ុច សៀង